អ្នកទេសចរ​ពី​៣០​ទៅ​៤០​ភាគរយ​បាន​ស្គាល់​សហគមន៍​អេកូ​ទេសចរណ៍​កម្ពុជា​

942
ចែករម្លែក
  • 61
    Shares

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ទោះបី​សហគមន៍​នេសាទ សហគម​ព្រៃឈើ សហគម​អេកូ សហគម​អភិរក្ស​ដែន​ជុំរក​សត្វព្រៃ សត្វ​ស្លាប សហគម​ទេសចរណ៍​នានា​ស្ថិតក្រោម​ក្រសួង​បី​គឺ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន​និង​ក្រសួងទេសចរណ៍​ក្តី ក៏​គោលនយោបាយ​ជាតិ​មួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​សហគមន៍​ទាំងអស់ ក្លាយទៅជា​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ជំរុញ​ឲ្យ​សហគមន៍​ទាំងនេះ បើកទូលាយ​ឲ្យ​មាន​លំហូរ​ទេសចរ​ចូល​ទស្សនា​កំសាន្ត​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ទេសចរ​ចូល​កំសាន្ត ប្រសើរ​ជាង​ទុកចោល​ឲ្យ​សហគមន៍​មួយចំនួន​អភិរក្ស គ្មាន​បាន​ប្រាក់ចំណូល​ទាល់តែសោះ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លើកឡើង​ក្នុង​អង្គប្រជុំ​អន្តរក្រសួង​កាលពីពេល​ថ្មីៗ​នេះ​ថា យោងតាម​ច្បាប់​ទេសចរ​ណ៍ សហគមន៍​ទេសចរណ៍​សំដៅ​ដល់ទី​តាំង​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​រៀបចំ​ដោយ​សហគមន៍​មូលដ្ឋាន​ខ្លួនឯង​ផ្ទាល់ ឬ​ដោយមាន​កិច្ចសហប្រតិបត្តិការ ដើម្បី​ពង្រឹង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍ និង​បំរើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាមរយៈ​ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។ ផ្តល់ឱកាស​ការងារ​កា​ត់​បន្ថយ​ការធ្វើ​ចំណាកស្រុក​ពី​ជនបទ​មកកាន់​ទីក្រុង​។​

​លោក​ថា បច្ចុប្បន្ន​កម្ពុជា​មា​នស​ហគ​មន៍​ទេសចរណ៍​៥៦​កន្លែង ក្នុង​ខេត្ត​១៦ ក្នុងនោះ​មាន​សហគមន៍​ទេសចរណ៍​បែប​ធម្មជាតិ​២៤​កន្លែង​, អេកូ​ទេសចរណ៍​២៤​កន្លែង​, វប្បធម៌ ធម្មជាតិ​២​កន្លែង​, វប្បធម៌​ប្រវត្តិសាស្ត្រ​១​កន្លែង និង​កែច្នៃ​១​កន្លែង​។ សហគមន៍​ទាំងអស់នេះ បាន​ស្រូបយក​ភ្ញៀវទេសចរ​បាន​ពី​៣០​ទៅ​៤០​ភាគរយ​នៃ​ទេសចរ​សរុប​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា បញ្ហា​សហគមន៍​ទេសចរណ៍​នេះ កន្លងមក​ក្រសួងទេសចរណ៍​បានធ្វើ​ច្រើន​មកហើយ ទៅលើ​បទដ្ឋាន​គតិយុត្តិ​។ ក្រសួងបរិស្ថាន​អរគុណ​ណាស់ ដែល​បាន​សហការ​ប្រែក្លាយ​ឲ្យ​អេកូ​ទេសចរណ៍​គ្រប់គ្រង ដោយ​ក្រសួងបរិស្ថាន​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ដល់​សមាជិក​សហគមន៍ តាមរយៈ​កៀងគរ​ភ្ញៀវទេសចរ និង​មានអំណាច​ក្នុង​មូលដ្ឋាន​របស់ខ្លួន ក្នុងការ​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​ច្លួ​ន​រស់នៅ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ថ្មីៗ​នេះ​ក្រសួង​បាន​បង្កើត​មូលនិធិ​បរិស្ថាន​សង្គម​មាន​ខ្ទង់​ថវិកា​សំរាប់​ទ្រទ្រង់​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​សហគមន៍​ទេសចរណ៍​នីមួយៗ បើសិនជា​សហគមន៍​ទេសចរណ៍​ណាមួយ ត្រូវការ អាច​ស្នើសុំ​បាន​ទៅតាម​ភូមិសាស្ត្រ​ជាក់ស្តែង​។ សហគមន៍​អេកូ​ទេសចរណ៍ គឺជា​ផ្លូវ​រទេះភ្លើង​សំរាប់​រុញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​លឿន​ផុត​ចេញពី​ព្រៃ​។ យើង​ក៏​លុបបំបាត់​នូវ​អំពើ​អសកម្ម​ទាំងឡាយ​នៅតាម​សហគមន៍​អេកូ​ទេសចរណ៍​ខ្លះៗ ដែល​កើតមាន និង​ជួបប្រទះ​កន្លងមក​។ តាម​ការសង្កេត​ឃើញរ​បស់​ក្រសួង គឺមាន​សហគមន៍​មួយចំនួន​អនុវត្ត ដឹកនាំ គ្រប់គ្រង​ល្អ​បាន​រកប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ប្រមាណ​១០​ទៅ​២០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ ខ្លះ​ឈាន​បាន​៣០​ទៅ​៤០​ម៉ឺន​ដុល្លារ​ទៀតផង​៕