អ្នកនាំពាក្យ​គ​.​ជ​.​បៈ ស្លាក​លេខ​រដ្ឋសភា​-​ព្រឹទ្ធសភា អាច​ហែ​ក្បួន​ឃោសនា​បាន

1249
ចែករម្លែក

ដោយៈមុនីរ័ត្ន/ ភ្នំពេញៈ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា នេះ​ថា ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋសភា និង​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា គឺអាច​ចូលរួម​ហែ​ក្បួ​ឃោសនាបោះឆ្នោត​បាន​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​មានការ​យល់ច្រឡំ​ថា រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋសភា – ព្រឹទ្ធសភា មិនអាច​យកទៅ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​បាន​។

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (រូបឯកសារ)

យោងតាម​ច្បាប់​ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រង់​ប្រការ ៧.៤.១​បាន​ចែងថា ហាម​ប្រើប្រាស់​ថវិកា សម្ភារ មធ្យោបាយ​ដឹកជញ្ជូន​ដែលជា​សម្បត្តិ​របស់​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​ឲ្យ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ និង​មហា​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ដែលជា​សម្បត្តិ​របស់​រដ្ឋ ដើម្បី​ដឹកជញ្ជូន​អ្នកបោះឆ្នោត​ទៅកាន់​ការិយាល័យ​បោះឆ្នោត​។ ៧.៤.២ ៖ មធ្យោបាយ​ដឹកជញ្ជូន​ដែលជា​សម្បត្តិ​រដ្ឋ ត្រូវបាន​កំណត់​ដូចជា រថយន្ត ទោចក្រយានយន្ត និង​ជលយាន​គ្រប់​ប្រភេទ ដែល​ប្រើប្រាស់​ស្លា​កល​លេខ​រាជការ ឬ​/​និង​រដ្ឋ នគរបាល ខេមរភូមិន្ទ និង​រាជរដ្ឋាភិបាល​៕សរន