អ្នកទទួលបន្ទុក​ត្រូវ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ដែល​បាន​សន្យា​ឱ្យ​ហើយ​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​

254
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ព្រោះ​តែមាន​ភាពយឺតយ៉ាវ​ដោយ​មិនបាន​អនុវត្ត​ដូច​ពាក្យសន្យា​ក្នុងការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​កណ្តាល​ក្រុង​កំពត​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ផ្ទាល់​រួច​ជំរុញ​ដល់​អ្នកទទួលបន្ទុក​ព​ន្លឿ​ន​ការងារ​ឱ្យ​ហើយ​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្លូវ​ដ៏​យ៉ាប់យ៉ឺន​មួយ​ខ្សែ​ស្ថិតនៅ​ភូមិ​កំពង់បាយ​ខាងជើងសង្កាត់កំពង់បាយក្រុងកំពតកាលពីល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០១៩លោកជាវតាយអភិបាលខេត្តកំពតបានមានប្រសាសន៍ថា​ផ្លូវ​មួយ​ខ្សែ​នៅ​កណ្តាល​ក្រុង​បែបនេះ​មិនគួរ​បណ្តែត​បណ្តោយឱ្យ​ធ្លាក់​ក្នុងស្ថានភាព​លំបាក​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​ជាង​ផ្លូវ​នៅ​តំបន់​ចុងកាត់មាត់ញក​តទៅទៀត​នោះទេ​។​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អ្នកពាក់ព័ន្ធ​ដែល​ទទួលភារៈ​ស្ថាបនា​ផ្លូវ​ជា​ប្រភេទ​បេតុង​អា​មេនេះ​ត្រូវ​រូតរះ​បើក​ការដ្ឋាន​សាង់សង់​ដើម្បី​ឱ្យបាន​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់​។

​លោក​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ផងដែរ​ថា​មន្ត្រី​នៃ​អាជ្ញាធរ​សង្កាត់​ក៏ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ចាត់ចែង​កាប់ឆ្ការ​ព្រៃ សម្អាត​អនាម័យ​អម​សងខាង​ផ្លូវ ក៏ដូចជា​នៅ​បរិវេណ​ជុំវិញ​តំបន់​នេះ​ឱ្យ​ល្អ​ស្អាត មាន​សោភ័ណភាព និង​ដើម្បី​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ ព្រមទាំង​អ្នកដំណើរ​ទូទៅ​ផងដែរ​។

ពេល​ស្ថាបនា​រួចរាល់​រដ្ឋបាលខេត្ត​នឹង​បំពាក់​ភ្លើង​បំភ្លឺ​បន្ថែម​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​និង​លម្ហែ​កម្សាន្ត​ក្នុងពេល​រាត្រី​។​ជា​ភូមិសាស្ត្រ​នៅ​កណ្តាល​ក្រុង​មិនអាច​បណ្តែតបណ្តោយ​ឱ្យ​ទិដ្ឋភាព​គគ្រិច​ខ្វះ​អនាម័យ​និង​ភាព​ងងឹត​សូន្យសុង​កើតឡើង​បានទេ​។​មន្ត្រី​មូលដ្ឋាន​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​គិតគូរ​ជា​ចម្បង​ចំពោះ​បញ្ហា​នេះ​។​

​សូមបញ្ជាក់ថា​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ជា​ប្រភេទ​បេតុង​សរសៃដែក​ក្នុងភូមិ​កំពង់បាយ​ខាងជើង​សង្កាត់​កំពង់បាយ​ក្រុង​កំពត​មួយ​ខ្សែ​នេះ​មាន​ប្រវែង​៣៩៦​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​។​គម្រោង​ផ្លូវ​នេះ​ត្រូវ​ប្រើប្រាស់​ថវិកាបដិភាគរ​វាង​រដ្ឋបាល​សង្កាត់​កំពង់បាយ​និង​អ្នកវិនិយោគ​ផ្នែក​អចលនទ្រព្យ​មួយរូប​ក្នុង​មូលដ្ឋាន​ផ្ទាល់​តាមរយៈ​ពាក្យសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​បរិច្ចាគ​ដី​រយៈពេល​ជា​យូរ​មកហើយ​៕S/​