អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ចេញ​សេចក្តីប្រកាស​ព័ត៌មាន សំណុំរឿង​ជនជាប់ចោទ​កឹម​សុខា​

165
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៩​ខែធ្នូ​នេះ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ជុំវិញ​សំណុំរឿង​ជនជាប់ចោទ កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។
​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ថ្លែងថា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​នៅ​ថ្ងៃទី​៩​ខែធ្នូ ឆ្នាំ​២០១៩ និង បានសម្រេច ៖

១,​បណ្តឹងឧទ្ធរណ៍​លើ​ដីកា​ដំណោះស្រាយ​របស់​មេ​ធា​វី​ជនជាប់ចោទ​មិនអាច​ទទួលយកបាន​ដោយ​យោងតាម​មាត្រា​២៤៩​និង​មាត្រា​២៦៧​និង​មាត្រា​៤០៤​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដែល​មិន​អនុញ្ញាត​ឱ្យធ្វើ​បណ្តឹងឧទ្ធរណ៍​និង​ដីកា​ដំណោះស្រាយ​បញ្ជូន​ជនជាប់ចោទ​ទៅ​តុលាការ​ជំនុំជម្រះ​បានឡើយ ។​

២,​បណ្តឹងឧទ្ធរណ៍​ពី​ការសម្រេច​បន្ត​ការដាក់​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​សភា​ស៊ើបសួរ​បាន​បដិសេធចោល​ដោយមាន​ហេតុផល​ពាក់ព័ន្ធ​នឹង​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ។​ជាពិសេស​សម្រាប់​ធានា​វត្ត​មាននៃ​ដំណើរការ​នីតិវិធី​បន្ត​ដោយយោង​លើ​មាត្រា​២៦៧​កថាខណ្ឌ​ទី​៥ និង​មាត្រា​២៤៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​សូម​ជម្រាបជូន​សាធារណជន​ថា​ទោះបី​ជាមាន​បណ្ដឹង​ឧបាស្រ័យ​ដូច​បានបញ្ជាក់​ខាងលើ​ក៏ដោយ តាមផ្លូវ​ច្បាប់ និង​នីតិវិធី​ព្រហ្មទណ្ឌ ពុំមាន​អានុភាព​ណាមួយ​ផ្អាក ចំណាត់ការ​ជំនុំជម្រះ​លើ​ដីកា​ដំណោះស្រាយ​បន្ត នៅ​សាលាដំបូង​មាន​សមត្ថកិច្ច​ឡើយ ៕S/​