អ្នកភូមិ​ហ្វីលីពីន​ប្រមូល​សំរាម​ប្តូរ​យក​អង្ករ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ប្លា​ស្ទិ​ក​

280
ចែករម្លែក

​ភូមិ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​កាកសំណល់​ប្លា​ស្ទិ​កដោយ​ផ្តល់​អង្ករ​ដល់​អ្នកស្រុក​ជា​ថ្នូរ​នឹង​សំរាម​របស់​ពួកគេ​។​

​ប្រជាជន​នៅ​ភូមិ​បា​យា​ណាន​នៅក្រៅ​រដ្ឋធានី​ម៉ានីល អាច​ទទួលបាន​អង្ករ ១ គីឡូក្រាម​សម្រាប់​រាល់​កាកសំណល់​ប្លា​ស្ទិ​ក ២ គីឡូក្រាម ដែល​នឹងត្រូវ​ប្រគល់​ឱ្យទៅ​រដ្ឋាភិបាល​សម្រាប់​ការរំលាយចោល​ឱ្យបាន​ត្រឹមត្រូវ​ឬ​កែឆ្នៃ​ឡើងវិញ​។​

​ការសិក្សា​បង្ហាញថា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​បំពុល​សមុទ្រ​ជាមួយ​កាក​ប្លា​ស្ទិ​ក​លំដាប់​កំពូល​នៅលើ​ពិភពលោក ជាមួយ​ច្បាប់​ស្តីពី​កាកសំណល់​រឹង​ត្រូវបាន​អនុវត្ត​យ៉ាង​កម្សោយ​និង​គ្មាន​បទ​ប្បញ្ញត្តិ​ស្តីពី​ការផលិត​ផលិតផល​វេច​ខ្ចប់​នោះទេ​។​

​លោកស្រី​វើ​រ៉ូ​នី​កា ដូ​ឡូរី​កូ អាយុ ៤៩ ឆ្នាំ​ជា​អ្នកគាំទ្រ​កម្មវិធី​ប្តូរ​សំរាម​យក​អង្ករ​នេះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​ខ្ញុំ​ថ្លឹង​សំរាម​បាន ១៤ គីឡូក្រាម ដូច្នេះ​ខ្ញុំ​ទទួលបាន​អង្ករ​វិញ ៧ គីឡូក្រាម​។ នេះ​គឺជា​ការជួយ​ដ៏​ធំ​មួយ​សម្រាប់​ពួកយើង​ក្នុងការ​ទទួលបាន​អង្ករ​រាល់ថ្ងៃ​”​។

​លោកស្រី​បាន​បន្ថែមថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ជុំវិញ​យើង​ពិតជា​កខ្វក់​ណាស់​។ ប្រសិនបើ​ខ្ញុំ​អាចធ្វើ​បាន ខ្ញុំ​នឹង​រើស​សំរាម​ប្លា​ស្ទិ​ក​ទាំងអស់​នៅតាម​ផ្លូវ​ពេល​ខ្ញុំ​ដើរទៅ​ខាងក្រៅ​ម្តងៗ​”​។​

​អង្ករ​មួយ​គីឡូក្រាម​មានតម្លៃ​ប្រហែល ៣០-៤០ ប៉េ​សូ (០,៧០ ដុល្លារ​) ដែលជា​ការចំណាយ​ដ៏​ច្រើន​នៅក្នុង​ប្រទេស​ដែល​កំពុងមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ប៉ុន្តែ​មាន​អត្រា​ខ្ពស់​នៃ​ភាពក្រីក្រ​នៅតាម​ទីក្រុង​និង​ជនបទ​ដូចជា​ហ្វីលីពីន​។​

​ប្រជាជន​ហ្វីលីពីន​ចំនួន ១/៥ នៃ​ប្រជាជន​សរុប ១០៧ លាន​នាក់​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ជាមួយ​ការចំណាយ​ប្រចាំខែ​យ៉ាងតិច​ក៏​ជាង ២៤១ ដុល្លារ​ដែរ​សម្រាប់​មនុ​ស្សម្នាក់ៗ​។​

​ប្រធានភូមិ​លោក អាន់​ដ័​រ សាន់ ប៉េ​ត្រូ និយាយថា ភូមិ​បា​យ៉ាណា​ន​ប្រមូល​បាវ ដប និង​ថង់​ប្លា​ស្ទិ​កជាង ២១៣ គីឡូក្រាម​ក្នុង​ខែសីហា​កន្លងទៅ​។ លោក​បន្ថែមថា ការដោះដូរ​អាហារ​សម្រាប់​សំរាម​កំពុង​បង្ហាត់​ប្រជាជន​ពី​របៀប​បោះចោល​សំរាម​របស់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ​៕ ដោយ៖ កញ្ញាដាលីស

ភូមិ​បា​យ៉ាណា​ន​ប្រមូល​បាវ ដប និង​ថង់​ប្លា​ស្ទិ​កជាង ២១៣ គីឡូក្រាម​ក្នុង​ខែសីហា​កន្លងទៅ