អ្នកនាំពាក្យ​ឆ្លើយតប​ទៅ​អ្នកវិភាគ​រឿង​ចាប់​ជន​ជាតិចិន​ប្រព្រឹត្ត​បទល្មើស​

366
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ មុនី​រ័ត្ន​)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានធ្វើ​ការបដិសេធ​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់​អ្នកវិភាគ​មួយចំនួន​ចំពោះ​ការចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ទៅ​ប្រទេស​ចិន​វិញ គឺ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន និង​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់ ដែល​អាច​បណ្តាល​ឲ្យ​មានការ​ភ័ន្តច្រឡំ​ចំពោះ​វិធានការ និង​ដំណើរការ​នីតិវិធី​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៦ ខែសីហា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ស្តាប់​ការផ្សាយ​និង​អាន​អត្ថបទ​ចុះផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក (VOA) អំពី​ការចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ទៅ​ប្រទេស​ចិន​វិញ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណ​ជនជាតិ​អន្តរជាតិ ឲ្យ​បាន​ជ្រាប​ដូចតទៅ​៖​ការចាប់ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស និង​ការបណ្តេញ​ជនជាតិ​ចិន​ទាំងនេះ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ធ្វើឡើង​ផ្អែក​តាម​ស្មារតី​នៃ​អនុស្សរណៈ​រវាង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ជនល្មើស​ដែល​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ជន​ដែលមាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ចិន ដែល​នឹងត្រូវ​យកទៅអនុវត្ត​នី​តិ​វិធី​បន្ត​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ប្រទេស​ចិន ពោលគឺ​មិន​ដោះលែង​ឲ្យ​រួចខ្លួន​នោះទេ​។ ជនល្មើស​បរទេស​ទាំង​ឡាយ ដែល​ត្រូវបាន​ចាប់ខ្លួន និង​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ នឹងត្រូវ​ដាក់បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ (Black List) នៃ​ប្រព័ន្ធគ្រប់គ្រង​អន្តោប្រវេសន៍ ហើយ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូលមក​កម្ពុជា ជាថ្មី​ទៀតឡើយ​។​

ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩


​អ្នកនាំពាក្យ​បាន​បន្តថា កន្លងមក​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ធ្លាប់បាន​ចាប់បញ្ជូន​ខ្លួន​ជនបរទេស​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​របស់ខ្លួន ឲ្យ​ទៅ​ប្រទេស​ខ្លួន​វិញ​ផងដែរ ស្របតាម​ស្មារតី​នៃ​អនុស្សរណៈ​រវាង​ប្រទេស​ទាំងពីរ​។ ចាប់ពី​ឆ្នាំ​២០១៤ ដល់​ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​បណ្តេញចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង ២.៧០០​នាក់ ដែល​ចំនួន​នេះ​អាចជា​អ​ម្រែ​ក​ដ៏​ធ្ងន់​មួយ​នៃ​ថវិកាជាតិ ប្រសិនបើ​ជន​ទាំងនេះ​ត្រូវបាន​ឃុំឃាំង​នៅ​ប្រទេស​កម្ពុជា​។ រាល់​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស និង​ចាប់ខ្លួន​ជនល្មើស ទោះបីជា​ជនល្មើស​នោះ​ជា​ពលរដ្ឋ​ខ្មែរ ឬ​ជា​ជនបរទេស​ក្តី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់​តាមផ្លូវ​ច្បាប់​ជាមុន​។​


​ជាមួយគ្នានេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានធ្វើ​ការបដិសេធ​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់​អ្នកវិភាគ​មួយចំនួន​ចំពោះ​បញ្ហា​នេះ ដែល​បានលើកឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ព័ត៌មាន និង​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់ ដែល​អាច​បណ្តាល​ឲ្យ​សាធារណមតិ​ជាតិ​-​អន្តរជាតិ មានការ​ភ័ន្តច្រឡំ​ចំពោះ​វិធានការ និង​ដំណើរការ​នីតិវិធី​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រសួងមហាផ្ទៃ​នឹង​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​៕សរន

ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩
ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩
#