អ្នកទោស​ជនជាតិខ្មែរ​ជិត​បី​ពាន់​នាក់​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​

710
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកទោស​ជនជាតិខ្មែរ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប ២៩១០​នាក់ (​ស្ត្រី​ចំនួន​២៦៩​នាក់ និង​បុរស​ចំនួន ២៦៤១​នាក់​)​។ ដោយ​ក្នុងនោះ មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ​មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​។​

ជនជាតិខ្មែរ​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​ថៃ​នាពេល​កន្លងមក (​រូប​ថ​តៈ​ឯកសារ​)​

​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា កន្លងមក​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ចុះសួរសុខទុក្ខ​ទណ្ឌិត តាម​មន្ទីរឃុំឃាំង​ជា​រៀងរហូត​។ ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​អនុវត្តតាម​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​អ្នកទោស​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​។​

​ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា ទី​១- បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទល្មើស​នោះ ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​មួយឆ្នាំ​ទ្បើង​ទៅ​។ ទី​២- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រាតែ​ទណ្ឌិត​នោះ ត្រូវ​ជាប់ទោស ២/៣ នៃ​ទោស​រួម និង​ទី​៣- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រាតែ​សា​ម៉ី​ខ្លួន​ស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​។ កន្លងមក​មាន​អ្នកទោស​ខ្លះ ជា​ជនជាតិ​វៀតណាម ហើយ​សុំ​ផ្ទេរ​មក​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ប៉ុន្តែ​ករណីនេះ ស្ថានទូត​មិនអាច​ដោះស្រាយ​បានទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នកទោស​នោះ​ថា គាត់​សញ្ជាតិ​អ្វី​ពិតប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយបាន​លុះត្រាតែ​អ្នកទោស​នោះ ជា​ជនជាតិខ្មែរ​។​

​ស្ថានទូត​បាន​បន្តថា មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយផ្ទាល់​មាត់​។ លុះដល់​ស្ថានទូត ឲ្យ​ធ្វើ​ពាក្យស្នើសុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរជា​គាត់​មិន​ព្រម ធ្វើលិខិត​ស្នើសុំ​ទាល់តែសោះ​។ ស្ថានទូត មិនអាច​បង្ខិតបង្ខំ​ទណ្ឌិត ឲ្យ​ផ្ទេរ​មក​កម្ពុជា​បានទេ បើ​សា​ម៉ី​ខ្លួន​មិន​ស្ម័គ្រចិត្ត ផ្ទេរ​មក​កម្ពុជា​។ ជាទូទៅ​មានទោស​ជនជាតិខ្មែរ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ មាន​ចំនួន​សរុប ២៩១០​នាក់ (​ស្ត្រី​ចំនួន​២៦៩​នាក់ និង​បុរស​ចំនួន ២៦៤១​នាក់​)​។ ស្ថានទូត​បានចេញ​លិខិត​តាម​សំណូម​របស់​សាច់ញាតិ ដើម្បី​សួរសុខទុក្ខ​អ្នកទោស​ខ្មែរ ដែល​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​សរុប​ចំនួន​២២​ច្បាប់​៕ ល​