អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ឆ្លើយតប​ក្តីបារម្ភ​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត និង អង្គទូត​មួយចំនួន ករណី លោក កឹម សុខា

298
ចែករម្លែក
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ឆ្លើយតប​ក្តីបារម្ភ​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត និង អង្គទូត​មួយចំនួន ករណី លោក កឹម សុខា (រូបឯកសារ)

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានបញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​តុលាការ​សម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ដែល​អនុញ្ញាតអោយ​លោក​មាន​សិទ្ធិ​ចាក​ចេញពីផ្ទះ​បាន ។
​ការ​ចេញមក​បញ្ជាក់​នេះ គឺ ដើម្បី​ឆ្លើយតប​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង អង្គទូត​មួយចំនួន​ប្រចាំ​កម្ពុជា ដែល​បាន​សម្តែង​ក្តីបារម្ភ​ផ្សេងៗ​គ្នា​ជុំវិញ​ករណីនេះ ។

​លោក ជិន ម៉ា​លីន បាន​សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា
​ទី​១. ការបង្ហាញ​នូវ​ក្តីបារម្ភ​ក៏ដូចជា​សំណូមពរ​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត​(Rhona Smith) និង​អង្គទូត​មួយចំនួន​នៅ​កម្ពុជា គឺជា​សិទ្ធិសេរីភាព​ក្នុងការ​សំដែង​មតិ​និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ តែ​អ្វីៗ​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ជៀសវាង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ ដែល​ត្រូវបាន​ហាមប្រាម​ដោយ​ច្បាប់​អន្តរជាតិ រួមមាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​បញ្ញត្តិ​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត​ស្តីពី​ទំនាក់ទំនង​ការទូត និង​នីតិវិធី​ពិសេស​របស់​អង្គការសហប្រជាជាតិ​។​
​ទី​២. ផ្អែកលើ​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ស្ថានភាព​លោក កឹម សុខា បច្ចុប្បន្ននេះ មិន​ដូច​ស្ថានភាព​របស់​ពលរដ្ឋ​និង​អ្នកនយោបាយ​ទូទៅ​នោះទេ ព្រោះ​គាត់​កំពុង​ជាប់ពិរុទ្ធ​និង​បទ​ចោទ និង​ស្ថិតក្នុង​ដំណាក់កាល​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ​ហើយ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលា​ការដែល​ក្នុងដំណាក់កាល​នេះ​ច្បាប់​អនុញ្ញាតឱ្យ​តុលាការ​អាចធ្វើ​ការកម្រិត​នូវ​សិទ្ធិសេរីភាព​មួយចំនួន រួមទាំង​សិទ្ធិ​នយោបាយ​ផងដែរ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ស៊ើបសួរ​។​
​ទី​៣.​ក្នុងដំណាក់កាល​នីតិវិធី​នៃ​ការ​ស៊ើបសួរ​និង​របប​នៃ​ការដាក់ឱ្យ​នៅក្រៅ​ឃុំ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ​ច្បាប់​មិនបាន​កំណត់​អំពី​រយៈពេល​អតិបរិមា​ឡើយ​ពោលគឺ​អាស្រ័យ​លើ​ចៅក្រម​ស៊ើបសួរ​ជា​អ្នកកំណត់​ដោយ​ផ្អែ​ល​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​។​
​ទី​៤. ផ្អែកលើ​បញ្ញត្តិ​នីតិវិធី​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ការសម្រេច​ទម្លាក់ចោល​បទ​ចោទ​ឬ​មិន​ទម្លាក់ ជា​សិទ្ធិ​របស់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ ហើយ​ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​និង​លទ្ធផល​នៃ​ការស៊ើបអង្កេត ដោយ​មិនត្រូវ​ទទួលរង​សម្ពាធ​និង​ការបង្គាប់បញ្ជា​របស់​ភា​គី​ណាមួយ​ឡើយ រួមទាំង​ស្ថាប័ន​អន្តរជាតិ និង​អង្គទូត​ផងដែរ ៕​សរន​