អ្នកទិញ​អីវ៉ាន់​ត្រូវ​បង់ប្រាក់​បន្ថែម​៤០០​រៀល បើ​ចង់​ប្រើ​ថង់​ប្លា​ស្ទិ​ក​

1176
ចែករម្លែក

ដោយ : វិបុល/ ​ភ្នំពេញ ៖ ដោយសារ​កំណើន​យ៉ាងខ្លាំង​នៃ​ថង់​ប្លា​ស្ទិ​ក ពោលគឺ​ក្នុង​១​ថ្ងៃៗ ថង់​ប្លា​ស្ទិ​ក​ប្រមាណ​១០​លាន​ថង់​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាននិងកំពុង​បង្ក​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សោភ័ណភាព​ទីក្រុង និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​បានសម្រេច​ថា “​ប្រជាពលរដ្ឋ​ដែល​ទិញ​ទំនិញ​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​នានា​ក្នុងប្រទេស​កម្ពុជា ហើយ​វេច​ខ្ចប់​ដោយ​ថង់​ប្លា​ស្ទិ​កមាន​ដៃ​យួរ នឹងត្រូវ​បង់ក​ម្រៃ​បន្ថែម ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​”​។​

​សេចក្តីសម្រេច​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ​នៃ​អនុក្រឹត្យ​១៦៨ ស្តីពី​ការគ្រប់គ្រង​ប្លា​ស្ទិ​ក និង​ប្រកាស​អន្តរក្រសួង​លើ​ការកំណត់​កម្រៃ​បន្ថែម​លើ​ការផ្តល់​ប្លា​ស្ទិ​ក​ដល់​អតិថិជន កាលពី​ថ្ងៃទី​២៣ មីនា កន្លងទៅនេះ​។​

​លោក ហេង ណា​រ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា យើង​នឹងធ្វើ​ការអនុវត្ត​ជា​លើកដំបូង​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តាម​ផ្សារ​ទំនើប​ទាំងអស់​សិន បន្ទាប់មក គឺ​គ្រប់​ផ្សារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ។​

​លោក​បន្ថែមថា ការតម្រូវ​ឲ្យ​ហាង​ទំនិញ​គិត​កម្រៃ​បន្ថែម​ពី​អតិថិ​ជននេះ មិនមែនជា​ការធ្វើ​អាជីវកម្ម​ដើម្បី​រក​ចំណូល​នោះទេ តែ​ជាការ​ពញ្ញាក់​ស្មារតី ក៏ដូចជា​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​គិតគូរ​ពី​បញ្ហា​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ។​

​លោក ហេង ណា​រ៉េត បន្តថា ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ​តទៅ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តាម​ផ្សារ​ទំនើប​ជាមុនសិន បន្ទាប់មក​ចាប់ពី​ឆ្នាំ​២០២០​ទៅ យើង​នឹង​បន្ត​គម្រោងការ​អនុវត្ត​នេះ​នៅតាម​ផ្សារ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​៕

​លោក​បញ្ជាក់ថា រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្ដល់​ថវិកា​ប្រមាណ​ជា​៨​ពាន់​លាន​រៀល ឬ​ស្មើនឹង​២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ជូន​ក្រុង​ចំនួន​២៦ សម្រាប់ធ្វើ​ការផ្គត់ផ្គង់ និង​ប្រមូល​សំរាម​ជា​រៀងរាល់ឆ្នាំ ។ ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទៀតផង ។ តាម​ការសិក្សា​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុង​ទីប្រជុំជន ក្នុង​មួយ​នាក់​ប្រើ​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​២​ពាន់​ថង់​ក្នុង​១​ឆ្នាំ ឬ​ប្រើ​ច្រើនជាង​៥​ថង់​ក្នុង​១​ថ្ងៃ​៕