អ្នកប្រមូលអាចម៍ប្រចៀវនៅថៃមិនបារម្ភចំពោះលទ្ធភាពដែលមេរោគកូរ៉ូណាអាចមានដើមកំណើតពីអាចម៍ប្រចៀវ

108
ចែករម្លែក

អ្នកភូមិថៃ ដែលដើររើសអាចម៍ប្រចៀវតាមរូងភ្នំសម្រាប់ធ្វើជីរកសិកម្ម មិនបារម្ភចំពោះការលើកឡើងរបស់ពួកអ្នកវិទ្យាសាស្ត្រថា អាចម៍ប្រចៀវអាចនៅពីក្រោយមេរោគកូរ៉ូណា ដែលបានឆ្លងដល់មនុស្សជាង ១៥០.០០០ នាក់នៅទូទាំងពិភពលោក។

ប្រភពនៃវីរុសនេះនៅតែជាបញ្ហានៃការជជែកដេញដោលបន្ទាប់ពីវាបានលេចឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនជឿថាវាអាចមានដើមកំណើតពីសត្វប្រចៀវមុនពេលឆ្លងទៅមនុស្ស ហើយប្រហែលផ្ទេរតាមរយៈសត្វមួយផ្សេងទៀត។

ប៉ុន្តែការផ្សារភ្ជាប់ទៅនឹងប្រចៀវបែបនេះមិនមែនជាការព្រួយបារម្ភចំពោះលោក ចាវ យ៉ែមចាម អ្នកប្រមូលអាចម៍ប្រចៀវនៅខេត្តរាជាបុរី ភាគខាងលិចរបស់ប្រទេសថៃនោះទេ ទោះបីប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានអ្នកឆ្លងវីរុសចំនួន ១១៤ នាក់និងស្លាប់ម្នាក់ក៏ដោយ។

លោកយ៉ែមអាយុ ៦៥ ឆ្នាំជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើន ដែលដើរយប់ៗចូលទៅក្នុងរូងភ្នំក្បែរវត្តខៅចុងប្រាណ ដើម្បីរើសអាចម៍ប្រចៀវ និយាយថា “ខ្ញុំមិនបារម្ភទេ ពីព្រោះមេរោគមិនមានដើមកំណើតចេញពីទីនេះផង”។

ពួកគេចាប់ផ្តើមធ្វើការបន្ទាប់ពីមេឃងងឹត នៅពេលប្រចៀវរាប់លានក្បាលហោះចេញពីរូងភ្នំដើម្បីស្វែងរកចំណី។ អ្នកខ្លះ ដែលប្រមូលអាចម៍ប្រចៀវរាប់សិបឆ្នាំដោយរកចំណូលបានតិចជាង ១ ដុល្លារសម្រាប់អាចម៍ប្រចៀវមួយបាវ បាននិយាយថា ពួកគេមិនដែលមានបញ្ហាសុខភាពទេ។

លោក ពិគុល ទឹកកេត មន្រ្តីសុខាភិបាលខេត្ត បាននិយាយថា “អាចម៍ប្រចៀវអាចផ្ទុកជំងឺផ្សេងៗ។ ទោះយ៉ាងណា យើងបានសម្អាតរូងរាល់សប្តាហ៍ ដូច្នេះរូងរបស់យើងត្រូវបានចាត់ទុកថាស្អាតហើយ”។

ការប្រមូលអាចម៍ប្រចៀវបានចាប់ផ្តើមជាច្រើនជំនាន់មកហើយ នៅពេលព្រះចៅអធិការវត្តនៅទីនោះបានស្នើសុំឱ្យអ្នកភូមិជួយសម្អាតរូងភ្នំ៕ ដោយ៖ កញ្ញាដាលីស

អ្នកភូមិថៃមិនបារម្ភរឿងអ្នកវិទ្យាសាស្ត្រអះអាងថាវីរុសកូរ៉ូណាអាចមានដើមកំណើតចេញពីប្រចៀវ