អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រតិកម្ម​តប​រឿង​អាមេរិក​គ្រោង​នឹងដាក់​ទណ្ឌកម្ម​វី​សា​លើ​កម្ពុជា​

1087
ចែករម្លែក
  • 16
    Shares

(ភ្នំពេញ)៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​ប្រតិកម្ម​តប​ទៅនឹង​រដ្ឋបាល​របស់​ស​ហ​រដ្ឋ​អាមេរិក ដែល​គ្រោងនឹងដាក់​ទណ្ឌកម្ម​វី​សា(ទិដ្ឋាការ)លើ​ប្រទេស៤ ក្នុងនោះ​អាចមាន​ប្រទេស​កម្ពុជា​ផងដែរ​នោះ គឺជា​ការគំរាមកំហែង​មួយ​ដែល​ខ្វះ​កិច្ចសហប្រតិបត្តិការ​ជាមួយ និង​មិន​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​មួយ​ដែល​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា (​រូប​ថ​តៈ​ឯកសារ​)

​លោក​ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែសីហា ថា ទាក់ទង​ករណីនេះ មិនបានសេចក្តីថា កម្ពុជា​ច្រានចោល​មិន​សហការ​ក្នុង​កិច្ច​ទទួលយក​ទណ្ឌិត​ដែល​បាន​ជាប់ពន្ធនាគារ​រួចស្រេច​ហើយ ដែល​គេ​បាន​បណ្តេញ​ចេញពី​សហរ​ដ្ឋ​អាមេរិក គឺ​យើង​អត់​មាន​ជំហរ​ថា មិន​ទទួលយក​ទេ​។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ភាគី​ខាង​សហរដ្ឋអាមេរិក​ពិចារណា​តើ​ពាក់ព័ន្ធ​រឿង​សិទ្ធិមនុស្ស​ដែល​យើង​បំបែក​សមាជិក​ក្រុមគ្រួសារ​គេ​​ឲ្យ​ឈ្លាត​ឆ្ងាយ​មិនបាន​ឃើញ​មុខ​គ្នា តើ​វា​មាន​ផលប៉ះពាល់​យ៉ាងដូចម្តេច​?​។​
​ ​
អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា “​ការលើកឡើង​ដាក់ទណ្ឌកម្ម គឺជា​ការគំរាមកំហែង​មួយ​ដែល​ខ្វះ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដែល​ឈរ​ទៅលើ​គោលការណ៍​សិទ្ធិមនុស្ស​ជាធំ​នេះឯង​។ ការដាក់ទណ្ឌកម្ម​នេះ វា​មិន​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​មួយ​ដែល​ទទួលស្គាល់​ហើយ និង​គោរព​សិទ្ធិមនុស្ស​”​។​

​ការ​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ គ្រោង​នឹងដាក់​ទណ្ឌកម្ម​វី​សា លើ​ប្រទេស​៤ គឺ​ប្រទេស​កម្ពុជា អេ​រី​ទ្រី ហ្គី​ណេ និង​សេ​រ៉ា​ឡេ​អូន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ CNN នា​ថ្ងៃទី​២៤ ខែសីហា​នេះ​។ មូលហេតុ​គឺ​ដោយសារ​ប្រទេស​ទាំង ៤ បាន​បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​រប​ស់​ខ្លួន ដែល​ត្រូវបាន​អាមេរិក​និរទេស ដោយសារ​រស់នៅ​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​បទល្មើស​ក្នុង​សហរដ្ឋអាមេរិក​។​

​ចំណែក​ប្រភពពី Fox News បាន​ស្រង់​សម្ដី​មន្ដ្រី​ក្រសួងការបរទេស​អាមេរិក​ថា​៖ “​រដ្ឋមន្ដ្រី​ក្រសួងការបរទេស (​អាមេរិក​) កំពុង​សន្ទនា​ជាមួយ​ប្រទេស​ទាំងនោះ​។ យើង​ចង់​ប្រទេស​ទាំងនោះ​អនុលោម​តាមច្បាប់​ដែល​យើង​បានចែង​។ យើង​ចង់​ឲ្យ​ប្រទេស​ទាំងនោះមានលទ្ធភាព​អាច​នាំយក​ពលរដ្ឋ​រប​ស់​ពួកគេ​ត្រលប់​ទៅវិញ​”​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បានទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​មាតុភូមិនិវត្តន៍​មកពី​សហរដ្ឋអាមេរិក ២៥​លើក រួមមានមនុស្ស​៤១​នាក់​។ សរុបមក​ដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានធ្វើ​មាតុភូមិនិវត្តន៍​មកពី​សហរដ្ឋអាមេរិក​មាន ២២៦​លើក មនុស្ស​៥៤៤​នាក់ ៩​ស្រី​១៤​នាក់​) ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំងនោះ មាន​២៦​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ និង​មូលហេតុ​ផ្សេងៗ និង​១៣​នាក់ កំពុង​ជាប់ពន្ធនាគារ​៕​ដោយៈ មុនី​រ័ត្ន​