អ្នកនាំពាក្យ​គណបក្សកាន់អំណាច ៖ ទណ្ឌិត សម រង្ស៊ី កុំឱ្យ​ស្រមៃ​ថា នឹង​ញុះញង់​កងទ័ព​បាន

373

(​ភ្នំពេញ​) ៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក សម រង្ស៊ី បានចេញ​វីដេអូ​ឃ្លី​ប​មួយ អំពាវនាវ​ជាថ្មី​កុំឱ្យ​កងទ័ព​ស្តាប់​បញ្ជា​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​។​

​ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាចតាមរយៈអង្គភាពសារព័ត៌មានក្នុងស្រុកមួយ ក៏បាន​ព្រមាន​ទៅ​ទណ្ឌិត សម រង្ស៊ី​ដែល​កំពុង​រត់​​គេចខ្លួន​នៅក្រៅ​ប្រទេស កុំឱ្យ​ព្យាយាម​ស្រមើល​ស្រមៃ​ម្តង​ហើយ​ម្តង​ទៀតថា នឹង​អាច​ញុះញង់​ទឹកចិត្ត​កងទ័ព​ខ្មែរ​បានឱ្យ​សោះ​។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច

​លោក សុខ ឥសាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សូម​ប្រាប់​ទណ្ឌិត សម រង្សី ឲ្យ​ច្បាស់​ថា​មិនបាច់​ខិតខំ​ព្យាយាម​ញុះញង់​កងទ័ព​ឲ្យ​ងាក​​ចេញពី​ការគាំទ្រ​រាជរដ្ឋាភិបាល ហើយ​ទៅជា​ប្រឆាំងនឹង រាជរដ្ឋាភិបាល​ឲ្យ​សោះ អត់​ផ្លូវ​ទេ​។ ការ​ញុះញង់​កងទ័ព​ឲ្យ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ​។ ផ្ទុយទៅវិញ នាំ​ឲ្យ​កងទ័ព​កាន់តែ​បង្កើន​បានការ​ចងកំហឹង​កាន់តែ​ខ្លាំងក្លា​ថែមទៀត​មកលើ​ពួក​​អគតិ​ដែល​តែងតែ​មានបំណង​អាក្រក់​ចំពោះ​ជាតិ និង​ប្រជាជន​។ កុំ​ចង់​បំបែកបំបាក់​កងទ័ព​ជាមួយ​រាជរដ្ឋាភិបាល​កងទ័ព​បាន​និង​កំពុង​រកមុខ​ប្រយ័ត្ន​”​។​
​ ​
​លោក សុខ ឥសាន បាន​បន្តទៀតថា “​ការព្យាយាម​ញុះញង់​នេះ អាស្រ័យ​ដោយ សម រង្សី មិនដឹងខ្យល់​អ្វី​ទាំងអស់ មិនដឹងថា​កង​​កម្លាំងប្រដាប់អាវុធ ជាពិសេស​កងទ័ព គឺជា​ឧបករណ៍​របស់​ប្រជាជន មាន​តួនាទី​និង​ភារកិច្ច​ការពារ​រាជរដ្ឋាភិបាល​របស់​ប្រជាជន ការពារ​សន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាជន​។ គ្មាន​ពេលណា​ដែល​កងទ័ព​ងាករេ​ចេញពី​រាជរដ្ឋាភិបាល​និង​ប្រជាជន​ឡើយ​”​។​

​ក្នុង​សារ​របស់លោក​សម រង្ស៊ី បាន​អួត​អំពី​ការដែល​អាមេរិក​ឬ​សហភាព​អឺរ៉ុប​ឈប់​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល ការ​រឹបអូស​ទ្រព្យ​​សម្បត្តិ​របស់​មន្ត្រី​កម្ពុជា​នៅ​បរទេស ការមិនទទួលស្គាល់​ការបោះឆ្នោត​…​សុទ្ធសឹង​ជា​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន លើកទឹកចិត្ត​អោយ​​អាមេរិក​ឬ​សហភាព​អឺរ៉ុប​ធ្វើ ព្រោះ​មន្ត្រី​កម្ពុជា​ភាគច្រើន​គ្មាន​ការចាំបាច់​អ្វី​ចេញទៅ​អាមេរិក​ឬ​អឺរ៉ុប ហើយ​សម្តេច​ក៏​គ្មាន​ទ្រព្យ​អ្វី​តម្កល់​​នៅ​បរទេស​ដែរ រីឯ​ការទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ច្បាប់​កម្ពុជា​មិន​តំរូវអោយមាន​ការទទួល​ស្គាល់​ពី​បរទេស​ដែរ សូម្បី​​តែ​អង្គការសហប្រជាជាតិ​៕​ដោយ​៖​វិបុល​-​វាសនា​