អ្នកភូមិ​វាល​ទ្រា​ខាងត្បូង​ព្រួយបារម្ភ​ពី​ទឹក​លិច​ភូមិ​ខូច​ដំណាំ​ដាំ​ដុះ​និង​ស្រែប្រាំង

715

(​បាត់ដំបង​): ស្ថានភាព​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវជាតិ​លេខ​៥ ត្រង់​ម្ដុំ​ប្រឡាយ​លេខ​មួយ​ភូមិ​វាល​ទ្រា បាន​ថមថយ​ស្រក​ចុះបណ្ដើរៗ​វិញ​ហើយ​។​

​លោក រឿ រឿ​ត អនុ​ភូមិ​វាល​ទ្រា បាន​និយាយថា អ្នកភូមិ​វាល​ទ្រា​ត្បូង ព្រួយបារម្ភ​ពី​ទឹក​លិច​ភូមិ​ខូចខាត​ដំណាំ​ដាំ​ដុះ និង​ស្រែប្រាំង បន្ទាប់ពី​ជំនាញ​កាយ​ផ្ដាច់​ប្រឡាយ​រំដោះ​ទឹក​បំបែក​ចរន្តទឹក​ហូរ​បុក​ផ្លូវជាតិ​។ ប្រឡាយ​លេខ​មួយ​នេះ ពីមុន​ប្រឡាយ​តូច​ហើយ​លូរ​រំដោះ​ទឹក​កាត់​ថ្នល់ជាតិ​តូច​សមល្មម​ចរន្តទឹក​ហូរ​បាន ប៉ុន្តែ​ពេល​ថ្មីៗ​នេះ ខាង​ធនធាន​ទឹកបាន​ពង្រីក​ធ្វើ​ប្រឡាយ​ថ្មី មិន​សិក្សា​ពី​លូរ​រំដោះ​ទឹក​កាត់​ផ្លូវជាតិ​លេខ​៥​នេះ ហើយ​ពេល​មាន​ភ្លៀង​មាន​ទឹកធ្លាក់​ពី​ខាងលើៗ​មក​ហូរ​បុក​ចេញ​មិនទាន់​លិច​ល​ផ្លូវជាតិ​តែម្ដង​។​

អ្នកស្រី អៀង សាវឿន ក្រុមប្រឹក្សា​ភូមិ​វាល​ទ្រា បាន​រៀបរាប់​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ នៅ​កន្លែង​ប្រឡាយ​លេខ​មួយ​ភូមិ​វាល​ទ្រា​ថា អ្នកភូមិ​វាល​ទ្រា​ត្បូង​ទឹក​លិច​ភូមិ​ខូច​ដំណាំ​ដាំ​ដុះ និង​ស្រូវប្រាំង​ប្រមាណ​ជាង ៤០​ហិកតា​អស់ ក្រោយពី​ជំនាញ​កាយ​ផ្ដាច់​ប្រឡាយ​រំដោះ​ទឹកជំនន់​ហូរ​បុក​ផ្លូវជាតិ​លេខ​៥ ត្រង់​ប្រ​ឡា​លេខ​មួយ​នេះ​។​

​អ្នកស្រី​បាន​សុំ​អំពាវនាវ​ដល់​មន្ទី​ធនធានទឹក មេត្តា​បើកទ្វារ​ទឹក​នៅ​ខាងលើ​បង្វែរ​ចរន្តទឹក​ហូរ​តាម​ប្រឡាយ​លេខ​មួយ​នេះ ទៅខាង​លើ​ផង ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​បុក​មក​លិច​ភូមិ​វាល​ទ្រា​នេះ​។​

​ពាក់ព័ន្ធ​ករណី​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្លូវជាតិ​លេខ​៥ ត្រង់​ប្រឡាយ​លេខ​មួយ ស្ថិតក្នុង​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​នេះ លោក ស៊ន រុន នាយរង​ប៉ុស្តិ៍​ឃុំ​អូរ​តា​គី បាន​ប្រាប់ថា ករណីនេះ កម្លាំង​ប៉ុស្តិ៍​ឃុំ​អូរ​តា​គី និង​កម្លាំង​អធិការនគរបាល​ស្រុក​ថ្មគោល បាន​ចុះមក​ធ្វើការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​រហូត ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ​។​

​លោក ស៊ន រុន បាន​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះបណ្ដើៗ​ហើយ ព្រោះ​ជំនាញ និង​មន្ទី​សាធារណៈការ​បាន​កាយ​ផ្ដាច់​ប្រឡាយ​មុខទឹក ដើម្បី​រំដោះ​ទឹក​និង​សង្គ្រោះ​ផ្លូវជាតិ​លេខ​៥ ការពារ​ការធ្វើដំណើរ​ឆ្លងកាត់​ទាំង​រថយន្ត​តូចធំ​ម៉ូតូ​។​ល​៕L ដោយៈ អ៊ុង​សា​រុំ​