អ្នកនាំពាក្យៈ​ជប៉ុន​បាន​ផ្តល់ជំនួយ​ដល់​កម្ពុ​ជាជាង​បួន​ពាន់​លាន​ដុល្លារ​រួចមកហើយ​

816
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥសាន​បាន​អះអាងថា​ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៧​ប្រទេស​ជប៉ុន​បាន​ផ្តល់ជំនួយ​ឲ្យ​កម្ពុជា​ចំនួន​៤.៤០០​លាន​ដុល្លារ អាមេរិក​។​

លោកតារ៉ូ កូណូ ខណៈកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៨ខែមេសានេះ

​លោក​បានបញ្ជាក់​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​៨​ខែមេសា​នេះ​ខណៈដែល​លោ​រដ្ឋមន្ត្រីការ បរទេស​ជប៉ុន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថា​ក្នុងចំណោម​ជំនួយ​ជា​បួន​ពាន់​លាន​ដុល្លារនេះ ​ក្នុង នោះ​មាន​ជំនួយ​ឥតសំណង​ចំនួន ៣ ០៧៤ លាន​ដុល្លា រ​និង​ជំនួយ​សម្បទាន ចំនួន ១ ៣២៦ លានដុល្លារ ។​

​លោក​បន្ត​ដោយ​រំលឹក​ទៀតថា​នៅ​ឆ្នាំ ២០១៦ ជប៉ុន​បាន​បើក​ជើងហោះហើរ​ត្រង់​ទៅមក​កម្ពុជា ជាមួយនឹង​ទេសចរ​ជប៉ុន​មក​កម្ពុជា​ប្រមាណ​ពីរ​សែន​នាក់​។​វិនិយោគ​ជប៉ុន​នៅ​កម្ពុ​ជាមាន ១៣០ គម្រោង ស្មើនឹង​ទឹកប្រាក់ ១ ៦០០ លាន​ដុល្លារ​។ ចាប់ពី​ឆ្នាំ ២០០៧​មក យុវជនជាង ២ ៦០០​នាក់​បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក ។

​លោក​បន្តថា រំលឹក​ខួប​៦៥ ឆ្នាំ នៅ​កម្ពុជា​គឺ​កាលពី​ខែកុម្ភៈ មាន​មហោស្រព​គី​ហ្សូ​ណា កម្ពុជា ជប៉ុន ដោយ​មាន​​មនុស្ស​ចូលរួម​ជាង ២៣ ០០០​នាក់ ។ នៅ​ខែ ឧសភា​ខាងមុខ​នឹងមាន​រៀបចំ​នៅ​ទីក្រុង​តូ​ក្យូ ម្តង​។​

លោក​បញ្ជាក់ទៀតថា​ប្រទេស​កម្ពុជា ជា​ប្រទេស​ដក់​ក្នុង​អារម្មណ៍​របស់លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បន្ត​ពី​លោក​ឪពុក​លោក​គឺ​លោកតា​យូ​ហី​កូ​ណូ​អតីត​ឧបនាយករដ្ឋមន្ត្រី​ជប៉ុន ។ ជប៉ុន​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ ។ ហេតុនេះហើយបានជា​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ ។ លោក​បាន​ថ្លែងថា ក្នុងនាម​ជា​មិត្ត​ដែល​បានរួម​ចំណែក​កសាង​ប្រទេស​កម្ពុជា ដោយ​ឈរលើ​លទ្ធិប្រជាធិបតេយ្យ លោក​ជឿជាក់ថា ការបោះឆ្នោត​នា​ខែ​កក្កដា​​​ខាងមុខ នឹងមាន​លក្ខណៈ​ល្អ​ស្រប​នឹង​កម្ពុជា​អាច​ឲ្យ​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​ឆ្ពោះទៅរក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ៕​មន​