អ្នកបើកបរ​ប្រាំបួន​នាក់​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​

983
ចែករម្លែក
អ្នកបើកបរ​ប្រាំបួន​នាក់​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​

ដោយៈ​ប​.​ខុន​,​គង់ ហេង​/​ភ្នំពេញៈ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រួមជាមួយ​នគរបាល​ចរាចរ​ផ្លូវគោក​ស្រុក​បាធាយ​បានធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​,​ជំនួយការ​អ្នកបើកបរ​( ព្រូ​)​និង​កម្មករ​ចំនួន​១៤០​នាក់ កាលពី​ព្រលប់​ថ្ងៃទី​១៣​ខែមិថុនា បាន​រកឃើញ​អ្នកមាន​ជាប់​សារធាតុ​ញៀន​ចំនួន​ប្រាំបួន​នាក់​។​បន្ទាប់ពី​រកឃើញ​ពួក​ត្រូវបាន​ឃាត់ខ្លួន​។​


​ ​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០១៩​ថា ការត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​រក​សារធាតុ​ញៀន​តាមរយៈ​ពិនិត្យ​ទឹកនោម​បានចាប់ផ្តើម​ជាថ្មី​ទៀតហើយ នៅក្នុង​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងញៀន​។​


​ ​នៅ​ថ្ងៃ​ដដែល​នេះ លោក​អភិបាលខេត្ត​បានបង្ហាញ​ឲ្យ​ឃើញ ពី​សកម្មភាព​របស់​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន រួមជាមួយ​កា​រិ​ល័យ នគរបាល​ចរាចរ​ផ្លូវគោក​ស្រុក​បាធាយ ដែល​បាន​ចុះ​ត្រួតពិនិត្យ​ដោយ​ធ្វើតេស្ត​ទឹក​ម៉ូត​ស្វែង​រកសារ ធាតុ​ញៀន លើ​អ្នកបើកបរ​រថយន្ត ព្រូ​រថយន្ត​និង​កម្មករ នៅលើ​ផ្លូវជាតិ​៦​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាធាយ​កាលពីពេល​ព្រលប់​ថ្ងៃទី​១៣​ខែមិថុនា​។​


​ក្នុងការ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹកទំនិញ​ចំនួន​៧១​គ្រឿង នគរបាល​បានធ្វើ តេស្ត​ទឹក​ម៉ូត​(​ទឹកនោម​)​សរុប​១៤០​នាក់​។ ក្នុងនេះ​មាន​អ្នកបើកបរ​ចំនួន​៧១​នាក់ ព្រូ​រថយន្ត​ចំនួន​១២​នាក់​និង​កម្មករ​ចំនួន​៥៧​នាក់ ដោយបាន​រកឃើញ​អ្នកមាន​ជាប់​សារធាតុ​ញៀន​ចំនួន​ប្រាំបួន​នាក់ ។ ក្នុងនេះ​អ្នកបើកបរ​ចំនួន​ប្រាំ​នាក់ ព្រូ​រថយន្ដ​បីនាក់​និង​កម្មករ​ម្នាក់ ។​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​។​


​លោក​អភិបាលខេត្ត​កំពង់ចាម ដែលជា​អ្នក​បាន​ដឹកនាំ​ផ្ទាល់​ក្នុងការ​ត្រួតពិនិត្យ​ដោយ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន នៅក្នុង​ខ្លួន​អ្នកបើកបរ​ជាច្រើនលើក​កាលពី​ក្នុង​ង​ឆ្នាំ​២០១៨ បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ថា​តាមរយៈ​ការត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​តូចធំ ដែល​ក្នុង​ម្តងៗ​មិន​ឲ្យ​លើសពី​រថយន្ត​១០០​គ្រឿង គឺ​ពិតជា​បាន​រកឃើញ​អ្នកបើកបរ​,​ព្រូ​រថយន្ត និង​កម្មករ​មួយចំនួន​មាន​ជាប់​សារធាតុ​ញៀន​។​


​ ​អ្នកបើកបរ​មាន​ជាប់​សារធាតុ​ញៀន ត្រូវបាន​លោក​គួច​ចំរើន​បញ្ជាក់ថា​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ទេ គឺ​ថែម​បាន​ទាំង​បំផ្លាញ​សង្គម​គ្រួសារ​របស់ខ្លួន​តាមរ​យៈ​គ្រឿងញៀន​នេះ​ទៀតផង ។ អ្នកបើកបរ​ដែល​បាន​រកឃើញ​មាន​ជាប់​សារធាតុ​ញៀន​ត្រូវបាន​ឃាត់ខ្លួន តែ​មិនបាន​ឃាត់ទុក​រថយន្ត​ដឹកទំនិញ​នោះទេ​។ នៅពេល​ឃាត់ខ្លួន​បាន​ច្រើន​នាក់​អាជ្ញាធរខេត្ត​បានរៀបចំ​ធ្វើការ​អប់រំ​ពួកគេ​ម្តង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​សុខាភិបាល​ធ្វើការ​ពន្យល់​អំពី​សុខភាព​របស់​អ្នក​ជាប់​សារធាតុ​ញៀន និង មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​ដោយបាន​ពន្យល់​បកស្រាយ​អំពី​ផ្លូវច្បាប់​ត្រូវ​មានទោស​បែបណា​ចំពោះ​អ្នកប្រើប្រាស់​គ្រឿងញៀន​៕​សរន​