អ្នកទេសចរ​បរទេសធ្លាក់ចុះ អន្តរក្រសួងចេញ​វិធាន​ការសម្រួល​!

196
ចែករម្លែក

ចាប់តាំងពី​ខែមករា​បន្ត​ដល់​ខែសីហា​ឆ្នាំ​២០១៩​នេះ​ចំនួន​អ្នកទេសចរ​បរទេស​ពិសេស អ្នកទេសចរ​បរទេស ទៅ​ទស្សនា​អង្គរវត្ត ខេត្តសៀមរាប បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ មូលហេតុ​នៃ​ការថយចុះ​ចំនួន​អ្នកទេសចរ​បរទេស​នេះ​ត្រូវបាន គេ​លើកឡើង​ផ្សេងៗ គ្នា តែ​យ៉ាងណាក៏ដោយ អន្តរក្រសួង ដែល​រួមមាន​ក្រសួង ទេសចរណ៍ ក្រ​សួ​អ​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានដាក់​ចេញ​នូវ​វិធាន ការ​មួយចំនួន ក្នុងការ​កែសម្រួល​បែបបទ​នៃ​ការធ្វើដំណើរ​របស់​អ្នកទេសចរ និង​អ្នក ដំណើរ នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ ទូទាំងប្រទេស​។​

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​១ ខែកញ្ញា​ឆ្នាំ​២០១៩​បង្ហាញថា រយៈ ពេល​ប្រាំបី​ខែ ចាប់ពី​ខែមករា​ដល់​ខែសីហា ឆ្នាំនេះ​មាន​អ្នកទេសចរ ជាង​មួយ​លានប្រាំ​សែន​នាក់​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ខេត្តសៀមរាប ដោយ​ទទួលបាន​ចំណូល​ជាង ៦៩​លាន​ដុល្លារ​។ ប៉ុន្តែ​ទាំង​ចំនួន​ទេសចរ និង​ទាំង ចំណូល ក្នុង​រយៈពេល ប្រាំបី​ខែ ឆ្នាំនេះ បាន​ថយចុះ​ជិត ១២% បើ​ធៀប​នឹង​រយៈពេល ប្រាំបី​ខែ ក្នុង​ឆ្នាំ​២០១៨​។​

​តារាង​ប្រចាំខែ​របស់​គ្រឹះស្ថាន​អង្គរ ដែល​បានបង្ហាញ​ពី​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បង្ហាញថា ចាប់តាំងពី​ខែមករា រហូតដល់​ខែសីហា ឆ្នាំ​២០១៩ ក្នុង​ខែ​នីមួយៗ បាន​ថយចុះ​ទាំង​ចំនួន​អ្នកទេសចរ និង​ថយ​ទាំង​ចំណូល​ប្រចាំខែ បើ​ប្រៀបធៀប​នឹង​ខែ​នីមួយៗ ក្នុង​ឆ្នាំ​២០១៨​។​

​ក្រុម​អ្នករកស៊ី​ខាង​វិស័យ​ទេសចរណ៍ ពិសេស​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋា​ន នៅ​សៀមរាប បានលើកឡើង​ពី​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​ចាប់តាំងពី​ដើម ឆ្នាំនេះ ធ្លាក់​ពី ១០ ទៅ ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ ការធ្លាក់ចុះ​អ្នកទេសចរ​នេះ មិនមែនជា​រឿង​ធម្មតា​នោះទេ​។ បច្ចុប្បន្ន អ្នករក​ស៊ីក្នុង វិស័យ​សណ្ឋាគារ សេវាកម្ម​ផ្សេងៗ រាប់ទាំង​សេវាកម្ម​ម៉ា​ស្យា រត់​ម៉ូតូ​កង់​បី​ក៏ត្រូវ​បាន លើកឡើងថា កំពុង​ជួប​បញ្ហា​ដែរ​។​

​មានការ​លើកឡើងថា បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ខ្ទង់​ជាង​ពីរម៉ឺន​បន្ទប់​ហើយ​ភ្ញៀវ មាន​ត្រឹមតែ បី​-​បួន​ពាន់​នាក់ គឺ​បង់ខាត ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​បុគ្គលិក ថ្លៃ​អគ្គិសនី និង​ចំណាយ​ផ្សេងៗ​។ ពោលគឺ​ត្រូវ​ខាត​រៀងរាល់ខែ​? ក្នុងនោះ សណ្ឋាគារ​ខាតបង់​រាប់ ម៉ឺន​ដុល្លារ ហើយ​សណ្ឋាគារ​ខ្លះ រ៉ាប់រង​ការខាតបង់​មិនបាន ក៏​បិទទ្វារ​ជា​បណ្តើរៗ​។​

​យ៉ាងណាក៏ដោយ ទិន្នន័យ​ភ្ញៀវទេសចរ នៅ​ទូទាំងប្រទេស​ត្រូវបាន​ក្រសួង​ទេស ចរណ៍ ប្រកាសថា មានការ​កើនឡើង​រហូត ចាប់តាំងពី​ដើមឆ្នាំ បន្ត​ដល់​ខែសីហា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក៏មាន​ការ​លើកឡើងថា ចិន ដែល​ចេញ​ចូលមក​ធ្វើការ​នៅ​ព្រះ សីហនុ ក៏​រាប់​ជា​អ្នកទេសចរ ហើយ​ភ្ញៀវ​ចេញចូល​នៅ​កំពង់ផែ​មួយ​ម៉ោង​ពីរ​ម៉ោង រាប់ពាន់​រាប់រយ​នាក់ ក៏​រាប់​ថា ភ្ញៀវទេសចរ​។

​ប៉ុន្តែ​មានការ​លើកឡើងថា ភ្ញៀវ​ចិន កើនឡើង​មែន បើ​រាប់​តាម​ក្រសួងទេសចរណ៍ តែ​ភ្ញៀវ​ចិន​មិន​ចំណាយ​ច្រើន​លើ​សណ្ឋាគារ​ទេ​។ ទន្ទឹមនឹងនោះ​ក៏មាន​ការលើក ឡើង​ថា សម្រាប់​ភ្ញៀវ​អឺរ៉ុប ភ្ញៀវ​កូរ៉េ ភ្ញៀវ​ជប៉ុន ឥណ្ឌា វៀតណាម និង​ប្រទេស​ផ្សេងៗ ទៀត គឺ​ធ្លាក់​ស្ទើរតែ​អស់​ទៅហើយ​។

​ជា​ដំណោះស្រាយ​ចំពោះមុខ​នេះ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង មហាផ្ទៃ ( អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​អគ្គនាយក ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ) បានរួម​គ្នា​សម្រួល​ដល់​ការធ្វើដំណើរ និង​កាត់បន្ថយ​របាំង មិនចាំបាច់ ដល់​ភ្ញៀវទេសចរ​អន្តរជាតិ ចូលមក​ទស្សនា​កម្ពុជា​យើង​ក្នុង​ការសម្រួល បែបបទ​នៃ​ការធ្វើដំណើរ​មួយចំនួន រួមមានៈ បែបបទ​នៃ​ការបំពេញ​សាលា​កប​ត្រ​ចូល ចេញ និង​ស្នើសុំ​ទិដ្ឋាការ ពេលមកដល់ ត្រូវបាន​បញ្ចូល​គ្នា តែមួយ​សន្លឹក​ដោយមាន ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។ ភ្ញៀវទេសចរ បំពេញបែបបទ​ចូល​តែម្តង​គត់​ហើយ ពេល​ត្រឡប់​ចេញទៅ​វិញ មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទៀត​ទេ និង​មិន​ត្រូវការ​រូបថត ឡើយ​។

​ក្រៅពីនោះ សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ របស់​ក្រសួងទេសចរណ៍ ក៏បាន​ប្រកាសថា ភ្ញៀវទេសចរ​បរទេស ដែលមាន​បំណង​ចូលមក​កម្ពុជា​ដោយ​ប្រើ ប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន នាំចូល​បណ្តោះអាសន្ន និង​ចេញ​ទៅវិញ​តាម ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ទូទាំងប្រទេស អាចបំពេញ​បែបបទ​ជាមួយ​មន្ត្រី​គយ តាម​ច្រកទ្វារព្រំដែន​តែម្តង​។ ក្នុងនោះ ភ្ញៀវទេសចរ មិនចាំបាច់​បង់ប្រាក់​ធានា និង​ថ្លៃ ធានារ៉ាប់រង​ឡើយ​។​

​ជាមួយនឹង​វិធានការ​នេះ ក៏​មានការ​លើកឡើងថា ពី​ការរៀបចំ​កញ្ចប់​ទេសច​រណ៍​ទៅ កាន់​តំបន់​ប្រវត្តិសាស្ត្រ​នានា ដូចជា នៅ​អន្លង់វែង វិមាន​ឈ្នះ​ឈ្នះ វិមាន ២​ធ្នូ​រួមទាំង តំបន់​ទេសចរណ៍ធម្មជាតិ ព្រៃភ្នំ ជាដើម​។ រីឯ​មធ្យោបាយ​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ កន្លែង​មួយ ក៏​គួរតែ​កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​ថវិកា​ផងដែរ​។​

​នៅ​សៀមរាប ក្រៅពី​នាំ​អ្នក​ទេសចរណ៍ ទស្សនា​ប្រាសាទ ដែល​បន្សល់​រាប់រយ​ពាន់ ក្រសួងទេសចរណ៍ និង​វិស័យ​ឯកជន ក៏​គួរតែបង្កើត​ផលិតផល​ថ្មី​សម្រាប់​ទាក់ទាញ ភ្ញៀវទេសចរ​។ ហេដ្ឋារចនាសម្ព័ន្ធ ក៏​គួរតែ​ធ្វើឱ្យបាន​ស្អាត សូម្បី​ស្ទឹង​សៀមរាប ធ្វើឱ្យ​ស្អាត ដែល​អាច​ឲ្យ​អ្នកទេសចរ ជិះទូក​លេង​បាន​។ ដោយឡែក​តម្លៃ​សេវា​លើ​អ្នក ទេសចរ​បរទេស ក៏​គួរតែ​កុំ​កាប់​កោរ ពោលគឺ​ឃើញ​អ្នកទេសចរ​បរទេស​ពិសេស​ក្រុម អ្នកទេសចរ​អឺរ៉ុប អាមេរិក ស្បែ​កស កុំ​ប្រៀប​ដូចនឹង​សាច់ជ្រូក​បី​ជាន់​។ សន្តិសុខ សុវត្ថិភាព ក៏​ជា​កត្តា​ចម្បង​មួយ​ដែរ​។​

​សរុបមក ដើម្បី​រក្សា​កំណើន​ទេសចរណ៍ ដែលមាន​សារសំខាន់ សម្រាប់​សេដ្ឋកិច្ចយើង​មិនគួរ​នាំ​ផ្តេកផ្តួល​ជាមួយ​ភាពជោគជ័យ ហើយ​លាក់បាំង​ព័ត៌មាន​នាំឱ្យ​ការវិនិច្ឆ័យ និង​ការដាក់ចេញ​នូវ​ដំណោះស្រាយ ខុស​នោះទេ​។ ផ្ទុយទៅវិញ​ទាំង​ក្រសួងទេសចរណ៍ ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី រួមទាំង​វិស័យ​ឯកជន​ពិសេស នៅ​ខេត្ត សៀមរាប គួរតែ​ជួបគ្នា​អង្គុយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នាំ​ឲ្យ​ទេសចរ ធ្លាក់ចុះ ហើយ​ដាក់ចេញ​នូវ​ដំណោះស្រាយ​។ នោះ​ទើប​ជាការ​ប្រសើរ​៕ ដោយ​:​ម៉េង​ឆៃ​

#