អ្នកនាំពាក្យ​អាវុធហត្ថ​ចេញមក​បដិសេធ​ព័ត៌មាន​អំពី​ការតែងតាំង​និង​ផ្លាស់ប្តូរ​មុខងារ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​មួយចំនួន​

896

(​ភ្នំពេញ​)៖ ក្រោយពី​មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​អំពី​ការផ្លាស់ប្តូរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា​នេះ​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញមក​បដិសេធ​ថា​ត្រឹម​ពេលនេះ​មិន​​ទាន់​មាន លិខិតបទដ្ឋាន គតិយុត្ត​ដូចជា ប្រកាស ឬ​សេចក្តីសម្រេចចិត្ត​ណាមួយ​ពាក់ព័ន្ធ​នឹង​ការតែងតាំង​ផ្លាស់ប្តូរ​មុខងារ​មេ​បញ្ជា​​ការ​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ហ្វ្រេស​ញូ​វ​ដូច្នេះ​ថា​៖ «​ខ្ញុំបាទ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស​សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​នេះ​មាន​សារព័ត៌មាន​និង​បណ្តាញ​ព័ត៌មាន​សង្គម​​មួយចំនួន​បាន​ចុះផ្សាយ​អំពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មួយចំនួន​ត្រូវបាន​ផ្លាស់ប្តូរ​មុខងារ​។ ខ្ញុំបាទ​សូម​ជម្រាបជូន​ថា នៅ​ម៉ោង​​នេះ​ពេលវេលា​នេះ​មិនទាន់មាន​លិខិត បទដ្ឋាន​គតិយុត្ត​ដូចជា ប្រកាស ឬ​សេចក្តីសម្រេចចិត្ត​ណាមួយ​ពាក់ព័ន្ធ​នឹង​ការតែងតាំង​ផ្លាស់ប្តូរ​​មុខងារ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ​ទេ នៅពេល​ទទួលបាន ខ្ញុំបាទ​នឹង​ផ្សព្វផ្សាយ ព័ត៌មាន​ជូន សាធារណជន​ជ្រាប​ភ្លាម​។ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ទទួល​ការគោរព​ស្រលាញ់​ពី​ខ្ញុំបាទ​»​។​

​បើតាម​សារព័ត៌មាន​មួយចំនួន មន្ត្រីជាន់ខ្ពស់​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហើប​អោយដឹងថា មេ​ប៉េអឹម​តាម​បណ្តា​ខេត្ត​មួយចំនួន​នឹង​​ត្រូវ​ផ្លាស់ប្តូរ​នាពេលខាងមុខ​នេះ ពីព្រោះ​លិខិតស្នើ​ផ្លាស់ប្តូរ​នេះ បាន​បញ្ជូនទៅ​រួចរាល់​ហើយ រង់ចាំតែ​ការសម្រេច​ធ្លាក់​មក​ទេ​។​​ប្រភព​បាន​បន្តថា មេ​ប៉េអឹម​ខេត្ត​ដែល​គ្រោង​នឹងធ្វើ​ការផ្លាស់ប្តូរ​មានដូចជា លោក​ប៉ោ វណ្ណៈ មេ​ប៉េអឹម​ខេត្តបាត់ដំបង​ដែល​ត្រូវជា​ដន្លង​​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​។ លោក​ឱ បូ​រិ​ន មេ​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​និង​មេ​ប៉េអឹម​តាម​ខេត្ត​មួយចំនួនទៀត​។​

​ប៉ុន្តែ​នៅពេលនេះ​ត្រូវបាន​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញមក​បដិសេធ​មិនទាន់​ទទួល​លិខិត​បែបនេះ​ទេ​៕​ដោយ៖វាសនា

​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស