អ្នករចនាម៉ូដតុក្កតាបាប៊ី ចេញមក ជាថ្មីនិងការច្នៃម៉ូដបុរាណសម្រាប់តុក្កតាប្រុស

254
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ដូចជាមហាជនបានជ្រាបមកថា សម្លៀកបំពាក់បុរាណខ្មែរយើងត្រូវបាន រចនា ម៉ូដយ៉ាងស្រស់ស្អាតបំពាក់ឱ្យមនុស្ស ក៏ប៉ុន្តែវានឹងគួរឱ្យចាប់អារម្មណ៍ បន្ថែម ទៀតប្រសិនបើលៀកបំពាក់ពាក់ទាំងនោះត្រូវបានពាក់នៅលើតុក្កតាប្រភេទកូនក្រមុំ និងកូនកំឡោះ។ ជាក់ស្ដែង អ្នករចនាម៉ូដសម្លៀកបំពាក់បុរាណគឺ លោក ជៀប ស៊ីបូរ៉ា បានវិលត្រឡប់មកវិញជាមួយការច្នៃម៉ូដម្ដងទៀត បន្ទាប់ពីចំណាយពេលសិក្សា និងធ្វើ ការងារនេះអស់រយៈពេល ៩ ឆ្នាំក​ន្លងមកហើយ។

លោក ជៀប ស៊ីបូរ៉ា បច្ចុប្បន្នមានវ័យ 26ឆ្នាំ ត្រូវបានមហាជនស្គាល់តាមរយៈ ស្នាដៃច្នៃម៉ូតសំលៀកបំពាក់ គ្រងលើតុក្កតាបាប៊ី និងធ្លាប់ចាប់ការប្រកួតតុក្កតាបាប៊ី តំណាងឱ្យរាជធានីខេត្តទាំង២៥របស់កម្ពុជា។ អ្នករចនាម៉ូដបុរាណវ័យក្មេងរូបនេះ មានស្រុកកំណើតនៅលើទឹកដីអង្គរធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរជា ច្រើន ចំពោះស្នាដៃច្នៃម៉ូដសំលៀកបំពាក់របស់លោក ដែលមើលទៅមានសោភ័ណ្ឌ ភាពស្រស់ស្អាត និងបង្ហាញពីវប្បធម៌របស់ខ្មែរ។ យ៉ាងណាមិញ ដើម្បីសម្រេចក្ដីសុបិន មួយនេះលោកបានចំណាយពេលផ្ទាល់ជាច្រើនឆ្នាំមកហើយ លើការច្នៃម៉ូត សំលៀក បំពាក់ទាំងនោះ។ តែនៅមិនទាន់សម្រេចទាំងស្រុងនោះទេ ព្រោះការច្នៃម៉ូដរបស់ លោកកន្លងមក ភាគច្រើនមានតែបំពាក់ឱ្យតុក្កតាបាប៊ីដែលជាភេទស្រី ហើយនៅមិន ទាន់ មានជាប្រភេទតុក្កតាប្រុសនៅឡើយ។

ទោះជាយ៉ាងក៏ដោយ ក្ដីស្រម៉ៃនៅមិនទាន់បោះបង់ឡើយ ខណៈដែលលោកធ្លាប់ចង់ ចាប់អាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់នេះនិងចង់ឱ្យសម្លៀកបំពាក់តំណាងកម្ពុជាមានភាព ល្បីល្បាញលើឆាកអន្តរជាតិដូចជាប្រទេសដទៃដែរនេះ បើមានការនឿយហត់ និងបាក់ទឹកចិត្តក្នុងការធ្វើបន្តជាច្រើនដងក៏ពិតមែន តែថ្មីនេះ លោក ជៀប ស៊ីបូរ៉ា បានវិលត្រឡប់មកវិញជាមួយស្នាដៃ ក្នុងរចនាម៉ូដសម្លៀកបំពាក់បុរាណឱ្យ តុក្កតា ប្រុស វិញម្ដង។ លោក ជៀប ស៊ីបូរ៉ា បានបញ្ជាក់ថា ការរចនាម៉ូដបុរាណឱ្យតុក្កតាប្រុស គឺកើតឡើងពីការស្រម៉ៃ និងបានដកស្រង់ចេញពីចម្លាក់ទេវរូប និងចម្លាក់ផ្សេងៗទៀត ដើម្បីឱ្យច្នៃទៅមិនខុសទម្រង់បុរាណខ្មែរយើង។ លោកប​ន្ដថា មានម៉ូដខ្លះ ត្រូវបាន លោក ច្របាច់បញ្ចូលគ្នាដើម្បីឱ្យមើលទៅប្លែកភ្នែក តែនៅរក្សាជាទម្រង់បុរាណដដែរ។

អ្នករចនាម៉ូដសម្លៀកបំពាក់បុរាណទាំងវ័យក្មេងរូបនេះ បានបញ្ជាក់ដែរថា លោក រចនា ម៉ូដសម្រាប់តុក្កតាប្រុសគឺដើម្បី​ចង់ឱ្យមហាជនគ្រប់គ្នាបានស្វែង​យល់​បន្ថែម​ទៀត​អំពី​សម្លៀក​បំពាក់បុរសរបស់ខ្មែរនាសម័យបុរាណដែលលោកជឿជាក់ថា វា​ជា​ចំណេះ​ដឹង​ល្អ​មួយ​ក្នុង​ការ​សិក្សា​ពី​វា​ និងបាន​បញ្ឈប់ការយល់ច្រឡំលើ​​ដើម​កំណើត​សម្លៀកបំពាក់​របស់ខ្មែរជាមួយនឹងបណ្តាប្រទេសជិតខាងដទៃទៀត។ លោកថា ការច្នៃ ម៉ូដនេះមិនមែនសម្រាប់ការប្រកួតអ្វីទាំងអស់ តែគឺដើម្បីការភិរក្ស និងថែរក្សាសម្លៀក បំពាក់បុរាណខ្មែរតែប៉ុណ្ណោះ។

ចង់ដឹងថា​ការរចនាម៉ូដសម្លៀកបំពាក់បុរាណសម្រាប់តុក្កតាប្រុសនេះប្លែកភ្នែក និងស្រស់ សង្ហាកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម៖