អ្នកបើក​រថយន្ត​ស្លាប់​និង​៣៣​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​បុក​រថយន្ត​ធំ​នៅ​ថៃ​

1768
ចែករម្លែក

​អ្នកបើក​រថយន្ត​ក្រុង​បាន​ស្លាប់​និង​អ្នកដំណើរ​៣៣​នាក់ បាន​រងរបួស​នៅ​ពេល​រថយន្ត​ក្រុង​នេះ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​សណ្តោង​មួយ​នៅ​ស្រុក​Kabin Buri នៅ​ខេត្ត​Prachin Buri ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៤​ខែកញ្ញា​នេះ​។​

​មន្ត្រីប៉ូលិស​បាន​និយាយថា រថយន្តក្រុង​នេះ បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នៅ​ជិត​ផ្លូវ​នោះ ហើយ​ផ្នែក​ខាង​មុខ​នៃ​រថយន្តក្រុង​នេះ​បាន​ខូចខាត​ខ្លាំង ដោយ​អ្នកបើករថយន្ត​នេះ បាន​រងរបួស​ធ្ងន់ធ្ង​រ​ដោយ​ជាប់​ក្នុង​រថយន្ត​នោះ​។​

​ក្រុម​អ្នក​សង្គ្រោះ បាន​ទាញយក​អ្នកបើក​រថយន្ត​ក្រុង​នេះ​ពី​បំណែក​បាក់បែក​នៃ​រថយន្ត​នោះ​។​មនុស្ស​៣៣​នាក់​ដែល​បាន​រងរបួស​ក្នុង​ឧបទ្ទវហេតុ​នេះ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ ប៉ុន្តែ​អ្នក​បើក​រថយន្តក្រុង​នេះ ត្រូវបាន​ប្រកាសថា​បាន​ស្លាប់​នៅ​បន្តិចក្រោយមក ។ ចំណែក​អ្នកបើករថយន្ត​សណ្តោង​វិញ មិន​បាន​រងរបួស​ទេ​។​

​លោក Wichian Suwansonthi ជា​បុគ្គលិក​រថយន្តក្រុង​នេះ បាន​និយាយថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅពេលនោះ ហើយ​រថយន្ត​ក្រុង​នេះ​បាន​ព្យាយាម​បើក​វ៉ា​ជែង​រថយន្ត​សណ្តោង​​នេះ ប៉ុន្តែ មិន​អាច​វ៉ា​បានទេ ហើយ​វា​បាន​បណ្តាលឱ្យ​រថយន្ត​ក្រុង​នេះ​ជ្រុល​ទៅ​បុក​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​សណ្តោង​នេះ​។ ទោះ​យ៉ាងនេះក្តី ប៉ូលិស​បាន​ធ្វើ​ការស៊ើបអង្កេត​​បន្ថែម​ផងដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រថយន្ត​ក្រុង​បាន​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រោយ​បុក​រថយន្ត​សណ្តោង​មួយ​