អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ៖ បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន សម្រេចបាន កម្ពុជា​មានតែ​ចំណេញ គ្មាន​ការខាតបង់​ឡើយ​

342
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣ ខែធ្នូ ខាងមុខនេះ ថ្នាក់ដឹកនាំ​កំពូល​រវាង​កម្ពុជា​-​ចិន នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង ស្ដីអំពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​។ មន្ដ្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាងថា ប្រសិនបើ​យន្ដការ​នេះ​បានសម្រេច​ជា​លទ្ធផល កម្ពុជា​មានតែ​ផលចំណេញ​យ៉ាង​លើសលុប ដោយ​គ្មាន​ការខាតបង់​អ្វី​នោះឡើយ​។​

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

​តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ពី​អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ថា ៖ “…​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី គឺជា​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់បំផុត​រវាង​ប្រទេស​និង​ប្រទេស ឬក៏​ចង្កោម​ប្រទេស​និង​ប្រទេស​…​ប្រទេស​តូច​ដូច​កម្ពុជា នឹង​អាច​ទទួលបាន​ប្រយោជន៍​ធំ ប្រសិនបើ​យើង​ធ្វើ​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំ​ដូចជា​ប្រទេស​ចិន​…​កុំ​ថា​ទីផ្សារ​យើង​ជាទី​ផ្សារ​តូច​…​ទីផ្សារ​យើង ជាទី​ផ្សារ​មួយ​ដែល​ប្រទេស​ចិន​ចាប់អារម្មណ៍​…​ចុះ​អ្វីដែល​យើង​អាច​នាំ​ចូលទៅ​ប្រទេស​ចិន​វិញ​?…​យើង​ឃើញថា ប្រទេស​ចិន​នាំចូល​ទំនិញ​កសិផល​ពី​ប្រទេស​មួយចំនួន នៅ​ជិត​ខាងយើង​ទៅ​ទីផ្សារ​ចិន ព្រោះ​ប្រទេស​ចិន​មាន​ប្រជាជន​ជិត​៣​ពាន់​លាន​នាក់​…​ហេតុនេះ​កម្ពុជា​យើង ក៏មាន​លទ្ធ​ភា​នឹង​នាំ​ផលិតផល​កសិកម្ម​មួយចំនួនធំ ទៅ​ឲ្យ​ប្រទេស​ចិន​ដែរ​…​ដែល​កន្លងមក យើង​មិន​នាំ​ទៅបាន​ពេញទំហឹង ដោយសារ​យើង​មាន​របាំង​ខ្លះ ដែល​មិនមែនជា​របាំង​ពន្ធ ដូចជា​បញ្ហា​អនាម័យ និង​ភូតគាម និង​របាំង​បច្ចេកទេស ។​ល​។​…” ។​

​ឆ្លើយតប​នឹង​ជ​ម្ង​ល់​ថា តាមរយៈយន្ដការនេះ នឹងបង្កើនការ​វាយលុក​ខ្លាំង​នូវ​ផលិតផល​របស់​ចិន​មក​កម្ពុជា ហើយអាច​នឹងមាន​ឥទ្ធិពល​អាក្រក់​ដល់​អាជីវកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ក​ម្ព​ជា​នោះ លោក សុ​វិជាតិ បាន​លើកឡើងថា នេះ​ជា​ឱកាស​ទៅវិញ​នោះទេ ខណៈដែល​បច្ចុប្បន្ន​សហ​គ្រាស​ធុន​តូច​និង​មធ្យម​របស់​កម្ពុជា ពុំទាន់​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​ក្នុងស្រុក​នៅឡើយ​។ ហេតុនេះ ម្ចាស់​អាជីវកម្ម​ទាំងនេះ អាច​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន ឬ​ក្រុមហ៊ុន​ចិន ដើម្បី​បង្កើន​សង្វាក់​ផលិតកម្ម​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក ឬក៏​អាច​នាំ​ចេញទៅ​ក្រៅ​បាន​ថែម​ទៀតផង​។​

​ជាមួយគ្នានេះ លោក សុ​វិជាតិ ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​កម្ពុជា​សម្រេច​បើក​កិច្ចចរចា ដើម្បី​ឈានទៅ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នោះ គឺ ៖
​ទី​១. នៅក្រោម​ឆត្រ​របស់​អាស៊ាន កម្ពុជា​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ដែល​អាស៊ាន​បានធ្វើ​ជាមួយ​ប្រទេស​ចំនួន​៦ ដូចជា ចិន កូរ៉េ ជប៉ុន ឥណ្ឌា ញូ​វ​ហ្សេ​លែ​ន និង​អូស្ដ្រាលី​។ ដំណាក់កាល​នេះ កម្ពុជា​បាន​យោគយល់​គ្នា​មួយចំនួន​រួចជាស្រេច​ហើយ ជាមួយ​ភាគី​ចិន​។ ដូច្នេះ​អ្វីដែល​កម្ពុជា ត្រូវធ្វើ​ជាមួយ​ភាគី​ចិន គឺ​ពិនិត្យ​លទ្ធភាព​ចន្លោះប្រហោង​ដែល​ពុំទាន់​បាន​ជជែក​គ្នា​អស់ ដើម្បី​ឈានទៅដល់​កម្រិត​ខ្ពស់បំផុត​មួយ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​។​

​ទី​២. រៀងរាល់ឆ្នាំ តាមរយៈ​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ តែងតែ​ជំរុញ​ឲ្យ​មានការ​សម្រេចបាន​នូវ​ទំហំ​ពាណិជ្ជ​រវាង​គ្នា​ឲ្យ​កាន់តែ​ធំ​ឡើង​។ ហេតុនេះ ប្រទេស​ទាំងពីរ ត្រូវ​ស្វែងរក​យន្ដការ​ណាមួយ ដើម្បី​ធានា​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា កាន់តែ​រលូន និង​មាន​ភាព​លូតលាស់​ថែមទៀត​។​

​ទី​៣. តាមរយៈ​ការបណ្ដាក់ទុន​ដ៏​ច្រើន​លើសលុប​របស់​វិនិយោគិន​ចិន​មក​កម្ពុជា បានបង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​ជាទី​តាំង​សក្ដានុពល​ដែល​ចិន​កំពុង​សំឡឹងមើល ហើយ​មានបំណង​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត​។ កត្តា​នេះហើយ ដែល​ក្រុមការងារ​វិនិយោគ​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​ឲ្យ​បានជា​ក់លាក់​។​

​មន្ដ្រី​នាំពាក្យ​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ក្រុមការងារ​ដែល​នឹងចូលរួម​ក្នុង​កិច្ចចរចា​នេះ រួមមាន​៤​ក្រុម​គឺ ក្រុមការងារ​ចរចា​ផ្នែក​ទំនិញ ក្រុមការងារ​ចរចា​ផ្នែក​សេវាកម្ម ក្រុមការងារ​ចរចា​ផ្នែក​សហប្រតិបត្តិការ និង​ក្រុមការងារ​ចរចា​ផ្នែក​សេដ្ឋកិច្ច និង​វិនិយោគ​៕B/