អ្នកនាំពាក្យ​ប៉ូលិស​បដិសេធ​ព័​ត៌មាន​ចាប់ខ្លួន​អតីតមន្ត្រី​បក្សប្រឆាំង​នៅ​ខេត្តកំពង់ចាម​

1659
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​(រូបឯកសារ)

ដោយៈ ឫទ្ធិ​ស័ក្តិ/ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបដិសេធ និង​ច្រានចោល​ចំពោះ​ព័​ត៌មាន​មួយចំនួន​ដែល​បាន​ផ្សព្វផ្សាយ​ថា ប៉ូលិស​ខេត្តកំពង់ចាម បាន​ចាប់ខ្លួន​លោក​គង់ វង្ស អតីតមន្ត្រីនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី​២១ ខែសីហាថា គឺជា​ព័​ត៌​មាន​មិន​ពិត និង​មួលបង្កាច់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កេងចំណេញ​នយោបាយ​។​


ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បានធ្វើការ​ផ្សព្វផ្សាយ​ព័​ត៌​មាន​ថា សមត្ថកិច្ច​ខេត្តកំពង់ចាម​បាន​ចាប់​ខ្លួ​លោក​គង់ ស៊ីវ​ង្ស នៅ​សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី​២១ ខែសីហា​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ​ថា កាលពី​យប់​ថ្ងៃទី​២១ ខែសីហា អាជ្ញាធរខេត្ត​កំពង់ចាម បាន​ចុះ​ធ្វើ​ការងាររដ្ឋបាល ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា​ត្រឹមត្រូវ ប៉ុន្តែ​ផ្ទះ​របស់លោក គង់ ស៊ីវ​ង្ស មិន​សហការ​ជាមួយ​អាជ្ញាធរ​ទេ គឺ​មិន​ឲ្យ​ចូល​ពិនិត្យ​ទេ​។​សមត្ថកិច្ច​ក៏​មិនបាន​ចូលទៅ​ឆេ​កនៅ​ក្នុងផ្ទះ​លោក​គង់ ស៊ីវ​ង្ស ដែរ និង​មិនមាន​ការចាប់ខ្លួន​ទេ​។


​អ្នកនាំពាក្យ​ប៉ូលិស​បាន​បញ្ជាក់ថា “​គ្រាន់តែ​សមត្ថកិច្ច​ធ្វើ​ការងាររដ្ឋបាល​អត់​បានដែរ មិនដឹង​អាជ្ញាធរ​របៀប​ម៉េច​ឥឡូវនេះ? ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គេ​ធ្វើតាម​នីតិវិធី​មាន​ព្រះរាជអាជ្ញា​ចូលរួម ធម្មតា​យប់​ចូល​ផ្ទះ​គេ​មិន​បានទេ តែមាន​ព្រះរាជអាជ្ញា​ធានា​ខុសត្រូវ ក៏ប៉ុន្តែ​សម្រាប់​គាត់​នេះ (​លោក​គង់ ស៊ីវ​ង្ស​) គាត់​អត់​សហការ​ជាមួយ​អាជ្ញាធរ​ផង​នឹង ហើយ​គេ​មាន​ចូលទៅ​ចាប់គាត់​នៅក្នុង​ផ្ទះ​ឯណា​? អត់​មាន​ចាប់​មនុស្ស​ទេ ហើយក៏​អត់​មាន​ទៅ​ឆែក​ឆេរ​ផ្ទះ​គាត់​ដែរ​។ ចំពោះ​ព័​ត៌​មាន​ដែលថា ចាប់ខ្លួន​គាត់ គឺជា​ព័​ត៌មាន​បំផ្លើស​”​៕សរន

#