អ្នកនាំពាក្យ​គណបក្ស​ប្រជាជនៈ​សូមកុំ​យក​ប្រទេស​ហ្សី​ម​បា​វ៉េ មក​ប្រៀបធៀប​នឹង​កម្ពុជា

257

(​ភ្នំពេញ​)៖ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា នៅលើ​ពិភពលោក​នៅ​ប្រទេស​​និ​មួយៗ មាន​លក្ខណៈពិសេស​ដោយ​ឡែកៗ​ពីគ្នា មិនអាច​យក​សភាពការណ៍​ប្រទេសមួយ​មក​ប្រដូច​នឹង​ប្រទេស​មួយទៀត​បានទេ​។​

​លោក​បញ្ជាក់ថា នៅ​ប្រទេស​ហ្សី​ម​បា​វ៉េ លោក​ប្រធានាធិបតី មូ​ហ្គា​បេ មាន​វ័យចាស់​រហូតដល់​៩៣ ឆ្នាំ​ទៅហើយ ។​ធម្មតា​ក្នុង​វ័យចាស់​បែប​​នេះ មិន​អាចមាន​កាយសម្បទា​គ្រប់គ្រាន់​ដើម្បី​រ៉ាប់រង​ការងារ​បាន​ដូច​ធម្មតា​ទេ ទោះបី​មាន​ឆន្ទៈ​ចង់​បម្រើ​ជាតិ​យ៉ាងណាក៏ដោយ​។ នេះ​ជា​ក្រឹត្យក្រម​ធម្មជាតិ​តម្រូវ ។ តែ​ទោះ​យ៉ាងណាក្តី គេ​មិនអាច​ឆ្លៀតឱកាស​ដើម្បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ហ្សឹ​ម​បា​វ៉េ​ទេ​ដែល​​ផ្ទុយ​ពី​ធម្មនុញ្ញ​អ​.​ស​.​ប ។ គួរ​ទុក​ឲ្យ​ប្រជាជន​ប្រទេស​ហ្សឹ​ម​បា​វ៉េ​សម្រេចចិត្ត​ដោយផ្ទាល់ ។​

​លោក​បន្តថា ចំពោះ​កម្ពុជា មាន​លក្ខណៈពិសេស​សម្រាប់​កម្ពុជា​។ មានតែ​ប្រជាជន​កម្ពុជា​ទេ​ដែលមាន​សិទ្ធិ​សម្រេច​ពី​ជោគវាសនា​របស់​​កម្ពុជា​ផ្ទាល់​។ សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​អាយុ​ទើប​ជាង ៦០​ឆ្នាំ នៅមាន​កាយសម្បទា​មាំមួន សុខភាព​ល្អ​សកម្ម​ការងារ​បម្រើ​​ប្រជាជន​និង​ប្រទេសជាតិ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព មានគុណ​សម្បត្តិ​ធំធេង​សម្រាប់​ប្រជាជន​ហើយ​ត្រូវបាន​ប្រជាជន​ទូទាំងប្រទេស​ភាគ​​ច្រើន​លើសលុប​បន្ត​គាំទ្រ​ឲ្យ​បន្ត​បេសកកម្ម បម្រើ​ជាតិ​មាតុភូមិ​នោះ តើ​មាន​ខុស​អី​ទៅ បើ​នៅ​បន្ត​បម្រើប្រជាជន​នោះ​?​។ ប្រជាជន​កម្ពុជា មិន​គិតពី​កាន់អំណាច​យូរ​ទេ ទោះបី​ប៉ុន្មាន​សិប​ឆ្នាំ​ទៅមុខទៀត​ក៏ដោយ ឲ្យ​តែ​ប្រទេស​មាន​សន្តិភាព ស្ថិរភាព​នយោបាយ​សេចក្តីសុខ​ក្សេម​​ក្សាន្ត​សម្រាប់​ជីវភាព​រស់នៅ​សម្បូរ​សប្បាយ មានការ​អភិ​វ​ឌ្ឈ​ន៏​រីកចម្រើន គឺជា​ការចង់បាន​រប​ស់​ប្រជាជន​។ ដោយសារ​គុណសម្បត្តិ​និង​​ស្នាដៃ​ស្តារ កសាង និង​អភិ​វ​ឌ្ឈ​ន៏​ប្រទេស​រីកចម្រើន​នេះហើយ បានជា​ប្រជាជន​នៅតែ​បន្ត​គាំទ្រ​តទៅទៀត​យ៉ាង​ដូច្នេះ​។​

​លោក​បញ្ជាក់ថា ហេតុនេះ គេ​មិនអាច​យក​សភាពការណ៍​របស់​ហ្សឹ​ម​បា​វ៉េ មក​ប្រៀបធៀប​ជាមួយ​កម្ពុជា​បានឡើយ​ព្រោះ​មាន​លក្ខណៈ​​ខុសគ្នា​ទាំងស្រុង​។ ហើយ​គេ​ក៏​កាន់តែ​មិនអាច​យក លោក មូ​ហ្គា​បេ មក​ប្រៀបធៀប​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន បានដែរ ពីព្រោះ​សម្តេច ហ៊ុន សែន កាន់អំណាច និង​បន្ត​កាន់អំណាច​តាម​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។ គ្មាន​ជន​ណា ឬ ប្រទេស​ណា​មាន​សិទ្ធិ​សម្រេច​ជំនួស​​ប្រជាជន​កម្ពុជា បានឡើយ​៕​ដោយៈ មុនី​រ័ត្ន​/sn