អ្នកនាំពាក្យ​ប៉ូលិស​: មិនទាន់​ចាប់បាន​មេខ្លោង​សង្គមងងឹត​ចិន​ប្រកាស​បង្ក​អសន្តិសុខ នៅ​ខេត្ត​ព្រះសីហនុ​

913
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែឧសភា​នេះ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​កម្ពុជា​និង​ចិន នៅ​មិនទាន់បាន​ចាប់ខ្លួន​ជនសង្ស័យ ដែល​បានប្រកាស​បង្ក​អសន្តិសុខ​នៅក្នុង​ខេត្ត​ព្រះសីហនុ នៅឡើយ​ទេ​។

​ការ​ថ្លែង​បញ្ជាក់​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បានធ្វើការ​ផ្សព្វផ្សាយ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេខ្លោង​ក្រុម​សង្គម និង​មិត្ត​ចិន​ដែល​បាន​ប្រកាន់​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា ទាក់ទង​ករណី​ជនសង្ស័យ​បាន​ប្រការ​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ ដើម្បី​តាមរក​ក្រុម​ជនសង្ស័យ​ទាំងនោះ​។ ប៉ុន្តែ​គេ​ឃើញ​សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​។ ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​កម្ពុជា នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​អ្វី​ពី​ករណីនេះ​នៅឡើយ​ទេ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​កំពុងតែធ្វើការ​ស្រាវជ្រាវ រក​ជនសង្ស័យ​ដែល​បានប្រកាស​តាម​វីដេអូ​ខ្លី​នោះ​។ ហើយ​ភាគី​ចិន​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប បាន​ចាក​ចេញពី​កម្ពុជា​តាំងពី​ចុងខែ​មីនា​។ ប៉ូលិស​ចិន​ក៏​កំពុងតែធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ផងដែរ​”​។​

​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប​ដែលមាន​រយៈពេល ៩​វិនាទី គឺ ឃើញ​មាន​ក្រុម​ជនជាតិ​ចិន​ប្រមាណ​ជាង ១០​នាក់ និង​មាន​សាក់​លើ​ខ្លួន ដោយ​ក្នុងនោះ​ឃើញ​បុរស​ពាក់អាវ​យឺត​ស បានប្រកាស​ខ្លាំងៗ ថា កំពង់សោម​មាន​ស្ថេរភាព ឬ​អត់ ស៊ីសង លើ​ក្រុម​វា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុមសង្គមងងឹត​ចិន​មួយ ក្រុម​នោះ​ហើយ​។​

​បន្ទាប់ ពី​លេចចេញ វិ​ដេ​អូ​ក្រុម សង្គមងងឹត​ចិន​ប្រកាស​បែបនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប ក្រុមសង្គមងងឹត​ចិន​នេះ ដើម្បី​យកមក​ចាត់វិធានការ​តាមច្បាប់​កម្ពុជា​។​

​ចំណែក​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​វីដេអូ​ជនជាតិ​ចិន​សង្ស័យ​ពាក់ព័ន្ធ នឹង​សង្គមងងឹត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​។​

​យោងតាម​ទំព័រ​ស្ថានទូត ចិន កាលពី​យប់​ថ្ងៃទី​១២ ខែឧសភា បាន​ឲ្យ​ដឹងថា “​ក្នុងពេល​ថ្មីៗ​នេះ បុរស​ជាង​ដប់​នាក់​ដែល​ហៅ​ខ្លួនឯង​ជា​ជនជាតិ​ចិន​មកពី​ទីក្រុង Chongqing បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គមងងឹត និយាយ​យ៉ាង​ក្អេងក្អាង​ថា នឹង​បំពុល ដល់​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ និង​បាន​ជួយ​សម្របសម្រួល​ដល់​ស​ម​ត្ថ​កិច្ច​នៃ​ប្រទេស​ចិន និង​កម្ពុជា ដើម្បី​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​បញ្ហា​មួយ​នេះ​។ ជឿជាក់ថា ការពិត​នៃ​បញ្ហា​នេះ នឹង​ត្រូវបាន​លាតត្រដាង​ក្នុងពេល​ឆាប់ៗ ករណី​មានការ​វិវត្តន៍​អ្វី​ថ្មី យើងខ្ញុំ​នឹងធ្វើ​ការប្រកាស​ជូនដំណឹង​បន្តទៀត​ឲ្យ​បាន​ទាន់ពេល​”៕ ល​