អ្នកបើកបរ​ងោក​មួយ​ភាំង​កុងតឺន័រ​ហោះ​ឆ្លង​ខឿន​ទ្រូងផ្លូវ បុក​រះ​រថយន្ត​និង​ម៉ូតូ​បន្ត​បុក​ចូល​របង​ភូមិគ្រឹះ​រដ្ឋមន្ត្រី​

249

(​ភ្នំពេញ) ៖ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២៨ រថយន្ត​កុងតឺន័រ​មួយគ្រឿង អ្នកបើកបរ​ងោក​មួយ​ភាំង​បោះពួយ​ក្នុង​ល្បឿន​លឿន ហោះ​ឡើង​ឆ្លង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ទៅបុក​រថយន្ត​តា​កុមា និង​ម៉ូតូ បើក​ច្រាសទិស ផ្លោង​ខ្ទាត​ទៅ​ធ្លាក់​មាត់​ប្រឡាយ មិនទាន់​អស់​ល្បឿន រថយន្ត​ជ្រុល​ហួស​ឆ្លង​ទាំង​ប្រឡាយ​ទៅបុក​ចូល​របងភូមិ​គ្រឹះ​របស់​ឯកឧត្តម ចម ប្រ​សិ​ដ្ឋ បាក់​ធ្លុះធ្លាយ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ និង​មនុស្ស​២​នាក់​រងរបួស​ស្រាល តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ចែង​មែ​ង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​រថយន្ត​បង្ក​ម៉ាក​កុងតឺន័រ សណ្តោង​រ៉ឺម៉ក ម៉ាក ហុ​ី​យ៉ាន់​ដាយ ក្បាល​ព៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0648 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ រៀម ឆា​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ ភូមិ​រាម​អណ្តើក ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​សមត្ថ​កុ​ច្ច​ឃាត់ខ្លួន ។ រថយន្ត​រងគ្រោះ ម៉ាក តា​កុមា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-3239 បើកបរ​ដោយ​បុរស​ម្នាក់ ពុំមាន​រងរបួស និង​ម៉ូតូ​មួយគ្រឿង​ទៀត ទទួលរង​ក្នុង​ហេតុការណ៍​ខាងលើ ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី វីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BP-1456 ជិះ​គ្នា​២​នាក់​ពូ​និង​ក្មួយ រងរបួស​ស្រាល ។ ដោយឡែក របងភូមិ​គ្រឹះ​របស់​ឯក​ឧ​ត្ត​ម ចម ប្រ​សិ​ដ្ឋ ត្រូវបាន​កុង​តៃ​ន័​របុក​ទំ​លុះ ធ្លាយ​បាក់​មួយ​ផ្ទាំង គៀប​ជាប់​រថយន្ត​ទៅមុខ​លែងរួច ។​

​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​កុងតឺន័រ​បង្ក បើក​ល្បឿន​លឿន តាមផ្លូវ​ផ្លូវ​ទំនប់​កប់​ស្រូវ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ សង្ស័យ​អ្នកបើកបរ​ងោក ទើប​រេ​ចង្កូត​ហោះ​ឡើង​ឆ្លងកាត់​ទទឹង​ខឿន​សួនច្បារ ឆ្លងផ្លូវ​ទៅបុក​រថយន្ត​តា​កុមា​និង​ម៉ូតូ ហើយ​បន្ត​ទៅបុក​ទម្លុះ​របងភូមិ​គ្រឹះ ទើប​ទៅមុខ​លែងរួច បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ស្រាល ខូចខាត​តែ​សម​ហ​ភារៈ អ្នកបើកបរ​បង្ក​ត្រូវបាន​កង​អង្គរ័ក្ស​ប្រចាំ​ភូមិគ្រឹះ​ឯកឧត្តម ចម ប្រ​សិ​ដ្ឋ ចាប់​ឃាត់ខ្លួន​ជាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច ។​

​ក្រោយ​កើតហេតុ ខណៈដែល គ្រោះថ្នាក់​កើតឡើង​មនុស្ស​២​នាក់​រងរបួស​ស្រាល រថយន្ត​បង្ក​និង​អ្នកបើកបរ រថយន្ត រងគ្រោះ រួមទាំង​ម៉ូតូ​មួយគ្រឿង ត្រូវបាន​នគរបាល​ជំនាញ​ចុះទៅពិនិត្យ​រួច​ស្ទូច អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ដោយៈ​ចាន់តូ​/sn