អ្នកផលិតអំបិលកំពុងព្រួយបារម្ភ​អំពីទីផ្សារ ខណៈសហគមន៍អាច​នឹងត្រូវរំលាយ

299
ចែករម្លែក
  • 3.4K
    Shares

ដោយៈបូកគោ,ច្រាយ ចំណាន/ភ្នំពេញៈ រដូវកាលផលិតអំបិលសម្រាប់ឆ្នាំ២០១៩ បានដំណើរការ ជាធម្មតា ហើយដោយសារអាកាសធាតុ អំណោយផល ប៉ុន្តែអ្នកផលិត​កំពុងព្រួយបារម្ ភអំពីទីផ្សារ ព្រោះសហគមន៍ អ្នកផលិតអំបិលកំពត កែប អាចនឹងត្រូវ​រំលាយ ស្របពេលដែលអំបិលនាំចូលពីប្រទេសក្រៅមានតម្លៃថោកជាង។

លោកងួន ចាន់សុជាតា ម្ចាស់ការដ្ឋានផលិតអំបិលបឹងរូង១ មានទីតាំងស្ថិតក្នុងភូមិ​ជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពតបានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ថា ឆ្នាំនេះ អាកាសធាតុ អំណោយផល ហើយការផលិតអំបិល​ មាន ភាពល្អប្រសើរ។ លោកតាំងចិត្តថា នឹងផលិតអំបិល ឲ្យបាន ៤០០ តោន។

ម្ចាស់​ការដ្ឋាន ដដែល បានបន្តថា ការផលិតអំបិល ធ្វើឡើងតាមបែបធម្មជាតិ មានភាព លំបាកបំផុត ម្យ៉ាងខ្វះកម្លាំងពលកម្មថែមទៀតផង។  បច្ចុប្បន្ន ការងាររៀបចំថ្នាល បណ្តុះ​អំបិល​ លោកបានប្តូរពីការប្រើកម្លាំងកម្មករ មកជាគោយន្តវិញ។

លោក ងួន ចាន់សុជាតា ​បាន​បន្តទៀតថា រូបលោក ក៏ដូចជា អ្នកផលិតអំបិលដទៃ ទៀត កំពុងព្រួយបារម្ភ អំ​ពីតម្លៃ​ទីផ្សារអំបិល ព្រោះបច្ចុប្បន្ន សហគមន៍អ្នកផលិត អំបិលកំពត កែបត្រូវបានរំលាយ ហើយអំបិលដែលនាំចូលពី ប្រទេសចិន មានតម្លៃប្រហាក់ប្រហែល អំបិលរបស់កម្ពុជា ធ្វើឲ្យការប្រកួតប្រជែងទីផ្សារ ជួបក្តីលំបាក ។ ដូច្នេះ សូមឲ្យមន្ត្រីជំនាញតាមច្រក​ព្រំដែន​​រឹតបន្តឹងពន្ធនៃការនាំអំបិល ចូលទាំងនោះ។

​ពាក់ព័ន្ធករណីរំលាយសហគមន៍ លោកប៊ុន បារាំង សហនាយកប្រតិបត្តិអ្នក​ផលិត​អំបិលកំពត កែប បានបញ្ជាក់ថាសហគមន៍មិនទាន់រំលាយនៅឡើយទេ រង់ចាំទៅ​មុខ​បន្តិចសិនព្រោះពេលនេះសហគមន៍កំពុងព្យាយាមសម្របសម្រួលជាមួយគ្នាឡើងវិញ។ កន្លងមកក្រុមប្រឹក្សាអភិបាលបានដាក់ពាក្យស្នើរំលាយដែរ។ ប៉ុន្តែក្នុងនាមគណៈ​នាយកប្រតិបត្តិលោកសុំរង់ចាំបន្តិចសិនហើយប្រឹងប្រែងកៀរគរសមាជិកឱ្យចូលរួមសម្រាប់អាណត្តិថ្មី។

មកដល់ពេលនេះទើបតែមានសមាជិកប្រមាណ៧០ភាគរយប៉ុណ្ណោះមកផិ្តតមេដៃចូលរួមបន្តក្នុងចំណោម២០០ក្រុមផលិតនៃអាណត្តិចាស់។ បើ៣០ភាគរយទៀតមិនចូល សហគមន៍នឹងត្រូវរំលាយហើយ និយាយរួមក្នុងករណីចាប់ពីពីរ ឬបីក្រុមស្ថិតនៅ​ខាង​ក្រៅនោះមិនអាចដំណើរការបានទេ។ លោកសហនាយប្រតិបត្តិបានបន្តថាកន្លងមកមានការដ្ឋានមួយកន្លែងមិនបានចូលជាសមាជិកទើបធ្វើឱ្យអ្នកខ្លះចង់ធ្វើដូចគេដែរដោយយល់ថាចង់លក់អំបិលពេលណា ឬតម្លៃប៉ុន្មានស្រេចតែចិត្តប៉ុន្តែពួកគាត់ភ្លេចគិតថាគ្រប់សមាជិកទាំងអស់សុទ្ធតែបានយកលុយពីសហគមន៍ទៅប្រើប្រាស់មុន។ ជាធម្មតាក្នុងសហគមន៍ដែល មានសមាជិក​រហូតដល់២០០ក្រុមនោះ ការលក់ចេញផលិតផលត្រូវធ្វើលើគោលការណ៍សមាមាត្រ ពោលគឺបើបញ្ចេញលក់ប្រាំភាគរយត្រូវធ្វើស្មើៗគ្នា។ ម្ល៉ោះហើយទម្រាំដល់ជុំគឺមាន​រយៈពេលយូរដែលនេះជាបញ្ហាសម្រាប់ពួកគាត់។

លោកប៊ុន បារាំងបានសម្តែងក្តីព្រួយបារម្ភថាក្នុងករណីមិនមានការគ្រប់គ្រងដោយ​សហគមន៍នោះការលក់អំបិលចេញពិតជាប្រជែងគ្នាដែលងាយប្រឈមនឹងការធ្លាក់ថ្លៃ ហើយឈានទៅខាតតម្លៃដើម។ ដំណាកាលនោះអាចនឹងមានការលក់ដីដែល​ជាសិទ្ធិ​របស់ពួកគាត់ ឬក៏ទុកស្រែឱ្យនៅទំនេរទោះបីច្បាប់បានចែងហើយថា​អ្នកទិញបន្តមិន​អាចកែប្រែជាប្រភេទដីផ្សេងពីការផលិតអំបិលក៏ដោយ។

​ម្ចាស់ការដ្ឋានមួយកន្លែងស្ថិតនៅឃុំជុំក្រៀលក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថាតាមការបញ្ចេញព័ត៌មានពីសមាជិកក្រុមប្រឹក្សាភិបាលថាសហគមន៍នឹងរំលាយនៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ហើយជាក់ស្តែង ពេលនេះនៅគ្រឹះស្ថាន​សហគមន៍​មិនមានបើកដំណើរការការងារជាប្រក្រតីនោះទេ។ លោកជាសមាជិកម្នាក់ដែលមិន​បាន​ទៅផ្តិតមេដៃដើម្បីស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍បន្ត។ ការសម្រេច ចិត្តបែបនេះព្រោះថាបើដាក់ខ្លួនឱ្យសហគមន៍បង្គាប់បញ្ជាទៀតនឹងជួបភាពលំបាកមិនអាចរើខ្លួនរួចឡើយ។ ពិសេសអ្នកដែលតស៊ូលែងបានគេនឹងលក់ដីស្រែ ដោយដើរ​ចេញ​ទៅរកមុខរបរផ្សេងវិញ ដូចករណីម្ចាស់ការដ្ឋានមួយចំនួនដែលគេធ្លាប់បានធ្វើ ហើយស្រែអំបិលទាំងនោះត្រូវអ្នកទីពីរមិនអើពើមកធ្វើអ្វីទាំងអស់។

ឧកញ៉ាហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត  តាកែវ កែបបានមាន​ប្រសាសន៍ថាទីផ្សារអំបិលកម្ពុជាគឺជារឿងសំខាន់សម្រាប់សភាពាណិជ្ជកម្មក្នុងការជួយជ្រោមជ្រែង ព្រមទាំងស្វែងរកដំណោះស្រាយឲ្យបានកាន់តែល្អប្រសើរ ព្រោះអំបិល​កម្ពុជាមានសារធាតុចិញ្ចឹម និងគុណភាពល្អជួយដល់សុខភាពអ្នកទទួលទាន ។ លោក​ប្រធានបានបន្តថាកន្លងមក សភាពាណិជ្ជកម្មមិនហ៊ានលូកដៃចូលក្នុងកិច្ចការទីផ្សារ​អំបិលទេដោយសារមានសហគមន៍អ្នកផលិតអំបិលទទួលខុសត្រូវអំពីរឿងនេះ។ ប៉ុន្តែ​បច្ចុប្បន្នក្រោយពេលសហគមន៍ត្រូវបានរំលាយ សភាពាណិជ្ជកម្មនឹងខិតខំធ្វើយ៉ាង​ណា​ដើម្បីឲ្យតម្លៃអំបិលកម្ពុជា មានភាពល្អប្រសើរជាងមុន។ លោកហាក់ សុវណ្ណាបាន​អំពាវនាវថាម្ចាស់ការដ្ឋានទាំងអស់ត្រូវប្រឹងប្រែងផលិតអំបិល និងមានទំនុកចិត្តលើ​ថ្នាក់​​ដឹកនាំខេត្តអំពីទីផ្សារ ក៏ដូចជាស្វែងរកដៃគូ អ្នកមានបច្ចេកទេសដើម្បីផលិតអំបិល​ឲ្យកាន់តែទទួលបានទិន្នផលច្រើន និងមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ការ​ប្រើ​ប្រាស់​​អំបិលតាមតម្រូវការនៅទូទាំងប្រទេស។

សូមបញ្ជាក់ថាការផ្គត់ផ្គង់អំបិលទូទាំងប្រទេសក្នុងមួយឆ្នាំៗមានបរិមាណប្រហែល១០ម៉ឺនតោន។ បើករណីអាកាសធាតុអំណោយផល ការផលិតអំបិលស្ថិតក្រោមដែន​គ្រប់គ្រងរបស់សហគមន៍អ្នកផលិតអំបិលកំពត កែបអាចធ្វើបានពី១៥ម៉ឺនតោន ទៅ​១៦ម៉ឺនតោនក្នុងមួយរដូវកាល៕SRN