អ្នកបោះឆ្នោត​មួយរូប​មិន​មក​បំពេញភារកិច្ច​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​

684
ចែករម្លែក

ដោយ​: បូកគោ / កំពត​: រហូតដល់​វេលា​កំណត់​បិទ​ការិយាល័យ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​ប្រព្រឹត្តឡើង​ស្តោះរ​ពេញ​មួយ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ អង្គ​បោះឆ្នោត​មួយរូប​នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​៥៦១​នាក់​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង នៅ​ខេត្តកំពត​ខកខាន​មិនបាន​បំពេញភារកិច្ច​ចំពោះ​ករណី​ដ៏​សំខាន់​នេះ​។​

​ប្រាប់ឱ្យដឹង​ក្រោយ​បិទ​ការទទួល​អ្នក​មក​បោះឆ្នោត តាម​កាលកំណត់ លោក តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត បាន​បញ្ជាក់ថា មកដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ អង្គ​បោះឆ្នោត​ម្នាក់​ដែលមាន​ឈ្មោះ​នៅ​ការិយាល័យ​ស្រុក​ដងទង់ ខកខាន​មិន​បានមក​បំពេញភារកិច្ច​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​ទាំង​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ​។ ដូច្នេះ​ដំណើរការ​រាប់​សន្លឹកឆ្នោត​ក៏​ចាប់ផ្តើម​តាម​នីតិវិធី​។

​លោក​ប្រធាន​បាន​បញ្ជាក់ថា នៅ​ទូទាំង​ខេត្តកំពត មាន​ការិយាល័យ​បោះឆ្នោត ចំនួន​ប្រាំបី​សម្រាប់​ក្រុង​ស្រុក​ទាំង​ប្រាំបី​ដែលមាន​អង្គ​បោះឆ្នោត​៥៦១​នាក់​។ ដោយឡែក​ប្រាំពីរ​ក្រុង​ស្រុក ទៀត​បាន​ដំណើរការ​រួចរាល់​តាំងពី​ម៉ោង​៩​ព្រឹក និង​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត​ជា​បន្តបន្ទាប់ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ​ក្នុង​កម្រិត​ច្រើន​លើសលប់​។​

​សូមបញ្ជាក់ថា​ក្នុង​ដំណើរការ​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ខេត្តកំពត​មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​បួន​គឺ ១.​គណបក្ស​ប្រជាជន​កម្ពុជា​, ២.​គណបក្ស​យុវជន​កម្ពុជា​, ៣.​គណបក្ស​សញ្ជាតិ​កម្ពុជា និង​៤.​គណបក្ស​ឆន្ទៈ​ខ្មែរ​។

​ដោយឡែក​ខេត្ត​កែប​ដែលមាន​ការិយាល័យ​បោះឆ្នោត​ចំនួន​ពីរ អង្គ​បោះឆ្នោត​៣១​នាក់ និង មាន​ពីរ​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​នោះ​វិញ បាន​ដំណើរការ និង​រាប់​សន្លឹកឆ្នោត​ហើយ​រួចរាល់ តាំងពី​ម៉ោងជាង​៨​ព្រឹក​មកម្ល៉េះ​។

​លោក​ម៉ុក សែន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត​កែប​បាប​បញ្ជាក់ថា​ដំណើរការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នៅ​ខេត្ត​កែប​ប្រើប្រាស់ ពេលវេលា​តែ​ជាង​មួយ​ម៉ោង និង​ស្ថានភាព​មាន​លក្ខណៈ​ល្អប្រសើរ​បំផុត​៕