អ្នកនាំពាក្យ​គណបក្សកាន់អំណាច ថា បណ្តឹង​ជា​លើក​ទី​២​របស់​អតីត​អ្នកតំណាងរាស្ត្រ​សង្គ្រោះ​ជាតិ គ្មាន​បានការ​ស្អី​ទេ

724

(​ភ្នំពេញ​)៖​លោក​អ៊ូ ច័​ន្ធ​រ័ត្ន អតីត​អ្នកតំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​បណ្តឹងតវ៉ា​ជា​លើក​ទី​ពីរ​ទៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ​២៨​ធ្នូ ដើម្បី​សុំ​ឲ្យ​កាត់ក្តី​ឡើងវិញ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ដល់​មន្ត្រី​ជាន់​​ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់​។​

​បើតាម​អតីត​អ្នកតំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បណ្តឹង​សើរើ​លើក​ទី​២​នេះ ធ្វើឡើង​តាងនាម​បុគ្គល​ដែល​យល់​ឃើ​​ញ​ថា​រងគ្រោះ​ពី​ការសំរេច​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​១៦​វិច្ឆិកា​កន្លងទៅ​។​

​ជុំវិញ​រឿងនេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន​បានផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​rfi និង​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នៅមាន​ការតស៊ូ​មតិ​តាម​មធ្យោបាយ​ផ្សេងទៀត ប្រសិនបើ​តុលាការ​កំពូល​ទាត់ចោល​បណ្តឹង​ជា​លើក​ទី​ពីរ​របស់លោក​។ ក្នុងនោះ លោក​អ៊ូ ច័ន្ទ​រ័ត្ន បង្ហើប​ថា ការស្វែងរក​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ក៏​ជា​ជម្រើស​មួយ​ផងដែរ​។​

​ក្រៅពី​ទាមទារ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ សុវត្ថិភាព​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កា​ត់របស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​បាន​លោក អ៊ូ ច័ន្ទ​រ័ត្ន ស្នើ​ឲ្យ​តុលាការ​ពិចារណា​ក្នុង​ការចេញ​ដីកា​ការពារ​ពួកគេ​ដែរ ព្រោះ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់លើ​ទេ​។

​ទោះជា​យ៉ាងណា លោក​សុខ ឥសាន​មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ប្រតិកម្ម​ថា «​បណ្តឹង​​ជា​លើក​ទី​២​របស់​អតីត​អ្នកតំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ គ្មាន​បានការ​ស្អី​ទេ តុលាការ​អាច​ទទួលយក​ក៏បាន មិន​​ទទួលយក​ក៏បាន​។​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​ហើយ​…»៕ដោយ៖វាសនា

​លោក​អ៊ូ ច័ន្ទ​រ័ត្ន អមដោយ​មេធាវី លោក​ផែង ហេង​យកពាក្យ​បណ្តឹង​ទៅ​ដាក់​តុលាការ​ជាថ្មី​កាលពី​ថ្ងៃ​២៨​ធ្នូ​