(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិនអាចបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត នៅតាមព្រំដែន ជាប់ប្រទេសថៃ ឬក៏ទៅបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត នៅតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសនីមួយៗនោះទេ។ការមិនអាចធ្វើដូច្នេះបាន ព្រោះតែមិនមានច្បាប់ចែង។ នេះបើតាមអ្នកនាំពាក្យគជប។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប បានលើកឡើងថា កន្លងមក មានការស្នើដល់គជបចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែនកម្ពុជា-ថៃ និងនៅតាមស្ថានទូតកម្ពុជា នៅឯក្រៅប្រទេស ជាដើម ក៏ប៉ុន្តែការលើកឡើងនេះមិនមានច្បាប់ណាតម្រូវឲ្យគជប ធ្វើដូច្នេះបានទេ។
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា “ច្បាប់តម្រូវឲ្យគជប រៀបចំការិយាល័យចុះឈ្មោះ នៅក្នុងឃុំសង្កាត់នៃព្រះរាជាណាចក្រកម្ពុជា ដែលសាមីខ្លួនត្រូវបោះឆ្នោត។ អីចឹងបើសាមីខ្លួនត្រូវបោះឆ្នោតនៅខេត្តព្រៃវែងអីចឹងសាមីខ្លួនត្រូវទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំសង្កាត់នៅក្នុងខេត្តព្រៃវែងនោះ។ ផ្ទុយទៅវិញ អនុសាសន៍ អាចនឹងទាញឲ្យគជបនឹងទៅរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមខ្សែព្រំដែន។ អីចឹងវាខុសហើយ វាមិនមែនស្ថិតនៅក្នុងឃុំសង្កាត់ ដែលច្បាប់ចែងថា ស្ថិតនៅក្នុងឃុំសង្កាត់ទេ”។
លោកហង្សពុទ្ធា បន្តថា “រឿងទី២ ការរៀបចំឲ្យមានការិយាល័យចុះឈ្មោះនៅតាមព្រំដែនថៃ។ ហេតុអីក៏គជបត្រូវធ្វើការរើសអើងសម្រាប់អ្នកដែលទៅធ្វើការនៅកូរ៉េ នៅម៉ាឡេ? អាហ្នឹងក៏ជាបញ្ហាមួយ។ បញ្ហាមួយទៀតការស្នើសុំឲ្យរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមស្ថានទូត អាហ្នឹងក៏វានៅតែខុសច្បាប់ដដែល”។
ជាមួយគ្នានោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប អនុវត្តទៅតាមតែច្បាប់ចែងប៉ុណ្ណោះ។ ប្រសិនបើរដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ ត្រង់ចំណុចណាមួយ ឬទៅតាមសំណើររបស់ភាគីណាមួយនោះ គ.ជ.ប នឹងអនុវត្តទៅតាមច្បាប់នោះ។ ដូច្នេះលោកហង្សពុទ្ធា គូសបញ្ជាក់ថា ការចោទប្រកាន់ថា គ.ជ.ប មើលរំលងសំណើនានានោះ ហាក់ដូចជាមិនសមហេតុផលច្បាប់ទាល់តែសោះ។
អត្ថាធិប្បាយរបស់អ្នកនាំពាក្យគជបខាងលើនេះ បានធ្វើឡើង បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដឹកនាំដោយអង្គការខុមហ្វ្រែល រួមទាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានជួបប្រជុំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ហើយបានលើកអនុសាសន៍មួយចំនួន ស្នើឲ្យគជប រៀបចំការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៅតាមព្រំដែនកម្ពុជា-ថៃ ដោយសំអាងថា ពលរដ្ឋខ្មែរជាង ១លាននាក់ បានទៅធ្វើការនៅប្រទេសថៃ។ ម្យ៉ាងទៀត ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ក៏បានស្នើដល់គជប ឲ្យបង្កើតការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត នៅតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើនផងដែរ។
គជប នឹងរៀបចំដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត នឹងធ្វើឡើងនៅតាមឃុំសង្កាត់។បញ្ជីបោះឆ្នោតឆ្នាំ២០១៧ នឹងត្រូវផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការដោយគជប នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃចុងក្រោយ។ បញ្ជីបោះឆ្នោតនេះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅខែកក្កដា ឆ្នាំ២០១៨៕ដោយ៖ ម៉េងឆៃ
