អ្នកនាំពាក្យ​បក្ស​កាន់អំណាច ថា សម រង្ស៊ី ទេ ដែល​កំពុង​ប្រទូស្ដ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​

1178

(​ភ្នំពេញ​) ៖ លោក សម រង្ស៊ី បាន​លើកឡើងថា​«​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ពីព្រោះ​យើង​អត់​មាន​សង្គ្រាម ជាមួយ​ប្រទេសជិតខាង​ណាមួយ​ទេ តែមាន​សង្គ្រាម​មួយ​យ៉ាងពិត​ប្រាកដ គឺ​សង្គ្រាម​ដែល ហ៊ុន សែន កំពុងតែ​ធ្វើ ប្រឆាំងនឹង​ប្រជារាស្ត្រ​ខ្លួនឯង​ដោយ​គាបសង្កត់​ប្រជា​ពល​​រដ្ឋ​គ្រប់បែបយ៉ាង ហើយ​យក​កងកម្លាំងប្រដាប់អាវុធ ប្រើ​ហិង្សា មក​បង្ក្រាប​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​»​។

​ឆ្លើយតប​នឹង​ការលើកឡើង​របស់ ទណ្ឌិត​រូបនេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បញ្ជាក់ថា គឺ​សម រង្ស៊ី ទេ​ដែល​កំពុង​ប្រទូស្ដ​នឹង​​ប្រជាពលរដ្ឋ​កម្ពុជា​។​
​ ​
​លោក សុខ ឥសាន តាមរយៈ​សំណេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡា​ក្រាម នៅ​រសៀល​ថ្ងៃទី​៦ ខែធ្នូ​ម្សិលមិញ បាន​លើកឡើងថា “​សម រង្ស៊ី ជា​ទណ្ឌិត និង​ជា​ជន​ក្បត់ជាតិ​សួរ​ពូជ តាំងពី​ឳ​ពុក​មក តែងតែ​ប្រព្រឹត្ត​អំពើ​ប្រទូស្ដ​រាយ​ចំពោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​”​។​
​ ​
​ជា​អំណះអំណាង​នេះ លោក សុខ ឥសាន បាន​លើក​នូវ​មូលហេតុ​ជាច្រើន​ថា លោក សម រង្ស៊ី ៖

– ធ្វើ​សកម្ម​ភាពជា​ឧបសគ្គ​រារាំង​ដល់​ការរីកចម្រើន​ទៅមុខ​របស់​ប្រទេសជាតិ​។​

– ប្រព្រឹត្ត​តែ​អំពើ​ប្រទូស្ដ​រាយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​ក​ម្ព​ជា ។​

– បំផ្លាញ​នីតិរដ្ឋ​នៅ​កម្ពុជា ។​

– បំផ្លាញ​សន្តិភាព ស្ថេរភាព​នយោបាយ​និង​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា ។​

– ប្រព្រឹត្ត​តែ​អំពើ​ញុះញង់​ឲ្យ​មានការ​បែកបាក់​ជាតិ និង​រើសអើង​ក្នុង​សង្គមជាតិ​។​

– ញុះញង់​ឲ្យ​មានការ​រើសអើង​និង​ប្រកាន់​ជាតិ​សាសន៍ ចង់​បង្ក​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង ។​

– ដើរ​ញុះញង់​និង​អង្វរ​ប្រទេស​នានា​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច មកលើ​រាជរដ្ឋាភិបាល​កម្ពុជា នាំ​ដល់​មាន​បញ្ហា​អត់​ការងារ​ធ្វើ​របស់​កម្មករ និយោជិត និង​មាន​ជីវភាព​លំបាក់​។​

-​ញុះញង់​ឲ្យ​កងក​ម្លាំ​ប្រដាប់អាវុធ ងាក​ចុង​កាំភ្លើង​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​របស់ខ្លួន ។​
​ ​
​មន្ដ្រី​នាំពាក្យ​រូបនេះ បន្ដថា សកម្មភាព​ទាំងឡាយ​របស់​សម រង្សី​បញ្ជាក់​ច្បាស់​ថា ទណ្ឌិត​សម រង្សី ពិតជា​ជន​ក្បត់ជាតិ ត​ពី​ឳ​ពុក​ឈ្មោះ សម សារី ជា​ជន​ក្បត់ជាតិ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​នា​ទសវត្ស​រ៏​ឆ្នាំ​១៩៥០ មក​។ រាល់​សកម្មភាព​របស់ សម រង្សី​គឺ​មិន​ចង់​ឲ្យ​ប្រទេសជាតិ​​មាន​សន្តិភាព ស្ថេរភាព​នយោបាយ​និង​ប្រជាជនមាន​ជីវភាព​សម្បូរ​សប្បាយ រីកចម្រើន​រុងរឿង​ទេ​៕​ដោយៈ​វិបុល​/sn