អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ទង្វើ​លោក សួន សេរី​រដ្ឋា ប៉ះពាល់​ដល់​សន្តិសុខរ​ដ្ឋ ចេតនា​បំផ្លាញ​កិច្ច​ការពារជាតិ​

1068
ចែករម្លែក

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព នៅ​ព្រលប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​ចេញមក​អះអាងថា ទង្វើ​របស់លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ប្រមាថ និង​ញុះញង់​ទៅលើ​កងទ័ព គឺជា​អំពើ​ល្មើស​ជាក់ស្តែង ដែល​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ ហេតុនេះ​ជាធម្មតា​ទេ ដែល​សមត្ថកិច្ច​មាន​ចំណាត់ការ​លើ​រឿងនេះ​។​
​ ​

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព

​លោក គឹម សន្តិភាព បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ជាមួយ​អ្នកសារព័ត៌មាន យ៉ាង​ដូច្នេះ​ថា ៖«​ការការពារ​ខឿន​​ការពារជាតិ គឺជា​ភារកិច្ច​ចំបង​បំផុត​របស់​ប្រទេស​នីមួយ​! ជន​ដែលមាន​ចេតនា​បំផ្លាញ កិច្ចការពារ​ជាតិ​នឹង​ទទួលខុសត្រូវ​ចំពោះ​​មុខ​ច្បាប់ ទោះ​ប្រទេស​ណាក៏ដោយ​!»​។​
​ ​
​លោក គឹម សន្តិភាព បាន​បន្តថា «​ការ​ញុះញង់​ឲ្យ​កងទ័ព​មិន​ស្តាប់​បញ្ជា ឬ​ធ្វើឱ្យ​កងទ័ព​បាក់​ទឹកចិត្ត គឺជា​ការបំផ្លាញ​កិច្ច​ការពារជាតិ ដែលនាំឱ្យ​មានការ​ប៉ះពាល់​ដល់​សន្តិ​ខុស​រដ្ឋ​! អំពើ​នេះ​គឺជា​អំពើ​ល្មើស​ដែលមាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​!​ទង្វើ​​របស់លោក សួន សេរី​រដ្ឋា គឺជា​អំពើ​ល្មើស​ជាក់ស្តែង ដែល​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ ហេតុនេះ​ជាធម្មតា​ទេ​ដែល​សមត្ថកិច្ច​មាន​ចំណាត់​​កា​រលើ​រឿងនេះ​!»​។​
​ ​
​ការអះអាង​របស់ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ធ្វើឡើង​បន្ទាប់ពី សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា​នេះ ក្រោយ​បង្ហោះ​សារ​ប្រមាថ​ដល់​កងទ័ព​ខ្មែរ​ថា ជា​ទ័ព​ចោរ ក្រោយ​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​ទ័ព​កម្ពុជា​និង​កង​​ទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​៕​ដោយ​៖​វិបុល​/sn