អ្នកនាំពាក្យៈ ការប៉ុនប៉ង​ប្តឹង​របស់លោក​រស់ សា​រ៉ុ​ម គឺ​ជួយ​ដៃ​ឲ្យ​បក្សប្រឆាំង​ផ្តួលរំលំ​គណបក្ស​ប្រជាជន​

1380
ចែករម្លែក

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា ចេតនា​ចង់​ប្តឹង​របស់លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញា​​ជនកម្ពុជា គឺ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា គ្មានអ្វី​ក្រៅពី​មាន​ចេតនា​ទុច្ចរិត​ចង់​មួលបង្កាច់​បង្ខូច​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជួយ​ដៃ​ឲ្យ​គណបក្សប្រឆាំង ក្នុងទិសដៅ​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។​

​លោក​រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា

​ ​
​ការ​ថ្លែង​បញ្ជាក់​បែបនេះ របស់លោក​សុខ ឥសាន បាន​ធ្វើឡើង​បន្ទាប់ពី​លោក​រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា និង​ត្រូវជា​ប្អូនជីដូនមួយ​លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានប្រកាស​រៀបចំ​គំរោង​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​តុលាការ​កំពូល​នៅពេល​ខាងមុខនេះ ដើម្បី​ស្នើសុំ​ឲ្យ​រំលាយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​

​លោក​សុខ ឥសាន បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ថា អ្នកណា​ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​បាន​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេសជាតិ​និង​ប្រជាជន​កម្ពុជា​តាំងពី​ប្រទេស​ស្ថិតនៅក្រោម​នឹម​អាណានិគម​​និយម​បារាំង ប្រទេស​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ដោយសារ​លន់ ណុល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ ថ្ងៃ​១៨ មិនា ១៩៧០ បន្ទាប់មក​ធ្លាក់ចូល​ក្នុង​គ្រោះ​នៃ​របប​ប្រល័យពូជសាសន៍ បន្ទាប់មក​ត្រូវបាន​រំដោះ​នា​ថ្ងៃ​៧ មករា ១៩៧៩ ធ្វើ​ឲ្យ​ប្រជាជាតិ និង​ប្រជាជន​ទូទាំងប្រទេស​បាន​រស់​ឡើងវិញ ដាក់ចេញ​នយោបាយ​បង្រួបបង្រួម​ជាតិ​ឈានដល់​មាន​កិច្ច​​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ១៩៩១ បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​សាកល​ឆ្នាំ​១៩៩៣ បង្កើតបាន​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ត្រូវបាន​​អនុវត្ត​រហូតដល់​ស​ព្វ​ថ្ងៃ ដាក់ចេញ​នយោបាយ​ឈ្នះ​-​ឈ្នះ ធ្វើ​ឲ្យ​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំង​នយោបាយ និង​យោធា​នាំមក​នូវ​សន្តិភាព​​ពេញលេញ​។ បើក​សករាជ​ថ្មី​សម្រាប់​កសាង​អភិ​វ​ឌ្ឈ​ប្រទេស​រីកចម្រើន​គួរកត់សម្គាល់ កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជា​លំដាប់​។

​លោក​បាន​បញ្ជាក់ថា “​ខិតខំ​តស៊ូ​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​យ៉ាង​នេះហើយ ហេតុអ្វី​លោក រស់​សា​រ៉ុ​ម ចង់​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​​ប្រជាជន​កម្ពុជា​ទៅវិញ ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលុប​ទូ​ទាំ​ប្រទេស​ដែល​បាននិងកំពុង​ទទួល​ម​នុ​ញ្ញ​ផល​ពី​ការ​​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ​ចេតនា​ចង់​ប្តឹង​របស់លោក រស់ សា​រ៉ុ​ម ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាជន​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​គ្មានអ្វី​ក្រៅពី​មាន​ចេតនា​ទុច្ចរិត​ចង់​មួល​បង្កាច់បង្ខូច​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជួយ​ដៃ​ឲ្យ​គណបក្ស​​ប្រឆាំង ក្នុងទិសដៅ​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​”​។​

​លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា បាន​ប្រាប់​អ្នកកាសែត​កាលពីពេល​ថ្មីៗ​នេះ​ថា​លោក​គ្រោង​នឹង​ដឹកនាំ​​ប្រជាពលរដ្ឋ​ចំនួន​ន​១០​ម៉ឺន​នាក់ ដាក់​លិខិត​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​រំលាយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ភស្តុតាង និង​ឯកសារ​គ្រប់គ្រាន់​។

​លោក​បាន​បញ្ជាក់ថា លោក​នឹងដាក់​លិខិតស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​ហែរ​ក្បួន ដោយមាន​អ្នកចូលរួម ចំនួន​១​សែន​​នាក់ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ​។ នៅពេលដែល​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឬក៏​បដិសេធ​នោះ គឺ​នៅ​ថ្ងៃទី​២៤ ខែតុលា មាន​គម្រោង​ជា​ផ្លូវការ ដើម្បី​ហែ​ក្បួន​យកពាក្យ​បណ្តឹង ទៅ​ដា​ក់នៅ​តុលាការ​កំពូល​។​

​លោក រស់ សា​រ៉ុ​ម បាន​បន្តថា ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ប្រមុខរដ្ឋស្តីទី ទើបតែ​ចុះហត្ថលេខា ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ គឺ​ផ្អាក​សកម្មភាព​គណបក្សនយោបាយ និង​លុប​គណបក្ស នយោបាយ​ចោល ហើយ​មានតែ​តុលាការ​កំពូល​ទេ ដែលមាន​សិទ្ធិ​សម្រេច​៕​ដោយៈ មុនី​រ័ត្ន​/sn