ដោយ:អង្គរតូច/សៀមរាបៈក្រុមអ្នកភូមិនៃឃុំត្រពាំងធំស្រុកប្រាសាទបាគងបានសម្រេចបិទផ្លូវជាថ្មី ក្រោយចុះកិច្ចសន្យារយៈពេល៦ខែប្តូរទីតាំងចាក់សំរាមតែគ្មានការអនុវត្ត។ នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨នេះក្រុមអ្នកភូមិបានប្រមូលគ្នាមកកាន់ច្រកចូលទីតាំងចាក់សំរាមដែកស្ថិតនៅជាប់របងប៉ុស្តិ៍នគរបានត្រពាំងធំ។ ក្នុងនោះពួកគាត់បានយកឈើបង្គោលក្រាក់ទៅបោះចំកណ្តាលផ្លូវហើយសរសេរថា ឡានសំរាមហាមចូល។
ក្រុមអ្នកភូមិបានលើកឡើងថា អស់រយៈពេលជាង១១ឆ្នាំមកហើយ ដែលពួកគាត់ប្រមាណជា៥ភូមិ ក្នុងឃុំត្រពាំងធំ នៃស្រុកប្រសាទបាគង រស់រងការស្រង់ចំហាយក្លិនស្អុយ ពីសំណាក់រណ្តៅសំរាម របស់ក្រុមហ៊ុនហ្កាអ៊ីយា(Gaea)។ ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ មនុស្សប្រុសស្រី កុមារតូចធំទទួលរងផ្ទុកដោយជំងឺផ្លូវដង្ហើម។ ដែលជំងឺនេះពេលទៅដល់ពេទ្យ ហើយក្រុមគ្រូពេទ្យដឹងថា អ្នកជម្ងឺមកពីឃុំត្រពាំងធំគឺតម្រូវអោយដាក់បន្ទប់ផ្សេងព្រោះកើតចេញពីសំរាម។
ក្នុងវ័យ៥២ឆ្នាំលោកឡឹង ម៉ុន ពលរដ្ឋក្នុងភូមិអន្លង់២ បញ្ជាក់ថា ដោយសារក្លិនស្អុយច្រើនឆ្នាំ ពួកគាត់បានបិទផ្លូវម្តងហើយកាលីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៨ ដើម្បីសុំឱ្យមានការប្តូរទីតាំងចាក់សំរាម។ ក្នុងពេលនោះ អភិបាលរងខេត្តសៀមរាបលោកទៀ សីហា រួមទាំងតំណាងក្រុមហ៊ុនសំរាម បានព្រមព្រៀង ធ្វើកិច្ចសន្យាសុំពពេល៦ខែ ដើម្បីប្តូរទីតាំងចាក់សំរាម។
ប៉ុន្តែការរង់ចាំរយៈពេលជាង៦ខែមកហើយ ទីតាំងមិនមានការផ្លាស់ប្តូរ ។ឯឡាននៅបន្តដឹកមកចាក់ជាប្រចាំ ទើបពួកគាត់សម្រេចបិទផ្លូវជាថ្មី ដើម្បីសុំរកដំណោះស្រាយ។ក្នុងខណ:ដែលឡានដឹកសំរាមមកចាក់ ហើយចូលមិនរួចបង្ខំចិត្តចតលើចិញ្ចើមផ្លូវជាតិ គេឃើញលោកសូរ ប្លាតុង អភិបាលក្រុងសៀម រាប។
លោក ម៉ក់ សំភា អភិបាលស្រុកប្រាសាទបាគង។ លោក នួន មុន្នី ប្រធានមន្ទីរបរិស្ថានខេត្ត រួមទាំងលោកវរសេនីយ៍ឯក មិនចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង និងលោកសយ សីហា មេឃុំត្រពាំងធំបានហៅក្រុមអ្នកភូមិប្រជុំដើម្បីចរចារគ្នារកដំណោះស្រាយ។
ឆ្លងកាត់ការប្រជុំជាច្រើនម៉ោងដែលមិនមានវត្តមានតំណាងក្រុមហ៊ុន(Gaea)ចូលរួមផងនោះអាជ្ញាធរដែលចូមរួមដោះស្រាយបានព្យាយាមសុំពន្យាពេលក្នុងការដោះស្រាយប្តូរទីតាំងចាក់សំរាម។ប៉ុន្តែក្រុមអ្នកភូមិនៅតែប្រកាន់ជំហ៊រមិនទទួលនោះឡើយ ដោយបញ្ជាក់ថា ឡានសំរាមទាំងឡាយដែលមកដល់ទីនេះ ត្រូវតែចតលើចិញ្ចើមផ្លូវរហូតទៅ បើគ្មានកន្លែងចាក់។
ត្បិតទីតាំងដែលផុតកំណត់កិច្ចសន្យានេះ គឺមិនអនុញ្ញាតិអោយចូលចាក់ទៀតឡើយ។ ប្រសិនបើជំហ៊រក្រុមអ្នកភូមិ នៅតែមិនទទួលយក ការពន្យាពេលរបស់អាជ្ញាធរ ហើយរារាំងឡានមិនអោយចូលចាក់សំរាម ក្រុងទេសចរណ៍មួយនេះ គំនរសំរាមអាចក្លាយជាកូនភ្នំម្តងទៀត ដូចកាលពី៦ខែមុនជាក់ជាមិនខាន៕S/