អ្នកតា​កែន​កោះស្លា​ទទួលបាន​ស្ពានបេតុង​ឆ្លងស្ទឹង​តម្លៃ​ជិត​បី​ម៉ឺន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​

438
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ​តាម​បណ្តា​ភូមិ​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង និង​ឃុំ​តា​កែន ស្រុក​ឈូក ព្រមទាំង​ភ្ញៀវ​ឆ្លងកាត់​តំបន់​ចុងកាត់មាត់ញក​មួយ​នេះ បាន​សម្តែង​ក្តី​រីករាយ​ពេល​ទទួល​ស្ពានបេតុង​ឆ្លងកាត់​ស្ទឹង​កោះស្លា​ប្រវែង​ជាង​៥០​ម៉ែត្រ ដែលមាន​តម្លៃ​ជិត​បី​ម៉ឺន​ដុល្លារ​សម្រាប់​ប្រើប្រាស់​ប្រចាំ​។​

​ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពានបេតុង​ឆ្លងកាត់​ស្ទឹង​កោះស្លា ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង និង​ឃុំ​តា​កែន ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ថា សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ​គឺជា​ការគិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ ហើយក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​កត្តា​សុខសន្តិភាព​ផងដែរ​។ ដោយឡែក​សម្រាប់​នៅទីនេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា​ចំនួន​២៦.៧១០​ដុល្លារ​អាមេរិក តាមរយៈ​លោក​ផ្ទាល់ ដើម្បី​សាងសង់​ស្ពានបេតុង​មួយ​ខ្សែ​ប្រវែង​៥៥​ម៉ែត្រ ទទឹង ៣,១០​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ កម្ពស់​៨​ម៉ែត្រ ឆ្លងស្ទឹង​កោះស្លា​បំណង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ប្រចាំថ្ងៃ ស្របតាម​សំណូមពរ​របស់​បងប្អូន​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង និង​ឃុំ​តា​កែន ស្រុក​ឈូក​នាពេល​កន្លងទៅ​។

​សូមបញ្ជាក់ថា ខណៈពេល​ឃើញ​ក្រុម​ជាង​ចាប់ផ្តើម​បញ្ចេញ​សកម្មភាព សាងសង់​ជា​ប្រភេទ​ស្ពានបេតុង នា​រយៈ​ប៉ុន្មាន​ខែ​កន្លងទៅនេះ ទាំង​ប្រជាពលរដ្ឋ ទាំង​សិស្សានុសិស្ស​បាន​សម្តែង​នូវ​សេចក្តី​អំណរ​សាទរ សប្បាយរីករាយ ព្រោះ​តាំងតែ​ពី​ដើម​រៀងមក​តំបន់​ចុងកាត់មាត់ញក​មួយ​នេះ មិន​ធ្លាប់មាន​សមិទ្ធផល​ប្រកបដោយ​គុណភាព​បែប​នោះឡើយ​។​

​អ្នកស្រី មឹន ផាវ អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត បាន​រៀបរាប់ថា អ្នកស្រី​សប្បាយរីករាយ​ណាស់ ដែល​បាន​ពេល​ឃើញ​លោក​អភិបាលខេត្ត ចុះមក​ធ្វើ​ស្ពាន​ឱ្យ​ប្រជាពលរដ្ឋ​នៅទីនេះ​។ កន្លងមក មានការ​លំបាក ពិសេស​ពេល​មាន​ទឹកជំនន់​ម្តងៗ កូនចៅ​ទៅ​រៀន ផ្លូវ​ពិបាក​ធ្វើដំណើរ​។ ឥឡូវ​ត្រេកអរ​មែនទែន ដែល​កូន​បាន​ទៅ​សាលារៀន​ងាយស្រួល​។ ចំណែក​អ្នក​នៅ​ខាងក្នុង​ក៏​មិន​ពិបាក​ចេញចូល​ដូច​មុន​ទៀត​ដែរ​។​

​បញ្ជាក់​ឱ្យដឹង​ស្រដៀង​គ្នា​នេះដែរ សិស្ស​វិទ្យាល័យ​ត្រពាំង​បី​ស្ថិតក្នុង​ឃុំ​តា​កែន​បាន​រៀបរាប់ថា កន្លងមក​ដោយសារតែ​ស្ពាន​មានការ​ខូចខាត ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​នៅពេល​មានទឹក​ជន​ន់​ម្តងៗ ធ្វើឱ្យ​ពួកខ្លួន​មិនអាច​ទៅ​រៀន​បាន​។ ពេលនេះ សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាល​ខេត្តកំពត ដែល​បាន​ជួយ​កសាង​ស្ពានបេតុង ឱ្យមាន​ភាពងាយស្រួល​ស​ម្រា​ប់​ការឆ្លងកាត់​ប្រចាំថ្ងៃ​៕