អ្នកនាំពាក្យៈ​ទឹកទន្លេ​ចាប់ផ្តើម​ជន់​ឡើង​ស្រឺ​តៗ​តែ​មិនទាន់​ដល់​កម្រិត​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ័​ត្ន

188

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​ថា ខេត្ត​ជាប់​តំបន់ឆ្នេរ​នៅតែមាន​ភ្លៀង​ធ្លាក់​ជោកជាំ ដោយ​សារ​ខ្យល់មូសុង​និរតី​បាន​បង្កើន​ឥទ្ធិពល​ខ្លាំង ។​

ទំនប់ ពហុបំណង (សេកសក) ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង (រូបថតក្រសួងធនធានទឹក)

​ប្រភព​ដដែល​បន្តថា​ខ​ណៈ​ពេល​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​,​ប្រព​ន្ធ័​សម្ពាធ​ទាប​បាន​អូស​កាត់​ពីលើ​អាង​ទន្លេ​មេគង្គ​ក្នុងប្រទេស​ឡាវ​ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​នោះ​ហើយ​ធ្វើ​ឲ្យ​ទឹកទន្លេ​ចាប់ផ្តើម​ជន់​ឡើង​ស្រឺ​តៗ​តែ​មិនទាន់​ឡើងដល់​កម្រិត​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​នៅ​ស្ថានីយ​ជល​សាស្ត្រ​ណាមួយ​នៅឡើយ​ទេ​។​
​ ​
​ចំណែក​ស្ថានភាព​ទឹកស្ទឹង​សង្កែ ដែល​បាន​ហក់​ឡើងដល់​កម្រិត​ជាង​១១​ម៉ែ​ត្រកាល​ពីថ្ងៃ​ម្សិលមិញ​(១២​កក្កដា​) ត្រូវបាន​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ថា​បាន​ស្រក​បន្តិច​ទៅវិញ​ហើយ​បន្ទាប់ពី​ទ្វារ​នៃ​ទំនប់​អាងទឹក​ពហុ​បំណង​បាត់​ដំបង​ត្រូវបាន​បិទ​ឲ្យ​នៅ​តូច​និង​ទឹក​ដែល​បាន​បង្ហូរ​ចេញពី​អាង​ត្រូវបាន​បង្វែរ​ទៅតាម​ប្រព័ន្ធ​ចែក​នានា​មុននឹង​ហូរ​ចូលទៅក្នុង​ស្ទឹង​សង្កែ​វិញ​។​
​ ​លោក​យុ​ត្ថា​បាន​ឲ្យ​ដឹងផង​ដែរ​ថា​បរិ​មាណទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត​ជាប់​ព្រំដែន​កម្ពុជា ថៃ​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ប្រសិនបើ​គ្មាន​ទំនប់​អាង​ពហុ​បំណង​បាត់ដំបង​និង​គ្មាន​ប្រព​ន្ធ័​ដោះ​ទឹក​ក​ង្ហ​ត​ទេនោះ ក្រុង​បាត់​បាត់ដំបង​ប្រឈម​នឹង​ការលិចលង់​ដោយ​ទឹកស្ទឹង​សង្កែ​ហើយ តែ​មកដល់​ថ្ងៃទី​១៣​ខែកក្កដា​នេះ ក្រុង​បាត់ដំបង​គ្មាន​ការ​ប្រឈម​នឹង​ការលិចលង់​ទេ​។​

ទំនប់ ពហុបំណង (សេកសក) ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង (រូបក្រសួងធនធានទឹក)

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១២​ខែកក្កដា​បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៨​ខែកក្កដា​ថា ខ្យល់មូសុង​និរតី​បាននិងកំពុង​បង្កើន​ឥទ្ធិពល​នៅ​តំបន់ឆ្នេរ​សមុទ្រ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រម​ពេល​ជាមួយគ្នានេះ​ប្រព​ន្ធ័​សម្ពាធ​ទាប​ក៏​បាននិងកំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ​ដែល​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​។ ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​និង​មាន​រលក​ខ្ពស់ៗ​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តតាកែវ មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​តិច​រួច​តែ​ខេត្ត​ផ្សេង​ពីនេះ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បន្តបន្ទាប់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។​បងប្អូន​ប្រជា​នេសាទ​និង​អ្នកដំណើរ​តាម​សមុទ្រ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ​៕​សរន​

ទំនប់ ពហុបំណង (សេកសក) ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង