អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​:​មិនមាន​បិទ​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩

106
ចែករម្លែក
លោកផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ច​ចាម​អារាម​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា “​រាជរដ្ឋាភិបាល​គ្រោង​បិទ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ ១៩” ។​នេះ​គឺជា​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ភាពចលាចល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​សង្គម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​២៤ ខែមីនា បាន​បញ្ជាក់ថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​ច្រានចោល​ទាំងស្រុង​នូវ​សារ​សំឡេង​ដែល​លាក់​ប្រភព ត្រូវបាន​ចែកចាយ​តាម​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ថា “​រាជរដ្ឋាភិបាល​គ្រោង​បិទ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ ១៩”​។
អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បន្តថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​វីរុស​កូវ​ដី ១៩ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន ក៏ដូចជា​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​ជាច្រើនរូប ជា​អនុប្រធាន រួមទាំង​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​អនុប្រធាន​ប្រចាំការ បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​ជាទីបំផុត និង​បន្តបន្ទាប់ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​វីរុស​កូ​វីដ ១៩​។
ជាមួយគ្នានេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​សារជាថ្មី ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្លន់ស្លោ ដែល​នាំ​ឲ្យ​មាន​ភាពចលាចល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់​សង្គម និង​ជាពិសេស​បង្ក​ឲ្យ​ឡើងថ្លៃ​ទំនិញ​ហូ​សហេតុ ដោយ​មិន​សម​ហ​ហេតុផល​។​
អង្គភាព​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ប្រភពព័ត៌មាន​ពិតប្រាកដ និង​ផ្លូវការ​ពី​ស្ថានការណ៍​វីរុស​កូ​វីដ ១៩ គឺជា​ប្រភព​ចេញពី​ក្រសួងសុខាភិបាល​។ លើសពីនេះ​ទៀត ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងអស់ មាន​ចម្ងល់​ផ្សេងៗ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល ១១៥ ឬ​លេខ​ទូរស័ព្ទ​ហេតុការណ៍​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ០៧០ ៤០៤ ៩៨៤ , ០៨៨ ៧០៣ ៧៩ ៧២ , ០៧៨ ៦៣១ ៦៦៩៕​សរន​