អ្នកនេសាទ​ខេត្ត​កែប​ប្រមូល​ផល​សមុទ្រ​បាន​ជាង​៥.០០០​តោន​ក្នុង​ឆ្នាំ​២០១៨

700
ចែករម្លែក

ដោយ​: បូកគោ / កែប​: ផល​សមុទ្រ​គ្រប់​ប្រភេទ​ជាង​ប្រាំ​ពាន់​តោន ត្រូវ​អ្នកនេសាទ​ខេត្ត​កែប​ប្រមូលបាន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង និង​ក្រៅ​ខេត្ត​សម្រាប់​ឆ្នាំ​២០១៨​។ តាមរយៈ​ទិន្នផល​ដែល​ទទួលបាន​នេះ បង្ហាញឱ្យឃើញថា ធនធាន​សមុទ្រ​មានការ​កើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទោះបី​តម្រូវការ​ទូទៅ​មាន​បរិមាណ​ច្រើនឡើងៗ​ក្តី​។

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កែប លោក គុជ វីរៈ​បាន​ប្រាប់ ឱ្យដឹងថា​ពេញ​មួយឆ្នាំ​២០១៨​នេះ ប្រជា​នេសាទ​ទូទាំង​ខេត្ត​កែប​ប្រមូល​ផល​សមុទ្រ​គ្រប់​ប្រភេទ​បាន​ទម្ងន់ ៥.១០០​តោន​។ បរិមាណ​នេះ​បាន​កើន​លើស​ឆ្នាំ​២០១៧ ប្រមាណ​ជាង​១០០​តោន​។ ក្នុងនោះ​ប្រភេទ​ក្តាមសេះ ប្រមូលបាន​ទម្ងន់​៧៥០​តោន កើនឡើង​ចំនួន​១៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​។

​លោកនាយ​ខណ្ឌ​បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​ផល​នេសាទ​ឆ្នាំនេះ​កើនឡើង​ដោយសារ​ការចូលរួម​ពី​ប្រជា​នេសាទ ដូចជា​មិន​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ចូលរួម​ការពារ​តំបន់​អភិរក្ស ព្រមទាំង​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់​ទាំងឡាយ​។ ម្យ៉ាងទៀត​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ស្តីអំពី​បទល្មើស​នេសាទ ផ្សព្វផ្សាយ​នូវ​កិច្ចការពារ​ធនធាន​ស​មុ​ទ្រ ការចូលរួម​អភិរក្ស និង​ដាំ​ព្រៃកោងកាង​ជាដើម​។ លើសពីនោះ មន្ត្រីរដ្ឋបាល​ជលផល​ផ្ទាល់​បាន​ចុះ​ណែនាំ និង​ទប់ស្កាត់បាន​រាល់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ដោយបាន​ពន្យល់​ណែនាំ​ប្រជា​នេសាទ​ឱ្យមាន​ការយល់ដឹង​កាន់តែ​ប្រសើរ ហើយ​ខេត្ត​មាន​តំបន់​អភិរក្ស​ធនធាន ពិសេស​បាន​បង្កើត​តំបន់​គ្រប់​គ្រង់​ផល​សមុទ្រ ដែល​ក្រសួងកសិកម្ម ទើបនឹង​បានចេញ​សេចក្តីប្រកាស​លើ​ទំហំ​ជាង​មួយ​ម៉ឹ​ន​ហិកតា​។

​លោក គុជ វីរៈ បាន​អំពាវនាវ​ថា ដើម្បី​ការពារ​ផល​នេសាទ​ឱ្យនៅ​គង់វង្ស និង​កើនឡើង​ថែមទៀត ក្នុងនាម​មន្ត្រី​ជំនាញ លោក​សូម​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់ មេត្តា​ចូលរួម​គោរព​ច្បាប់​ដោយ​បញ្ចៀស នូវ​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែលនាំឱ្យ​អន្តរាយ​ដល់​ធន ធាន​សមុទ្រ ឬ​រង​ទោសទណ្ឌ​ចំពោះ​ខ្លួន​នោះ​។ ជាមួយគ្នានេះ លោក​ក៏​សូមឱ្យ​ផ្នែក​ពាក់ព័ន្ធ​រួមសហការ ក្នុង​កិច្ចការងារ​អភិរក្ស​ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​៕