អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ហៅ​ប្រធាន​អង្គការ​លីកាដូ​-​ធាងត្នោត​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​នៅ​ថ្ងៃទី​៤​កញ្ញា​

445
ចែករម្លែក
​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ (រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករ​រដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចេញ​លិខិត អញ្ជើញ​ប្រធាន​អង្គការ​លីកាដូ និង​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ចង្អៀត​ស្តីពី “​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​” នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​។ នេះ​បើ​យោងតាម​លិខិតអញ្ជើញ​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។​


​នៅក្នុង​លិខិត​គឺ​បាន​អញ្ជើញ​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ និង​លោក​សឿង សារ៉ន នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត បាន​ឲ្យ​ដឹងថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​កិច្ចពិភាក្សា​ចង្អៀត​ស្តីពី “​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​” នៅក្នុង​បរិបទ ភាពជា​ដៃគូ សម្រាប់​សិទ្ធិ នៃ​ការ​បញ្ចេញយោបល់ និង​សិទ្ធិ​ទទួលបាន​ព័​ត៍​មាន ដើម្បី​ធានាបាន នូវ​ការទទួលបាន​ព័ត៌មាន​ពិត​សម្រាប់់​សាធារណជន​។ កិច្ចពិភាក្សា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែកញ្ញា វេលា​ម៉ោង​២:៣០​រសៀល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទប់​លេខ ១១១ ជាន់​ទី​១​។​

​លោក​សឿង សារ៉ន នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត (​រូប​ថ​តៈ ឯកសារ​)


​លោក​អំ សំអាត នាយករង​អង្គការ​លីកាដូ បាន​ប្រាប់​រស្មី​កម្ពុជា​ថា អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បានទទួល​លិខិតអញ្ជើញ​ឲ្យ​ចូលរួម​កិច្ចពិភាក្សា​ចង្អៀត​ស្តីពី “​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​” នៅ​ថ្ងៃទី​៤ ខែកញ្ញា ហើយ​។​នាយករង​អង្គការ​លីកាដូ បាន​បញ្ជាក់ថា អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ស្វាគមន៍​សហការ​ជានិច្ច បើ​មានការ​អញ្ជើញ​ចូលរួម​ប្រជុំ ឬក៏​ជជែក​ពិភាក្សាគ្នា គឺ​នឹងចូលរួម​ដើម្បី​ជជែក​គ្នា​។ ដោយ​លោក​បាន​បញ្ជាក់ថា “​របាយការណ៍​ដែល​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ចេញ​កន្លងមក​យើង​មិនមាន​គំនិត​អី​ផ្សេង ក្រៅតែពី​ដូច​នៅក្នុង​អនុសាសន៍​របស់​របាយ​ការណ៍​នឹង គឺ​យើង​ចង់​ឲ្យ​មានការ​សិក្សា​និង​ស្រាវជ្រាវ​បន្ថែម ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ករណី​ជា​ឧទាហរណ៍​ដែល​យើង​បាន​លើក​នៅក្នុង​របាយការណ៍​នឹង​បន្តទៀត ពីព្រោះ​កើត​ចឹ​ង​ឡើងមក​វា​ប៉ះពាល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​រដ្ឋាភិបាល​។ អ្វីដែល​យើង​ចង់បាន គឺ​កុំ​ឲ្យ​វា​មាន​បញ្ហា​នឹង​កើតឡើង អញ្ចឹង​បើក​ម្ចី​នឹង​វា​បានល្អ​មិនមាន​ប៉ះពាល់​ភាគ​ខ្លះ ទោះជា​តិច​ឬ​ច្រើនតែ​ប៉ះពាល់​ក៏​វា​មិនសូវ​ល្អ​ដែរ​។ បើសិនជា​អត់​ប៉ះពាល់​វា​ជា​ការល្អ ផលចំណេញ​គឺ​រដ្ឋាភិបាល​”​។​


​លោក​ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្តីពី មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់ កាលពី​ថ្ងៃទី​២៩ ខែសីហា ថា រាជរដ្ឋាភិបាល អញ្ជើញ​ភាគី​ខាង​អង្គការសិទ្ធិមនុស្ស​លីកាដូ និង​សមាគម​ធាងត្នោត ដោយមាន​ការចូលរួម​ពី​អ្នកស្រាវជ្រាវ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ខាង​ធនាគារជាតិ​កម្ពុជា និង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ទៅ​ជជែក​គ្នា​ស្វែងរក​ការពិត បន្ទាប់ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ​នេះ បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ ស្តីពី​បំណុល​ប្រជាពលរដ្ឋ ធ្វើឱ្យមាន​ការយល់ច្រឡំ និង​មាន​លក្ខណៈ​នយោបាយ​។


​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឆ្លើយតប​នឹង​សំណួរ វី​អូ​អេ (VOA) តើ​យើង ធ្វើ យ៉ាងម៉េច​ចំពោះ​របាយការណ៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ​នោះ​? ចំពោះ​ខ្ញុំ​យើង​មាន​វិធានការ ក៏ប៉ុន្តែ​វិធានការ​យ៉ាងណា យើង​ផ្តល់ព័ត៌មាន​នៅក្នុង​សេរីភាព នៅក្នុង​ការបញ្ចេញ​យោបល់​។ ខ្ញុំ​ចាត់ទុកថា អ្វី​ដែលជា Report (​របាយការណ៍​) របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ​ហ្នឹង ថា​ជាការ​បញ្ចេញយោបល់​តែ​ប៉ុណ្ណឹង ហើយ​ទាំងអស់គ្នា ទាំង​អ្នកស្រាវជ្រាវ​មិនអាច​ទទួលយកបាន ខាង​ធនាគារ​ក៏​មិនអាច​ទទួលយកបាន​”​។ លោក​នឹង​ត្រៀមលក្ខណៈ អញ្ជើញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ មក​ចូលរួម​ដើម្បី​ជជែក​គ្នា តើ​ការលើកឡើង​របស់គាត់​ត្រឹមត្រូវ​ដែរឬទេ​?​។ ហើយ​ការលើកឡើង​មាន​ទឡ្ហីករណ៍​អ្វីខ្លះ​? ។ លោក​នឹង​រៀបចំ​វេទិកា​មួយ​បិទទ្វារ អញ្ជើញ​ខាង​ធនាគារ អញ្ជើញ​ផ្នែក​ស្រាវជ្រាវ​ទាំងអស់គ្នា សមភាព​ទាំងអស់គ្នា មក​អង្គុយ​ជជែក​គ្នា​។ យើង​អត់​ឈរលើ​ស្ថានភាព ឬ​ជំហរ ច្រានចោល​ថ្កោលទោស​នោះទេ យើង​មក​ស្រាវជ្រាវ​។​


​ជាមួយគ្នានេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​អរគុណ​ដល់​អង្គការ​លី​កាដូ និង​សមាគម​ធាងត្នោត ដែល​បានលើកឡើង​របាយការណ៍ របស់ខ្លួន​កន្លងមក ប៉ុន្តែ​ខាង​រាជរដ្ឋាភិបាល មិនទាន់​ជឿជាក់​របាយការណ៍ របស់​អង្គការ​សង្គម​ស៉ី​វិល​ទាំងពីរ​នោះទេ​។
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ហៅ​របាយការណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ ដោយ​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ជា​ព័ត៌មាន​ក្លែងក្លាយ​។ លោក​ស​ង្ឈឹ​ម​ថា អង្គការ​ទាំងពីរ​នេះ នឹងមាន​ភាពក្លាហាន ចូលទៅ​ជជែក​រក​ខុសត្រូវ តប​តាម​ការអញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​ផងដែរ​។​


​សូមជម្រាបថា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) បាន​ប្រតិកម្ម​ជាមួយ​របាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គការសិទ្ធិមនុស្ស លីកាដូ និង​សមាគម​ធាងត្នោត​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩) ដែលមាន​ចំណងជើង​ថា «​ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​បញ្ចាំ​» មិន​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះទេ​និង​ហើយ​របាយការណ៍​នេះ​ផ្តោត​តែ​ទៅលើ​គុណវិបត្តិ​ដើម្បី​បង្កើត​ឲ្យ​មាន​រូប​ភាពជា​អវិជ្ជមាន​ដែល​គ្មាន​ភាពប្រាកដនិយម​ទៅលើ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។


​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា ស្របពេល​ការសិក្សា​ផ្សេងៗ​ត្រូវបាន​ធ្វើឡើង​តែ​លើ​២៨​ករណី ក្នុងចំណោម​អ្នក​ខ្ចីប្រាក់​ច្រើនជាង​ពីរលាន​នាក់​នៅក្នុង​សៀវភៅ​កំណត់ត្រា​នាពេល​បច្ចុប្បន្ន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា របាយការណ៍​នេះ មិន​បង្ហាញ​ពី​ភាពជាក់ស្តែង​ទៅលើ​រូបភាព​ទាំងស្រុង​លើ​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​ឡើយ​ផ្ទុយទៅវិញ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​និង​បាន​បង្កើន​កម្រិត​នៃ​ការជួយ​ផ្តល់ទុន​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ជាមួយគ្នានេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏បាន​ទាមទារ​ឲ្យ​អ្នកសរសេរ​របាយការណ៍​នេះ​ផ្តល់នូវ​សេចក្តីលម្អិត​នៃ​របាយការណ៍​ដល់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​លើ​ករណី​សិក្សា​ទាំងនោះ​ដើម្បី​ឲ្យ​សមាជិកសមាគម​ស្វែងយល់​ឲ្យ​បាន​កាន់តែច្បាស់​ពី​ភាពត្រឹមត្រូវ​ទៅលើ​សាវតា​នៃ​របាយការណ៍​នេះ​៕​សរន​

#