អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រតិកម្ម​នឹង​ចៅសង្កាត់​បក្សប្រឆាំង​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយាមាយាទ​ឲ្យ​ពលរដ្ឋ​

6108

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​ប្រតិកម្ម ចំពោះ​ចៅសង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ម្នាក់​ដែល​ហ៊ាន​​ចេញ​លិខិតបញ្ជាក់ កិរិយាមាយាទ ឲ្យ​ពលរដ្ឋ​ខណៈដែល​ខ្លួន​ពុំមាន​សិទ្ធិ​។
​ ​
​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ជាមួយ​អ្នកសារព័ត៌មាន លោក​គឹម សន្ដិភាព បាន​បញ្ជាក់ថា​“​មេឃុំ​មិនមាន​សិទ្ធិ​ចេញ​ការ​​បញ្ជាក់ ដូចនេះ​ទេ ព្រោះ​មេឃុំ​ពុំមែន​ជា​អ្នកគ្រប់គ្រង សាលក្រម ឬ​សាលដីកា​តុលាការ​ផ្តន្ទាទោស បុគ្គល​ណា​ម្នាក់​នោះទេ​!​សូម​ពិនិត្យ​អត្ថបទ​ក្រម នីតិវិធី​ព្រហ្មទណ្ឌ អំពី​សមត្ថកិច្ច​ដែលមាន​តួនាទី អនុវត្ត​កិច្ចការ​នេះ​! មេឃុំ​ចៅសង្កាត់​ត្រូវ​ព្យាយាម ស្វែងយល់​អំពី​ច្បាប់ ដើម្បី​ជៀសវាង​កំហុស​បែបនេះ​”​។​
​ ​
​សូមជម្រាបថា កន្លងទៅ​ថ្មីៗ​នេះ លោក ហ៊ា ហាវ ចៅសង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មកពី​គណបក្ស សង្គ្រោះ​ជាតិ​បានចេញ​លិខិត​​បញ្ជាក់ កិរិយាមាយាទ​ដល់​ប្រជាពលរដ្ឋ ដោយបាន​សរសេរថា​៖ “​យើង​ចៅសង្កាត់ សង្កាត់​ស្វាយដង្គុំ សូមបញ្ជាក់ថា ណាប់ រើ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ជា​ប្រជាពលរដ្ឋ​មាន​កិរិយា​មាយា​ទ​ស្លូតបូត មិនដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ ដែល​នាំ​ឲ្យ​ការចោទប្រកាន់​ពី​តុលាការ​សោះឡើយ​”​។​
​ ​
​ចៅសង្កាត់​រូប​នោះបាន​សរសេរ​បន្ត​ថា ក្នុងនាម​យើង​ជា​ចៅសង្កាត់​ស្វាយដង្គុំ និង​ជា​អ្នក​រស់ នៅក្នុង​ភូមិ​ដូចគ្នា​សូម​ធានាថា​បុគ្គល​ខាង​​លើ​នេះ​មិនបាន​ប្រព្រឹត្ត​ដូច​អ្វីដែល គេ​បាន​ចោទ ប្រកាន់​នោះទេ​៕ ដោយ៖វិបុល

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព