អ្នកបោះឆ្នោត​ជិត​ពាក់កណ្តាល​បានមក​បោះឆ្នោត​រួចហើយ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩​កក្កដា​នេះ

902
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ការិយាល័យ​បោះឆ្នោត​និង​ការិយាល័យ​បោះឆ្នោត​ទាំងអស់​នៅ​គោលដៅ​នានា​នៃ​ឃុំ​ទាំង​៦៥ ស្រុក​ទាំង​៩​នី​ខេត្តបន្ទាយមានជ័យ​បានរៀបចំ​ស្រេចបាច់ ហើយ​ដំណើរការ​បោះឆ្នោត​បានចាប់ផ្តើម​ហើយ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ នេះ​។​

លោក ហី គឹម​សេង ប្រធាន​គណ​:​ក​ម្មា​ធិ​ការរៀបចំ​ការបោះឆ្នោត​ខេ​ត្ត​បន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៩​ខែកក្កដា​ថា​ថា មកទល់​ថ្ងៃ​ត្រង់នេះ ទូទាំង​ខេត្ត មាន​អ្នក​មក​បោះឆ្នោត ប្រមាណ​៤០​ភាគ​ហើយ​។ នៅ​ក្រុង​ប៉ោយប៉ែត ក៏មាន​អ្នកបោះឆ្នោត​ជាង​១​ម៉ឺន​នាក់ នៃ​៣​ម៉ឺន​នាក់ ត្រូវ​ជាជាង​៤០​ភាគរយ ក៏បាន​ចេញទៅ​បោះឆ្នោត​រួចហើយ​។ ចំពោះ​ស្ថានភាព​អាកាសធាតុ បរិយាកាស​បោះឆ្នោត សន្តិសុខ សណ្តាប់ធ្នាប់​ជាទូទៅ​គឺ​ល្អ​។​

​លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ក្រោយ​បោះឆ្នោត​រួច​ថា ជាការ​សង្កេត និង​រា​បាយ​ការណ៍​នានា បង្ហាញថា​ដំណើរការ​បោះឆ្នោត​បាន​ដំណើរការ​ទៅ​រលូន ហើយ​អ្នកបោះឆ្នោត ក៏​សម្រុក​នាំគ្នា​មក​ច្រើន​តាំងពី​ព្រលឹម បើទោះបីជា​ទីធ្លា​ការិយាល័យ​បោះឆ្នោត​ខ្លះ​មានទឹក​និង​ភក់​ក្តី​។ លោក​អគុណ​ដល់​ភាគី​ពាក់ព័ន្ធ តាំងពី​មន្ត្រី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត មន្ត្រី​ការិយាល័យ​បោះឆ្នោត សមត្ថកិច្ច​សន្តិសុខ អ្នកសង្កេតការណ៍​ឯករាជ្យ អ្នកសង្កេតការណ៍​គណបក្សនយោបាយ ពិសេស​បងប្អូន​ពលរ​ដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល​បាន​ចូលរួម​ដំណើរការ​បោះឆ្នោត​ដោយ​សស្រាក់សស្រាំ​។​

​ចំណែក​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ក្នុង​សម្បា​ទា ក្នុង​វ័យ​ខុសគ្នា​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៩​ខែកក្កដា​ថា ពួក​បាន​បោះឆ្នោត​រៀងរាល់ឆ្នាំ មានការ​បោះឆ្នោត ដើម្បី​បំពេញ​សិទ្ធិ កាតព្វកិច្ច​ជា​ពលរដ្ឋ​ផង និង​ដើម្បី​ជ្រើស​តំណាង​ខ្លួន​សម្រាប់​ដឹកនាំ​ផង​។ ពួកគាត់​ពេញចិត្ត​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នេះ ហើយ​រំពឹងថា មេ​ដឹក​ដឹកនាំ​កើត​ពី​ការបោះឆ្នោត​នឹង​បម្រើ​ស្តាប់​សំណូមពរ​ពី​ពលរដ្ឋ​វិញ​៕ ល​