អ្នកភូមិ​ឃ្លៃ ស្រុក​ជុំ​គិរី អភិរក្ស​កេរដំណែល​ខ្មែរ ផ្នែក​តម្បាញ​ក្រមា​

741

(​កំ​ពត)៖ ក្រៅពី​ការងារ​ធ្វើស្រែ កសិករ​ជាច្រើន​គ្រួសារ​ក្នុងភូមិ​ឃ្លៃ ឃុំ​ជម្ពូរ​វន្ត ស្រុក​ជុំ​គិរី ខេត្តកំពត បាន​ប្រកប​របរ​បន្ទាប់បន្សំ ផ្នែក​តម្បាញ​ក្រមា​។ ថ្វី​ដ្បិត​ចំណូល​ពី​អាជីវ​កម្មនេះ បាន​តិចតួច​ក្តី ប៉ុន្តែ​អត្ថន័យ សំខាន់​របស់​ប្រជាកសិករ​ក្នុងភូមិ​នេះ​គឺ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ អភិរក្ស​នូវ​កេរដំណែល​វប្បធម៌​ខ្មែរ ដែល​កើតមាន​តាំងពី​បរម​បុរាណកាល មក​នោះ​។​

​ក្នុង​វ័យ​៧៣​ឆ្នាំ ស្ត្រី​ឈ្មោះ​គង់ យ៉ូ បាន​រៀបរាប់ថា គាត់​មានកំណើត​កើតជា​ក្នុងភូមិ​ស្រុក​នេះ និង​ចេះ​ត្បាញ​តាំងពី​អាយុ​១៣​ឆ្នាំ ខណៈពេល​ដើរ​ឃ្វាលគោ​ផង ឆ្លៀត​ចូលរៀន​ក្នុងផ្ទះ​ម្តាយមីង​ផង​។ រហូតមកដល់​សព្វថ្ងៃ នៅតែ​ដកខ្លួន​មិន​រួច សូម្បី​ក្នុងសម័យ​ប៉ុលពត ក៏​ឱ្យ​សហការ​ដែរ​។ ការងារ​តម្បាញ​សព្វថ្ងៃ​ងាយស្រួល និង​ចំណេញ​ពេល តែ​ពាក់ព័ន្ធ​សំខាន់​លើ​ដើមទុន​។

​ស្ត្រី​ដដែល បាន​រំលឹកថាពីមុនទម្រាំ​បានជា​សូត្រ ឬ​អំបោះ​ដាក់​ដល់​ក្តារកី​ត្រូវ​រវល់​តាំងពី​ការចិញ្ចឹម​ដង្កូវនាង ឬ​បូត​កប្បាស ជ្រលក់​ពណ៌ សិត ឱ្យ​ស្អាត​។ បច្ចុប្បន្ន ទោះបី​មិនមាន​សរសៃសូត្រ​ក្តី តែ​អំបោះ​គេ​មាន​លក់​គ្រប់​ពណ៌​ស្រាប់ និង​ស្វិត​មិន​ងាយ​ដាច់​ទេ​។ សព្វថ្ងៃ ពេល​ត្រូ​ការអំបោះ កូនចៅ​គាត់​ឡើងទៅ​ទិញ​នៅ​ភ្នំពេញ​ផ្ទាល់ គឺ​ក្នុង​មួយ​គីឡូក្រាម តម្លៃ​ពីរម៉ឺន​រៀលហើយ​មួយ​គីឡូក្រាម​ត្បាញ បាន​ក្រមា​ចំនួន​ប្រាំ ។ យូរៗ ទើប​ឡើងទៅ​ទិញ​ម្តង ព្រោះ​កម្លាំង​ចាស់ ដូច​គាត់​បើ​ប្រឹង​មិន​ឈប់​ទេ ក្នុង​មួយថ្ងៃ ត្បាញ​បាន​ក្រមា​មួយ​។

​ស្ត្រី​គង់ យ៉ូ បាន​ប្រាប់​ឱ្យដឹងថា និយាយ​ពី​ប្រាក់ចំណេញ​វិញ តិចតួច​ណាស់ គឺ​ក្រមា​មួយ​តម្លៃ​ប្រាំបី​ពាន់​រៀល អាច​ចំណេញ​បាន​បួន​ទៅ​ប្រាំ​ពាន់​រៀល​ប៉ុណ្ណោះ​។ ខ្លួន​ចាស់​ហើយ ទៅណា​ក៏​មិន​រួច ចេះតែធ្វើៗ​ទៅ​។

​ស្ត្រី​ចំណាស់​រូបនេះ បាន​បញ្ជាក់ថា កូនចៅ​របស់គាត់ សុទ្ធតែ​ចេះ​ត្បាញ និង​ស្រឡាញ់​ចូលចិត្ត​ការងារ​នេះ​គ្រប់គ្នា​។ ដូច្នេះ បើ​មាន​ដើមទុន​ច្រើន គាត់​នឹង​ទិញ​ឧបករណ៍ សម្ភារៈ​ឱ្យបាន​ច្រើនជាង​សព្វថ្ងៃ និង​ដំឡើង​កី​បន្ថែម​។​

​លោក​មូល អៀ​ប អនុប្រធាន​ភូមិ​ឃ្លៃ បាន​រៀបរាប់ថា ក្នុងភូមិ​របស់​លោកមា​ន​ប្រជាពលរដ្ឋ ជិត​ពីរ​រយ​គ្រួសារ​។ ប៉ុន្តែ​អ្នក​ត្បាញ​មាន​ប្រាំមួយ​គ្រួសារ​ប៉ុណ្ណោះ ហើយ​ប្រហែលជា​នៅ​ភូមិ​ឃុំ​ផ្សេងៗ ក្នុងស្រុក​ជុំ​គិរី​ទាំងមូល​មិនមាន​អ្នក​ប្រកបមុខរបរ​នេះ ក៏​ថា​បានដែរ ព្រោះ​តាម​ដឹង​ប្រាក់ចំណូល​ស្តួចស្តើង និង​មិនសូវមាន​អ្នកទិញ​ផលិតផល​នោះ​ទៀតផង​។

​លោក​អនុ​ប្រធានភូមិ បាន​បញ្ជាក់ថា ពេលខ្លះបន្ទាប់ពី​ត្បាញ បាន​៣០​ទៅ​៤០​ក្រមា ហើយ​យកទៅលក់​ពេញ​មួយ​ស្រុក ដាច់​មិន​អស់​ក្រមា​ដប់​ផង​។

​លោក​មូល អៀ​ប បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ភូមិឋាន មេត្តាជួយ​ទិញ​ផលិតផល​ក្នុងស្រុក ដោយ​កាត់បន្ថយ​ការនិយម​ចូលចិត្ត​ទំនិញ​នាំចូល​មកពី​ខាងក្រៅ ព្រោះ​ក្រមា​ដែល​អ្នកភូមិ​របស់លោក ធ្វើបាន ក៏មាន​គុណភាព​មិន​ចាញ់​របស់គេ​ដែរ​។​

​លោក​ទុំ សាវុធ ប្រធានការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ស្រុក​ជុំ​គិរី​បាន​បញ្ជាក់ថា លោក​តែង​ចុះ​មើល​សកម្មភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ប្រកបមុខរបរ​តម្បា​ញ ក្នុងភូមិ​ឃ្លៃ​ជា​ញឹកញយ និង​មាន​ក្តី​មោទនៈ​បំផុត ដែល​ពួកគាត់​អភិរក្ស​ជាប់លាប់​នូវ​កេរដំណែល​ខ្មែរ ទោះបីជា​ឧបករណ៍​ខ្លះ ត្រូវបាន​កែច្នៃ ខុសពី​ទម្រង់​ដើម​ក៏ដោយ​។ ក្នុង​បំណង​ចង់ឱ្យ​សម្បត្តិ​វប្បធម៌​ជាតិ​មួយផ្នែក​នេះ ស្ថិតនៅ​គង់វង្ស​បានយូរ​អង្វែង លោក​ប្រធានការិយាល័យ​វប្បធម៌ បាន​អំពាវនាវ​ចំពោះ​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា​សប្បុរសជន អង្គការ​ដៃគូ​នានា មេត្តាជួយ​ទាំង​ចំណេះដឹង ទាំង​ធនធាន សម្រាប់​មុខរបរ ដែល​ប្រជាពលរដ្ឋ ភាគច្រើន​បាន​បោះបង់​នោះ​។

​លោក​សាវុធ បញ្ជាក់ថា ឧបករណ៍​តម្បាញ ត្រូវមាន​ក្បាច់ក្បូរ មាន​ពណ៌ និង​រចនាបទ​ត្រឹមត្រូវ ដែល​បញ្ជាក់បាន​ថា ជា​កេរដំណែល​វប្បធម៌​ខ្មែរ​។ ដោយឡែក សម្ភារៈ​មួយចំនួន សម្រាប់​បងប្អូន​អ្នកភូមិ​ឃ្លៃ កំពុងតែ​ប្រើប្រាស់​សព្វថ្ងៃ​មានការ​កែច្នៃ ដែល​អាច​យល់បាន​ថា មកពី​ដើមទុន មិន​គ្រប់គ្រាន់ ទើប​តម្រូវឱ្យ​ពួកគាត់​ធ្វើជា​បណ្តោះអាសន្ន ត្រឹម​បាន​ដំណើរការ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត សូម អ៊ំៗ​ចាស់ៗ ដែលមាន​ចំណេះ​ជំនាញ​ផ្នែក​តម្បាញ មេត្តា​កុំ​បោះបង់ ហើយ​ផ្ទេរ​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ ដើម្បី​អភិរក្ស​ឱ្យ​គង់វង្ស​យូរអង្វែង​៕

ដោយ​៖ បូកគោ​