អ្នកធ្វើអាជីវកម្ម​សម្បុ​ក​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​ស្នើ​រាជរដ្ឋាភិបាល​ជួយ​ជំរុញ​ការនាំចេញ​

1279
ចែករម្លែក
  • 8
    Shares

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អ្នកធ្វើអាជីវកម្ម​សម្បុ​ក​ទឹកមាត់​ត្រចៀកកាំ​នៅ កម្ពុជា​បាន​ស្នើ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ជំរុញ ការនាំចេញ​ផលិតផល​ដ៍​មានតម្លៃ​នេះ​ទៅកាន់ ទីផ្សារ​​អន្តរជាតិ​ជាពិសេស​គឺ​ប្រទេស​ចិន​ដែលជា​ទីផ្សារ​ធំជាងគេ ដើម្បី​រួមចំណែក​បង្កើន​ចំណូល​​សេដ្ឋកិច្ចជាតិ​។​

លោក មៀ​វ សុខ​ទ្រី ​អគ្គលេខាធិការ នៃ​សហព័ន្ធ​ត្រចៀកកាំ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន បេស​ឡាយ​ហ៍​ប្រដាក​ដែល​នាំមុខគេ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការធ្វើ​អាជីវកម្ម​សម្បុក​ទឹកមាត់​ត្រចៀកកាំ​នៅ​ទូទាំងប្រទេស​មកដល់ពេលនេះ គឺមាន​ការកើនឡើង​យ៉ាងខ្លាំង​។ ដូច្នេះហើយ​រដ្ឋាភិបាល​ត្រូវ​ជួយ​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ដ៏កម្រ​នេះ ឲ្យ​បាន​ឲ្យ​បាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជាពិសេស គឺ​ទីផ្សារ​ប្រទេស​ចិន ដើម្បី​បាន​ចំណូល​ដល់​ថវិកាជាតិ​។​

ការស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ក្នុងការ​នាំចេញ​នេះ​លោក​បាន​បញ្ជាក់ថា គឺ​ដោយសារតែ​អ្នកធ្វើអាជីវកម្ម​សម្បុក​ទឹកមាត់​ត្រចៀកកាំ នៅ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងច្រើន​គួរ​ឲ្យ​កត់ សម្គាល់​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មានផ្ទះ​ត្រចៀកកាំ​ប្រមាណ​ពី​ពីរ​បី​ពាន់​កន្លែង​ដែល​ក្នុងនោះ មាននៅ​បណ្តា​ខេត្ត កំពង់ចាម, ​កែប​, ​កំពត​, ​កោះកុង​,​ព្រះសីហនុ​,​ រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

លោក សុខ​ទ្រី បាន​បញ្ជាក់ថា សម្បុក​ទឹកមាត់​ត្រចៀកកាំ​បច្ចុប្បន្ន គឺមាន​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់​។ សម្បុក​ដែល​ស​ម្ងួ​ត​រួច​ទៅជា​ផលិតផល​សម្រេច​ហើយ​នោះ ក្នុង​មួយ​គីឡូក្រាម​តម្លៃ​មាន​ពី​២​ទៅ​៣​ពាន់​ដុល្លារ​។ ក្រុមហ៊ុន​របស់លោក​ក​ន្ល​ង​មក​ធ្លាប់បាន​នាំចេញ​ផលិតផល​​នេះ​ចំនួន៦០​ភាគរយ​ទៅកាន់​ប្រទេស​ជប៉ុន​,​ តៃវ៉ាន់ និង​ហុងកុង​ហើយ​ចំនួន ៤០​ភាគរយ​គឺ​បាន​កែច្នៃ​ធ្វើជា​ទឹក​ត្រចៀកកាំ​ដប ​និង​ធ្វើជា​សម្ភារ​:​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។ សម្បុក​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​មានគុណ​ភាពល្អ​ជាងគេ​បំផុត​សម្រាប់​យក ទៅប្រើ​ប្រាស់​ក្នុងការ​លើកកម្ពស់​សុខ​ភាព​។​

​លោក​បាន​ឲ្យ​ដឹងថា ឥឡូវនេះ​អ្នកធ្វើអាជីវកម្ម​ភាគច្រើន នៅ​ប្រទេស​កម្ពុជា​បានស្នើ​រាជរដ្ឋាភិបាល​ត្រូវ​ជំរុញ​ឲ្យ​មានការ​នាំចេញ សម្បុក​ទឹកមាត់​ត្រចៀកកាំ​នេះ​ដោយបាន​ច្រើន​ហើយ​ស្របច្បាប់​ដែល​ក្នុងនោះ​សំខាន់ គឺ​នាំទៅ​ប្រទេស​ចិន​ដែល​គេ​ដឹងថា​គឺជា​ទីផ្សារ​ធំ​បំផុត​។​

អ្នកធ្វើអាជីវកម្ម​សម្បុ​ក​ទឹកមាត់​ត្រចៀកកាំ​រូប​នោះបាន​បញ្ជាក់ថា ទិន្នផល​សម្បុក​ទឹកមាត់​​ត្រចៀកកាំ​នៅ​កម្ពុជា​ក្នុង​មួយឆ្នាំ​មាន​ពី ១០​ទៅ ២០​តោន​។ ប៉ុន្តែ​ប្រសិនបើ​មាន​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​មានការ​នាំចេញ​ស្របច្បាប់​បាន​លឿន នោះ​អាច​នឹង​ជួយ​លើកទឹកចិត្ត​ដល់​អ្នកធ្វើអាជីវកម្ម​ហើយ​ឈានទៅ​បង្កើន​ទិន្នផល​បាន​រហូត​ទៅដល់ ១០​ដង​ក្នុង​មួយឆ្នាំ​ដែល​អាចមាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ប្រមាណ ៣០០​លាន​ដុល្លារ​ឯណោះ​។​

លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ឲ្យ​ដឹងថា ក្រសួងកសិកម្ម​គឺ​ស្វាគមន៍​ចំពោះ​សំណើ​របស់​អ្នកធ្វើអាជីវកម្ម​សម្បុក​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​។ ជាមួយ​នោះ​ក្រសួង​ជម្រុញ​ឲ្យ​អ្នកធ្វើអាជីវកម្ម​សម្បុក​ទឹកមាត់​ត្រចៀកកាំ​ទាំងអស់​នៅ​កម្ពុជា ​ត្រូវ​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម​ឲ្យ​បាន​ឆាប់​បំផុត​ដែល​អាចធ្វើ​ទៅបាន​។​

អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ផ្តើមចេញពី​ការចុះបញ្ជី​នៅ​រដ្ឋបាល​ព្រៃឈើ​បាន​ត្រឹមត្រូវ​ហើយ​នោះ ក្រសួងកសិកម្ម​នឹងមាន​មូលដ្ឋាន​គ្រិះ​ជួយ​សម្របសម្រួល​បង្កលក្ខណៈ ​គ្រប់បែបយ៉ាង​រាប់ទាំង​ការងារ​បច្ចេកទេស និង​ការអនុវត្ត​ផ្លូវច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ សម្បុក​ទឹកមាត់​ត្រចៀកកាំ​នេះ​។​

លោកមៀ​វ សុខ​ទ្រី ដែល​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ពី​ផលប្រយោជន៍ នៃ​សម្បុក​ទឹកមាត់​ត្រចៀកកាំ​នៅ​បណ្តា​ប្រទេស​មួយចំនួន​នោះបាន​ឲ្យ​ដឹងថា ប្រទេស​ម៉ាឡេស៊ី​ការនាំ​ចេញ​​សម្បុក​ទឹកមាត់​ត្រចៀកកាំ​គឺ​ទទួលបាន​ថវិកា ១៥​ភាគរយ​នៃ​ចំណូល​សេដ្ឋកិច្ចជាតិ​។ រីឯ​ប្រទេស​វៀតណាម​គឺ​កំពុងតែ​អនុវត្ត​ផែនការ​សាងសង់​ផ្ទះ​ត្រចៀកកាំ​ឲ្យ​បាន​ដល់​ទៅ ប្រាំ​ម៉ឺន​កន្លែង​នៅ​ឆ្នាំ​២០២០ ដើម្បី​បម្រើ​ឲ្យ​ការនាំចេញ​សម្បុក​ទឹកមាត់​ត្រចៀកកាំ​៕B/


#