អ្នកនាំពាក្យ គ​.​ជ​.​ប : “​ការដកខ្លួន​របស់​គ​ណ​បក្ស​ណាមួយ គឺ​មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ទេ​”

954
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជាក់ថា ការដកខ្លួន​របស់​គ​ណ​បក្សនយោបាយ​ណាមួយ ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះទេ​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ព្រមាន​ដកខ្លួន​ចេញពី​ការបោះឆ្នោត​។ ការព្រមាន​ដកខ្លួន​នេះ គឺ បន្ទាប់ពី​មានការ​រារាំង​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនអោយ​ចុះចេញ​ខិត្តប័ណ្ណ និង​មានការ​តាមដាន​សកម្ម​ជន​របស់ខ្លួន​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៥ ខែកក្កដា នេះ​ថា ក្នុងករណី​ណា​ដែលមាន​គណបក្សនយោបាយ​ណាមួយ ដកខ្លួន​ចេញពី​ការប្រកួត​នោះ គឺ​មិនមាន​អ្វី​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទាំងមូល​ទេ​។ គ​.​ជ​.​ប ត្រូវធ្វើ​ការប្រកាស​ជា​សាធារណៈ បើសិន​ជាមាន​គណបក្ស​ណាមួយ​ដកខ្លួន និង​មាន​លិខិត​ជា​លាយ​លក្ខ​អក្សរ​ផ្លូវការ ទៅដល់​ប្រជាពលរដ្ឋនៅក្នុង​មណ្ឌលបោះឆ្នោត ដែល​គណបក្ស​នោះ ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់​ឃើញ​មាន​គណបក្សនយោបាយ​ណាមួយ ដាក់​លិខិត​អំពី​ការដកខ្លួន​ជា​លាយ​លក្ខ​អក្សរ​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ លោក សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនទាន់​សម្រេច​ជា​ផ្លូវការ ក្នុងការ​ដកខ្លួន​ចេញពី​ការបោះឆ្នោត​នៅឡើយ​ទេ​។ ប៉ុន្តែ​បើសិនជា​ស្ថានការណ៍​រារាំង និង​ការតាមដាន​ឃ្លាំមើល​មកលើ​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅតែ​កើតមាន គឺ​នឹង​ពិចារណា​សម្រេច​ដកខ្លួន​ចេញពី​ការបោះឆ្នោត​។

​លោក​បាន​បញ្ជាក់ថា ករណី​ដែល​កើត​មកលើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​នៅ​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ប្រជា​ការពារ​បាន​រារាំង​ការចុះ​ចែក​ខិត្តប័ណ្ណ​ឃោសនាបោះឆ្នោត​។ នៅ​ខេត្ត​រតនគីរី អាជ្ញាធរ​តាមឃ្លាំមើល និង​តា​ដាន សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូល​ល​ដ្ឋា​ន​។

​ជាមួយគ្នានេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សូមអោយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពិចារណា​កែសម្រួល​ឡើងវិញ ចំពោះ​ករណី​ដែល​បានកើត​ឡើងមក​លើ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៕ ល​