អ្នកទិញ​អីវ៉ាន់​នៅ​កេ​ន​យ៉ា​ដែល​ចាប់បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​សាធារណៈ អាច​ជាប់គុក ៤ ឆ្នាំ ឬ ពិន័យ​ជិត ៤០.០០០ ដុល្លារ​

969
ចែករម្លែក

​ការហាម​ប្រាម​លើ​ថង់​ប្លា​ស្ទិ​កបាន​ចូល​ជាធរ​មាននៅ​ប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ក្នុងការ​ប្រឹងប្រែង​ដើម្បី​ពន្យឺតការ​បំពុលបរិស្ថាន ជាមួយ​ជនល្មើស​នឹងត្រូវ​ជាប់ពន្ធ​នាគារ ឬ​ពិន័យ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​

​ការហាមឃាត់​លើ​ការប្រើប្រាស់ ការផលិត និង​ការនាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ត្រូវបាន​អនុវត្ត​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​ទាត់ចោល​ការលើកឡើង​ដោយ​ក្រុម​អ្នក​អ្នក​នាំចូល ដែល​អះអាងថា ការងារ​នឹងត្រូវ​បាត់​បង់ហើយ​ជីវភាព​រស់នៅ​នឹងត្រូវ​រង​ការគំរាមកំហែង​។​

​ប្រទេស​រាប់សិប​បាន​ហាមឃាត់​ទាំងស្រុង រឹតត្បិត ឬ​ហូតពន្ធ​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ប៉ុន្តែ​ច្បាប់​ថ្មី​របស់​កេ​ន​យ៉ា​មាន​ភាព​តឹងរ៉ឹង​ខ្លាំង ជាមួយ​ការផាកពិន័យ​រហូតដល់ ៣៨.០០០ ដុល្លារ​និង​ទោស​ជាប់ពន្ធនាគារ ៤ ឆ្នាំ​។​

​កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ (UNEP) បាន​ប៉ាន់ប្រមាណ​ថា​ផ្សារ​ទំនើប​កេ​ន​យ៉ា​បាន​ចែកចាយ​ថង់​ប្លា​ស្ទិ​កបាន​ចំនួន ១០០ លាន​ជា​រៀងរាល់ឆ្នាំ​។​

​ប្រធាន​អង្គការ UNEP លោក អេ​រិ​ក សូល​ហេ​អ៊ី​ម (Erik Solheim) បាន​ស្វាគមន៍​ចំពោះ​ការហាមឃាត់​នេះ​ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។​

​ការហាមឃាត់​នេះ​ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅក្នុង​ខែកុម្ភៈ​ប៉ុន្តែ​បាន​ផ្អាក​រយៈពេល​៦​ខែ​ដើម្បី​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​និង​អ្នកលក់​របស់​កេ​ន​យ៉ា​សម្រប​ខ្លួន​ទៅនឹង​ច្បាប់​ថ្មី​នេះ​៕ ដោយ៖ កញ្ញាដាលីស

ថង់​ប្លា​ស្ទិ​ក ត្រូវបាន​ហាមឃាត់​ទាំងស្រុង​នៅ​កេ​ន​យ៉ា