អ្នកនយោបាយ​ស្តាំនិយម​អូស្ត្រាលី​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ដោយ​ស្លៀកពាក់​ឈុត​អ៊ីស្លាម​បិទមុខ​ជិតឈឹង​ចូលក្នុង​ព្រឹទ្ធសភា​

1019
ចែករម្លែក

​មេដឹកនាំ​គណបក្ស​ជាតិ​មួយ (One Nation) លោកស្រី ផូ​លីន ហាន​សុន (Pauline Hanson) បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​នៅ​ព្រឹទ្ធសភា ដោយ​ដើរចូល​ក្នុង​បន្ទប់ ទាំង​ពាក់​ស្បៃ​មុខ​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​កាលពី​ថ្ងៃទី ១៧ សីហា​។​

​ព្រឹទ្ធសមាជិក​រដ្ឋ​ឃ្វី​នស៍​លែ​ន ដែល​និយាយ​មិន​សំចៃមាត់​អំពី​ការជំទាស់​នឹង​ឈុត​អ៊ីស្លាម​គ្រប​មុខ​ជិត​នេះ (Burqa) ត្រូវបាន​ផ្តិតរូប​ភាពជា​ប់​ក្នុង​ឈុត​សម្លៀកបំពាក់​អ៊ីស្លាម​នេះ នៅពេល​លោកស្រី​បង្ហាញខ្លួន​នៅ​ម៉ោង​សួរ​សំណួរ​របស់​សមាជិកសភា​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា​។​

​ដោយ​ឈរ​ក្នុងការ​ថ្លែង​ទៅកាន់​ព្រឹទ្ធសភា លោកស្រី​ហាន​សុន​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ហាមឃាត់ “​ការ​ស្លៀកពាក់​គ្រប​ជិត​មុខ​” យ៉ាង​ពេញទំហឹង​។​

​លោកស្រី​បាន​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​បែបនេះ នៅមុខ​ការពិភាក្សា​ស្តីពី​ការពាក់​ឈុត​គ្រប​មុខ​ជិតឈឹង​នៅ​ទីសាធារណៈ​។​

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ក្នុង​ការដកចេញ​នូវ​ឈុត​នេះ ពី​ព្រោះនេះ​មិនមែនជា​អ្វីដែល​គួរតែមាន​នៅក្នុង​សភា​នោះទេ​”​។​

​ការ​ស្លៀកពាក់​របស់លោក​ស្រី​បានទទួល​ឆ្លើយតប​វិញ​ជាមួយនឹង​សំណើច​និង​កំហឹង ដោយ​ជំរុញ​ឱ្យ​ប្រធានព្រឹទ្ធសភា​លោក ស្តេ​ហ្វេ​ន ផា​រី (Stephen Parry) អំពាវនាវ​ឱ្យមាន​សណ្តាប់ធ្នាប់​។​

​លោកស្រី​និយាយថា “​ដើម្បី​សន្ដិសុខ​ជាតិ​របស់​ជាតិ​យើង តើ​អ្នក​នឹងធ្វើ​ការងារ​ដើម្បី​ហាមឃាត់​ឈុត Burqa នៅក្នុង​ប្រទេស​អូស្ត្រាលី​បានទេ​?”​។​

​លោកស្រី​បន្តថា “​មានការ​គំរាមកំហែង​ចំនួន ១៣ ករណី​ប្រឆាំងនឹង​ពួកយើង ជាមួយ​អំពើ​ភេរវកម្ម​ចំនួន​៣​បានទទួល​ជោគជ័យ ហើយ​ប្រជាជន​អូស្ត្រាលី​ជា​អ្នក​បាត់​បង់ជីវិត​។ ភេរវកម្ម​គឺជា​ការគំរាមកំហែង​ពិតប្រាកដ​ដល់​ប្រទេស​របស់​យើង​។ ប្រជាជន​អូស្ត្រាលី​ជាច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​អំពី​វា​។ ភាគច្រើន​នៃ​ប្រជាជន​អូស្ត្រាលី​មានបំណង​ចង់ឃើញ​ការហាមឃាត់​ឈុត Burqa”​។​

​លោកស្រី​ហាន​សុន​និយាយថា​គំនិត​នៃ​ការពាក់​ឈុត Burqa បានកើត​ឡើង នៅពេល​ប្រធានព្រឹទ្ធសភា​លោក​ស្តេ​ហ្វេ​ន ផា​រី បាន​ប្រាប់​លោកស្រី​កាលពី​ឆ្នាំមុន​ថា នរណា​ក៏​អាច​ពាក់​ឈុត Burqa នៅក្នុង​សភា​ដែរ​៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំ​គណបក្ស​ជាតិ​មួយ (One Nation) លោកស្រី ផូ​លីន ហាន​សុន គ្រង​ឈុត Burqa នៅក្នុង​ព្រឹទ្ធសភា

#