អ្នកបើក​ទូកក្តោង​ឥណ្ឌា​ត្រឡប់​ទៅ​ស្រុក​វិញ បន្ទាប់ពី​កងទ័ពជើងទឹក​អូស្ត្រាលី​ជួយសង្គ្រោះ​នៅលើ​មហាសមុទ្រ​

851
ចែករម្លែក

​កងទ័ពជើងទឹក​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​តុលា​ថា អ្នកបើក​ទូកក្តោង​ទោល​របស់​ឥណ្ឌា​ម្នាក់ ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅក្នុង​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ បន្ទាប់ពី​ទូក​របស់គាត់​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដោយ “​រលក​សមុទ្រ​ធំៗ​” នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ដ៏​ដាច់ស្រយាល​នោះ គ្រោង​នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​លោក អាប់​ហ៊ី​ឡាស ថូ​មី (Abhilash Tomy) ជនជាតិ​ឥណ្ឌា និង លោក ហ្គ្រេ​ហ្គ័​រ ម៉ាក​ហ្គា​ក់​គីន (Gregor McGuckin) ជនជាតិ​អៀរ​ឡង់ ដែលជា​អ្នកប្រកួតប្រជែង​នៅក្នុង​ការប្រណាំង​ទូកក្តោង Golden Globe ជុំវិញ​ពិភពលោក បាន​ជាប់គាំង​នៅ​កណ្តាល​សមុទ្រ​នៅ​ចម្ងាយ​ប្រហែល ៣.៥១៨ គីឡូម៉ែត្រ​ពី​ភាគ​ខាង​និរតី​ទីក្រុង​ភឺ​តរបស់​អូស្ត្រាលី បន្ទាប់ពី​ទូកក្តោង​របស់​ពួកគេ​បាន​រង​ការខូចខាត​នៅក្នុង​ព្យុះ​កាលពី​ជាង​មួយ​សប្តាហ៍​មុន​។​

​ពួកគេ​ត្រូវបាន​អូស​ចេញពី​រលក​សមុទ្រ​ធំៗ​ដោយ​នាវា​យាមល្បាត​ត្រី​របស់​បារាំង​ឈ្មោះ FPV Osiris កាលពី​ថ្ងៃ​ចន្ទ និង​ត្រូវបាន​នាំទៅ​កោះ​អ៊ី​ឡេ​អាំ​ស្ទើ​ដាំ​នៅក្បែរ​មហាសមុទ្រ​ឥណ្ឌា​។​

​កងកម្លាំង​ការពារជាតិ​អូស្ត្រាលី​បាន​និយាយថា ថូ​មី ដែលជា​មេបញ្ជាការ​កង​នាវាចម្បាំង​ឥណ្ឌា​អាយុ ៣៩ ឆ្នាំ​ដែល​រងរបួស​ខ្នង​យ៉ាងធ្ងន់ធ្ងរ​អំឡុងពេល​មាន​ព្យុះ កំពុង​ត្រូវបាន​ដឹក​ដោយ​នាវាចម្បាំង​ឥណ្ឌា INS Satpura ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌា​វិញ​។​

​លោក ហ្គ្រេ​ហ្គ័​រ ម៉ាក​ហ្គា​ក់​គីន អាយុ ៣២ ឆ្នាំ មិនបាន​រងរបួស​ទេ ប៉ុន្តែ​បាន​បង្ខំចិត្ត​បោះបង់ចោល​ការប្រកួត​ដោយសារតែ​ទូក​បាន​ខូច​ខ្ទេច​អស់​ទៅហើយ​។ គាត់​ត្រូវបាន​ដឹក​តាម​នាវាចម្បាំង​អូស្ត្រាលី HMAS Ballarat ទៅ​ទីក្រុង​ភឺ​ត កន្លែង​ដែល​គាត់​បាន​ជួប​ជាមួយ​គ្រួសារ និង មិត្តភក្តិ​៕ ដោយ៖ កញ្ញាដាលីស

លោក អាប់​ហ៊ី​ឡាស ថូ​មី កំពុង​ឆ្ពោះទៅ​ស្រុក​វិញ​តាម​នាវាចម្បាំង​ឥណ្ឌា INS Satpura