អ្នកធ្វើ​សង្ហារិម​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​កិច្ចការពារ​ចម្ការ​ផ្តៅ និង​កម្លាំង​សម្រាប់​ផលិត​

660

(​កំពត​)៖ ក្រុម​អ្នក​ផលិត​សង្ហារិម​អំពី​ផ្តៅ​បាន​ត្អូញត្អែរ​នូវ​ការលំបាក ព្រោះតែ​សកម្មភាព​បំផ្លាញ​រុក្ខជាតិ ដែលជា​វត្ថុធាតុដើម​នេះ ក្នុង​គោលដៅ​យក​ដី​សហគមន៍​កាន់កាប់​ជា​កម្មសិទ្ធិ​។ កង្វះ​កម្លាំង​ផលិត​ក៏​ជា​ចលករ​ដែលនាំឱ្យ​កើតក្តី​ព្រួយបារម្ភ​ពី​ការបាត់បង់​សកម្មភាព​ផលិត​សង្ហារិម​ប្រភេទ​ផ្តៅ​នេះ​ផងដែរ​។​

​លោក រដ្ឋ រ៉ែ​ម ប្រធាន​ក្រុម​ផ្តៅ នៃ​សហគមន៍​ព្រៃឈើ​ព្រែក​ត្នោត ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ បាន​រៀបរាប់ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការបំពាន​កាន់កាប់​ដី​សហគមន៍​ពី​ជនខិលខូច បាន​បង្ក​ការលំបាក​ដល់​ក្រុម​ផ្តៅ ព្រោះតែ​ការកាប់បំផ្លាញ​ដោយ​គ្មាន​សោកស្តាយ ចំពោះ​កិច្ចខិតខំ​បណ្តុះ ដាំ និង​ថែរក្សា​ជា​យូរ​មកហើយ​។ មុននឹង​ទទួលផល​ប្រកបដោយ​គុណភាព ដែល​អាច​យកមក​ធ្វើជា​របស់របរ​ប្រើប្រាស់​តាម​គេហដ្ឋាន និង​កន្លែង​នានា​បាន​នោះ សមាជិក​ក្រុម​ត្រូវ​បណ្តុះ ដាំ ថែទាំ​រុក្ខជាតិ​នេះ​ក្នុង​រយៈពេល​យូរ ហើយ​លំបាក​ទៀតផង​។

​ជាមួយគ្នានេះដែរ លោក​ប្រធាន​ក្រុម​ផ្តៅ​បាន​ត្អូញត្អែរថា បច្ចុប្បន្ន ការផលិត​ក៏​ពិបាក​រក​កម្លាំង​ដែរ​ព្រោះ​មុននឹង​បាន​របស់របរ​ទាំងនេះ​មួយ​សម្រាប់ៗ​ត្រូវ​ចំណាយពេល​យូរ ហើយ​ទទួល​កម្រៃ​តិចតួច​ណាស់​បើ​ប្រៀបធៀប​ការងារ​នៅ​រោងចក្រ​។ ដោយសារ​ជួប​បញ្ហាលំបាក​ទាំងនេះហើយ ទើប​មកដល់​សព្វថ្ងៃ​អ្នក​ផលិត​សង្ហារិម​ក្នុងភូមិ​ព្រែក​ត្នោត នៅ​មានតែ​ប្រាំមួយ​គ្រួសារ​ប៉ុណ្ណោះ ក្រោយពី​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​២០០៧​មក​នោះ​។ សង្ហារិម​ធ្វើ​ពី​ផ្តៅ​ត្រូវ​ផ្ចិតផ្ចង់ បង្កើត​ក្បាច់ក្បូរ​សម្រិតសម្រាំង​បំផុត​។

​លោក រដ្ឋ រ៉ែ​ម បាន​ប្រាប់​ពី​តម្លៃ នៃ​ផលិតផល​សង្ហារិម​រប​ស់​សមាជិក​សហគម៍​ថា សា​ឡុង​មួយ​សម្រាប់​តម្លៃ​៦០​ម៉ឺន​រៀល កៅអី​មួយ​បួន​ម៉ឺន​រៀល ធ្នើ​ដាក់​សម្ភារៈ​តម្លៃ​ពី​ពីរម៉ឺន​រៀល ទៅ​បួន​ម៉ឺន​ប្រាំ​ពាន់​រៀល​តាម​ប្រភេទ​។​

​លោក ម៉ាត់ ហ៊ីម សមាជិក​ក្រុមប្រឹក្សាឃុំ​ព្រែក​ត្នោត បាន​បញ្ជាក់ថា មកដល់​សព្វថ្ងៃនេះ ទាំង​កិច្ចការពារ​ព្រៃឈើ ទាំង​ការផលិត​សម្ភារៈ​ផ្សេងៗ របស់​ក្រុម​ផ្តៅ នៃ​សហគមន៍​ព្រៃឈើ​ព្រែក​ត្នោត ហាក់ដូច​ជាមាន​សកម្ម​ភាព​តិចតួច​ណាស់​។ កត្តា​ដែលនាំឱ្យ​ភាពអវិជ្ជា​មាន​ទាំងនោះ​កើតឡើង ព្រោះតែ​សកម្មភាព នៃ​ការ​សម្រុក​ដណ្តើម​គ្នា​កាន់កាប់​ដី​រួម​។

​សមាជិក​ក្រុមប្រឹក្សាឃុំ​រូបនេះ បាន​បន្តថា ក្នុងចំណោម​ដី​សហគមន៍​ព្រៃឈើ​២.០០៦​ហិកតា ទាំង​អ្នក​មកពី​ក្រៅ ទាំង​សមាជិក​សហគមន៍​ចេះតែ​ដើរ​ចង្អុល​ថា ជា​របស់ខ្លួន​រហូត​ឈានទៅ​វាស់វែង​រួចរាល់ ប៉ុន្តែ​គណៈកម្មការ​ជំនាញ​មិនទាន់​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​នៅឡើយ​ទេ​។

​លោក​ម៉ាត់ ហ៊ីម បានបញ្ជាក់​ផងដែរ​ថា កាលពី​សកម្មភាព​ផលិត​សង្ហារិម ឬ​សម្ភារៈ​ផ្សេងៗ​ធ្វើ​ពី​ផ្តៅ​នៅ​ដំណើការ​ល្អ​នោះ ឃើញថា បន្ថែម​ពីលើ​មុខរបរ​ស្រែចម្ការ នេសាទ​សមុទ្រ ការងារ​នេះ​បានធ្វើឱ្យ​ជីវភាព​គ្រួសារ​ពួកគាត់​ធូរធារ​មួយកម្រិត​ផងដែរ​៕L ដោយ​៖ បូកគោ​