អ្នកភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ចូលរួម​ដាំ​កូនឈើ​ចំនួន​១០០០​ដើម ដើម្បី​ជំរុញ​បង្កើន​ទេសភាព​បៃតង​នៅក្នុង​ភូមិ​ស្រុក

251
ចែករម្លែក

​​ដោយ:​បាយ័ន​/​សៀមរាប ៖ ​បន្ទាប់ពី​មាន​យុទ្ធនា​ការដាំ​កូនឈើ​ឡើងវិញ​នៅក្នុង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គ មាន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួមទាំង​ព្រះសង្ឃ និង​វិស័យ​ឯកជន​បានបង្ហាញ​ស្មារតី​ចូលរួម​យ៉ាងច្រើន​កុះករ​ដើម្បី​បំផុសគំនិត​និង​ដាស់តឿន​ស្មារតី​មហាជន​ឲ្យ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​។ ជាពិសេសផ្សព្វផ្សាយ​ទស្សនៈ​ចូលរួម​ធ្វើ និង​ចូលរួម​ទទួលខុសត្រូវ​ទាំងអស់គ្នា ក្នុង​សកម្មភាព​ទប់ស្កាត់ និង​ការកាប់បំផ្លាញ​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ពិធី​ដាំ​កូនឈើ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​នេះ​។​

ជាក់ស្តែង ដោយមាន​កិច្ចសហការ​ជិតស្និត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ព្រះ​សទ្ធម្ម​ប្ប​កាស​នី បណ្ឌិត តាត មហា​ទី ដែលជា​ព្រះចៅអធិកា​វត្ត​ព្រះឥន្ទ​កោសា ព្រះអង្គ​បាន​ដឹកនាំ កៀងគរ និង​បណ្តុះ​គំនិត​ពុទ្ធ​បរិ​ស័​ទ្ធ​គ្រប់​ស្រទាប់វណ្ណៈ​ឲ្យ​មានការ​ចូលរួម ស្រលាញ់ ថែរក្សា និង​ការដាំ​កូនឈើ​ឡើងវិញ​យ៉ាង​ផុលផុស​បំផុត​។ ជាពិសេស​ទៅទៀត នៅពេល​ថ្មីៗ​នេះ ព្រះអង្គ​បាន​បិណ្ឌបាត កូនឈើ​ចំនួន១០០០ដើម គឺ​កូន​គគីរ កូន​ក្រញូង កូន​បេង និង​កូន​ធ្នង់ ពី​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យកទៅ​ដាំ​នៅ​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ក៏មាន​ការចាប់អារម្មណ៍ សប្បាយរីករាយ យ៉ាងខ្លាំង​ក្នុង​កិច្ចការ​ចូលរួម​ដាំ​កូនឈើ ហើយ​ពួកគាត់​មាន​លក្ខណៈ​ស្វាហាប់​ណាស់ អ្នកខ្លះ​ក៏​ត្រៀម​សម្ភារៈ​រួចជាស្រេច។ រីឯ​អ្នក​ខ្លះទៀត​ក៏មាន​ទាំង​ជី​មក​ដាក់​ទៀតផង​។ ទាំងនេះ​ស្តែង​ឲ្យ​ឃើញ​អំពី​ស្មារតី​ចូលរួម​ជា​វិជ្ជា​មាន ​ពី​សំណាក់​សហគមន៍​ក្នុងការ​ជំរុញ​ឲ្យ​មាន​ភាព​បៃតង​ទាំង​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក៏ដូចជានៅក្រៅ​រមណីយដ្ឋាន​អង្គ​រដែរ និង​ជាពិសេស​ក្លាយជា​សកម្មភាព​គំរូ​មួយ​សម្រាប់​សហគមន៍​ទូទៅ និង​សម្រាប់​ឲ្យ​អ្នកជំនាន់ក្រោយ​៕B/