អ្នកនាំពាក្យ​សុខាភិបាលៈ សូម​មណ្ឌល​សុខភាព​មូលដ្ឋាន​ព្យាបាល​អ្នកជំងឺ​ផ្តាសាយ​ធម្មតា​

76
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ នៅក្នុង​សារ​ជា​សំឡេង​ផ្ញើ​ជូនទៅ​មន្ត្រី​នៅតាម​មណ្ឌល​សុខភាព​មូលដ្ឋាន​នានា លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ និង ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ក្រសួងសុខាភិបាល បាន​លើកឡើងថា មាន​សេចក្តីរាយការណ៍​យ៉ាងច្រើន ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ ១១៥ ថា មន្ត្រី​សុខាភិបាល​នៅតាម​មូលដ្ឋាន តែងតែ​បញ្ជូន​អ្នកមាន​រោគសញ្ញា​កើត​ជំងឺ​ផ្តាសាយ និង ក្តៅខ្លួន​ធម្មតា ឲ្យ​ទៅពិនិត្យ និង​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​រុ​ស្ស៉ី ដោយសារ​មន្ត្រី​មូលដ្ឋាន​យល់ថា ពួកគាត់​សុទ្ធតែ​សង្ស័យ​មានការ​ឆ្លង មេរោគ COVID-19 ។ អ្នក​ដែលមាន​រោគសញ្ញា​ផ្តាសាយ ក្តៅខ្លួន ក្អក ឬ​ហៀរ​សំបោរ សូមកុំ​សង្ស័យថា ពួកគាត់​ពាក់ព័ន្ធ​នឹង​ការឆ្លង​មេរោគ COVID-19 ឲ្យ​សោះ បើសិនជា​ពួកគាត់​គ្មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ឬ​ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​មេរោគ COVID-19 ឬ​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​សាកសព ដែល​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​គ្រប់​ប្រភេទ ដែល​ពុំ​បានធ្វើ​រោគវិនិច្ឆ័យ ។ ដូច្នេះ​សូម​មន្ត្រី​សុខាភិបាល ដែល​ធ្វើការ​នៅតាម​មណ្ឌល​សុខភាព​មូលដ្ឋាន បន្ត​ព្យាបាល​អ្នកជំងឺ​ផ្តាសាយ​ធម្មតា ចៀសវាង​គិតតែ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ឬ​មន្ទីរពេទ្យ​រុ​ស្ស៉ី ដោយ​គិតតែ​សង្ស័យ COVID-19

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ( រូបៈ មេសា )


​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា យើង​គ្មាន​ហេតុផល​ណា​ថា រាល់​អ្នក​ដែលមាន​រោគសញ្ញា​ផ្តាសាយ ក្តៅខ្លួន ក្អក ហៀរ​សំបោរ សុទ្ធតែ​សង្ស័យ COVID-19 ទេ សូម​បន្ត​ព្យាបាល​ជំងឺ​ធម្មតា​។ ប៉ុន្តែ​បើ​គាត់​ចេញ​រោគសញ្ញា​នេះ ហើយ​គាត់​ធ្លាប់មាន​ប្រវត្តិ ទើបតែ​មកពី​ស្រុក​ក្រៅ អំឡុងពេល ១៤ ថ្ងៃ យើង​អាច​ចាត់ទុកថា​គាត់​សង្ស័យ​មាន COVID-19 ឬ គាត់​ប៉ះពាល់​អ្នក​ដែល​ស្លាប់​ជំងឺ​ផ្លូវដង្ហើម ដែល​មិន​បានធ្វើ​រោគវិនិច្ឆ័យ ទើប​យើង​ចាត់ទុកថា​សង្ស័យ ។​


​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អះអាងថា មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់​រកឃើញថា ករណី​ឆ្លង​ជំងឺ ខូ​វីដ ១៩ នៅក្នុង​មូលដ្ឋាន​ទេ ពោល​ករណី​ឆ្លង​ទាំងអស់​នៅ​កម្ពុជា កើតឡើង​ពី​ប្រជាពលរដ្ឋ​ទើប​មកពី​ក្រៅប្រទេស ។ សម្រាប់​ករណី​ឆ្លង​នៅ​មូលដ្ឋាន​ខេត្តសៀមរាប​វិញ គឺ​អ្នកជំងឺ​រូប​នោះបាន​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​ជនជាតិ​ជប៉ុន​។​


​សេចក្តីប្រកាស​ចុងក្រោយ​របស់​ក្រសួងសុខាភិបាល ដែល​ត្រូវបាន​បណ្តាញ​ផ្សព្វផ្សាយ​នានា​ទទួលបាន និង ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ អ្នក​កើត COVID-19 នៅ​កម្ពុជា មាន​ចំនួន ៤៧ បន្ទាប់ពី​បាន​រកឃើញ​អ្នក​ឆ្លង ១០ ករណី​ទៀត​កាលពី​ថ្ងៃទី ១៩ នោះ ៕ Kh