អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ សូមកុំបារម្ភ​ចំពោះ​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា តែ​ត្រូវ​ចាប់យក​ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ

499
ចែករម្លែក
  • 189
    Shares


ដោយ​:​វិបុល​/​ភ្នំពេញ ៖ “​សូមកុំ​បារម្ភ​ចំពោះ​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា តែ​ត្រូវ​ចាប់​យក​ជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​” នេះ​ជាការ​លើកឡើង​របស់ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។​

តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​អមដោយ​សេចក្ដីប្រកាស​ព័ត៌មាន​ជាមួយគ្នា​ផង​នេះ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា បាតុភូត​នៃ​ការអភិវឌ្ឍន៍ ដៃគូរ​កម្ពុជា​-​ចិន​នេះ គឺ​បង្ហាញ​ជាក់ស្ដែង​នូវ​ជំនឿ​របស់​អ្នកវិនិយោគ​ជា​ដៃគូ​រទាំង​ជាតិ និង​អន្តរជាតិ ក្នុងការ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចពង្រឹង សន្តិភាព ស្ថិរភាព និង​បរិយាកាស​នយោបាយ​ល្អ និង​ថាមពល ក្នុង​កិច្ច​បណ្ដាក់ទុន និង​ពាណិជ្ជកម្ម​។​

លោក​អះអាង​បន្ដថា វឌ្ឍនភាព ក្រុងព្រះសីហនុ មិន​ត្រឹមតែ​ជា​មោទនភាព នៃ​វិបុល​ភាព​​របស់​កម្ពុជា ដែលជា​ដៃគូរ​ជាមួយ​ចិន​នោះទេ ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ និង​រស់​រវើក​របស់​អាស៊ាន​ផងដែរ​។ ដូចនេះ​ក្រុង និង​ខេត្ត​ព្រះសីហនុ រួមជាមួយ​នឹង​បណ្ដា​ខេត្ត​នានា នៅតាម​ឆ្នេរសមុទ្រ គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​មិត្តភាព សន្តិភាព សហប្រតិបត្តិ​ការណ៍ និង​ការអភិវឌ្ឍ​រួមជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត និង​ឱកាស​រីករាយ ដែលជា​ជម្រើស​ដ៏​ឧ​ត្ដុង​ឧ​ត្ត​ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍ និង​ឧស្សាហកម្ម​ផ្សេងៗ ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​។ ឱកាស​ទីផ្សារ​ថ្មី​បន្ថែមទៀត​ចំពោះ​កសិករ ពលករ ពាណិជ្ជករ និង​សេវាកម្ម​ជាច្រើន កើនឡើង​បន្ថែម​ទៀត ទាំង​បរិមាណ និង​គុណភាព​។ ទីក្រុង​ជាប់​សមុទ្រ​នេះ និង​ក្លាយ​ក្នុង​រយៈពេល​ដ៏​ខ្លី ជាទី​ក្រុង​ទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហរិញ្ញវត្ថុ និង​ឧស្សាហកម្ម​ដូច​បណ្ដា​ទីក្រុង​អន្តរជាតិ​ដទៃទៀត នៅតាម​ឆ្នេរសមុទ្រ​ដែល​រួមចំណែក​សកម្មភាព​ប្រកប ដោយ​ឥទ្ធិពល នៅក្នុង​តំបន់​ក៏ដូចជា​អន្តរជាតិ​ផងដែរ​។​

លោក​បាន​អះអាង​បន្ថែមថា “…​ចិន​មក​នៅ​ខ្មែរ មិនមែន​ទើប​មក​នៅ​ឥលូវ​នេះ​ទេ ចិន​មក​នៅ​តាំងពីដើម​…​ចិន​ទាំងអស់​មក​នៅ​ស្រុក​ខ្មែរ ចិន​ក្លាយ​ទៅ​ខ្មែរ​…​ចិន​មក​នៅ​ខ្មែរ មិនមែន​ក្លាយទៅជា​អ្នក​អាងយ៉ាង អ្នកត្រួតត្រា​យើង​នោះទេ ក៏ប៉ុន្តែ​ចិន​ក្លាយទៅជា​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ល្អ​…​យើង​អត់​មាន​អ្វី​ដែលជា​ភាព​ប្រឈម​នឹង​គ្នា​នោះទេ​…​អាហ្នឹង​នៅក្នុង​តម្លៃ​តម្លៃ​នៃ​វប្បធម៌ យើង​អាច​នៅ​ជាមួយគ្នា​បាន​…”​។​

លោក​បន្ដថា “…​ចិន​នាំមក​នូវ​លុយ​មក​បណ្ដាក់ទុន​…​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កំពុងសោម​លោក​ទទួលបាន​ប្រាក់​បំណាច់​ពី​ការលក់​ដី​ទៅទៀត ក៏ប៉ុន្តែ​ចិន​អត់​មាន​សិទ្ធិ​កាន់កាប់​ដី​ទេ ដី​ហ្នឹង​វា​អាច​នៅ​នឹង​ដៃ​ខ្មែរ ឬក៏​នៅក្នុង​អាជីវកម្ម​ណាមួយ ដែល​យើង​អាច​រឹបអូស​នៅពេលណា​ដែល​គេ​ធ្វើ​ខុស​បាន​…​ចិន​មិនបាន​នាំ​គ្រាប់បែក​មក​ទម្លាក់​នៅ​កម្ពុជា​ទេ​…​ចិន​មក​ទីនេះ​គ្រាន់តែ​ជា​វត្តមាន​នៃ​សន្ដិភាព វត្ត​មាននៃ​សហប្រតិបត្តិការ ភាពជា​ដៃគូ ក្នុងការ​ពង្រឹងសមត្ថភាព​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព​ស​ម្រា​ប់​ការប្រកួតប្រជែង​ជាមួយ​ខាងក្រៅ​…”​។​

​លោក​បាន​សង្កត់ធ្ងន់ថា លោក​មិន​យល់​ទាស់​ចំពោះ​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​នោះទេ ដោយហេតុថា នោះ​ជា​សិទ្ធិ​សេរីភាព និង​មនសិកា​ក្នុងការ​ស្រឡាញ់​ជាតិ​របស់​ពួកគាត់ “…​ការភ័យព្រួយ​អាហ្នឹង គឺ​គោរព​នូវ​កា​ស្រឡាញ់​ជាតិ ការការពារ​ជាតិ នៅក្រោម​សម័យកាល​របស់​តេ​ជោ​សែន លោក​មាន​សិទ្ធិ​នឹង​ព្រួយបារម្ភ​…​ក៏ប៉ុន្តែ​ក្នុងនាម​រាជរដ្ឋាភិបាល​សូម​ជំរាបជូន​ថា យើង​គ្រប់គ្រង​បាន​…​អ្វីដែល​យើង​បាន​គឺ​ឱកាស នៃ​ពាណិជ្ជកម្ម​…”៕B/