អ្នកនាំពាក្យ​សុខាភិបាល​ថា​ក្មេង​ប្រកាច់​៣​នាក់​នៅ​ព្រះសីហនុ គ្មាន​សារធាតុ​ថ្មាំ​zoombie ទេ​

1417
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ អគ្គនាយិកា​បច្ចេកទេស និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ករណី​ក្មេង ៣ នាក់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រកាច់​នោះ បន្ទាប់ពី​ពិនិត្យ​រកសារ​ធាតុ​ញៀន​នៅក្នុង​ទឹកនោម ជា​លទ្ធផល​តេស្ត​ទឹកនោម​គឺ មាន​សារធាតុ Amphetamine និង Methamphetamine គឺ​មិនមែនជា ថ្នាំ​ប្រភេទ zoombie ទេ ហើយ មិនអាច​ដែរ ព្រោះ​បច្ចុប្បន្ន​ថ្នាំ Zoombie មិនទាន់មាន​លក្ខណៈ​ច្បាស់លាស់​នៅឡើយ​ទេ ដូច្នេះ​សូម​សាធារណជន កុំ​យល់ច្រឡំ និង កុំ​ជ្រួលច្របល់ ។​

​សូម​រំឭកថា ប៉ុន្មាន​ថ្ងៃ​មកនេះ សាធារណជន​មានការ​ព្រួយបារម្ភ ដោយសារ​កាលពី​ថ្ងៃទី ២៨ ខែ មេសា កន្លងទៅនេះ មាន​កុមារ ៣ នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​ប្រកាច់ វង្វេងវង្វាន់​ស្មារតី មាន​លក្ខណៈ​ជាម​នុស្ស​វិកល​ចា​រិត ឬ ដូ​ជា​មនុ​ស្សញៀន​ថ្នាំ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​តៗ​គ្នា​ថា កុមារ​ទាំងនោះ ត្រូវបាន​គេ​ល្បួង​ឱ្យ​ផឹកទឹក​ក្រូច​ដែលមាន​លាយ​ទៅដោយ​ថ្នាំ​ឆ្កួត​ម្យ៉ាង​ឈ្មោះថា ថ្នាំ Zoombie ។​

​រ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈានដល់​ការចុះ​ឆែកឆេរ​ក្លឹប​រាត្រី​មួយ បន្ទាប់ពី​ឃាត់ខ្លួន​បាន​បុគ្គលិក របស់​ក្លឹប​នោះ​ម្នាក់​ដែល​បាន​យក​ដប​ថ្នាំ​ម្យ៉ាង មក​លាយ​ទឹក​ឲ្យ​ក្មេងៗ ទាំងនោះ​ផឹក​។​
​នគរបាល​បានធ្វើ​តេស្ត​ទឹកនោម​បុគ្គលិក​ទាំងអស់​របស់​ក្លឹប​នោះ ប៉ុន្តែ​ពួកគេ​មិនមាន​ជាប់​ពាក់ព័ន្ធ សារធាតុ​ញៀន​នោះទេ​។ ដោយឡែក​សម្រាប់​ការធ្វើ​តេស្ត​ទឹកនោម ចំពោះ​យុវជន​ដែល​យក​ថ្នាំ​លាយ​ឲ្យ​ក្មេង​ផឹក និង​ក្មេង​៣​នាក់ ដែល​បាន​ផឹកទឹក​ថ្នាំ​នោះ គឺ​រកឃើញថា ពួកគេ​បាន​ផឹកទឹក​មាន​លាយ​សារធាតុ BAMA ដែលជា​ប្រភេទ​ថ្នាំ​សប្បាយ គឺ​មិនមែនជា​ថ្នាំ Zoombie ដែលជា​ថ្នាំ​ឆ្កួត​នោះទេ ។​

​អ្នក​ដែល​ឲ្យ​ទឹកក្រូច​ក្មេង​ផឹក ឈ្មោះ វ៉ាន់ វុត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន នៅ ក្រុង​-​ខេត្ត​ព្រះសីហនុ ​ធ្វើការ​នៅ​ក្លឹប​មួយ ក្នុង​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​នគរបាល​ថា នៅ​យប់​ថ្ងៃទី​២៦ ឈាង​ចូល​ថ្ងៃទី​២៧ ខែមេសា វេលា​ម៉ោង​ប្រហែលជា​១២​ជាង​រំលង​អា​ធ្រា​ត្រ រូបគេ​បាន ប្រទះឃើញ​ដប​ពណ៌​មាស​មួយ​ដប ក្រឡុក និង ចាក់​មើលឃើញ​មានទឹក​ពណ៌​ស្វាយ ហើយ​សង្ស័យថា ជា​ថ្នាំ​គ្រវី ក៏​ចាក់​ចូលក្នុង​ដប​ទឹក​សុទ្ធ សំរាប់​ទុក​សាក​ខ្លួនឯង ។ លុះ​ស្អែក​ឡើង ពេលមកដល់​ផ្ទះ ពេល​ក្រោក​ពី​ដេក ទិញ​ទឹក​ភេសជ្ជៈ​មួយ​កំប៉ុង លាយ​ទឹក ពណ៌​ស្វាយ ដែល​គេ​រើស​បាន​នោះ​ចូលទៅក្នុង​ទឹក​ភេសជ្ជៈ​រួច​ផឹក​បាន​បន្តិច ក៏មាន​ក្មេងៗ ៣​នាក់ ដើរមក​ជិត​រូបគេ នឹង​បាន​សុំ​ទឹកក្រូច​នោះ​ផឹក ហើយ​រូបគេ​ក៏បាន​ឲ្យ​ពួកក្មេងៗ​នោះ​ផឹក​។​

​បច្ចុប្បន្ននេះ ក្មេងប្រុស​រងគ្រោះ​ទាំង​៣​នាក់ បាន​ធូរស្បើយ​វិញ​ហើយ ត្រូវបាន​ឪពុកម្តាយ​យកទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ​ហើយ​៕ Kh